ពុល​នំ​បញ្ចុក​?​…មនុស្ស​ក្មេង​-ចាស់​-ប្រុស-​ស្រី​​​​៧២​នាក់ ចូល​សង្គ្រោះបន្ទាន់​​


ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​ចំនួន​៧២​នាក់ ​នៅក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​​ ក្នុង​នោះ​មាន​ទាំង​ក្មេង​មាន​ទាំង​ចាស់ បាន​កើត​មាន​អាកា​រៈ​ចុកពោះ ​រាក​​មួល និង​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដើម្បីធ្វើការ​សង្គ្រោះបន្ទាន់ ​។ ​ពួក​គាត់​ចា​ប់ផ្តើម​ចុក​មួល​​ក្នុង​ពោះ រាក​ខ្លាំង ​និង​ក្អួត​ខ្លាំង ​នៅ​ចន្លោះ​ម៉ោង​៩​និង​១០​យប់ថ្ងៃ​ទី​៤ មីនា ​​បន្ទាប់​ពី​ពួក​គាត់​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បុណ្យ​សព​​៧​ថ្ងៃមួយ​​​ក្នុងភូមិ​ថ្កោល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ហើយ​បាន​ហូប​នំ​បញ្ចុក​ ដែល​ម្ចាស់​ដើមបុណ្យ​ដាក់​ទទួលភ្ញៀវ​នោះ​ ។​

បើតាមការឱ្យដឹងពី​អ្នក​មីង យ៉ា​ន់ លួ​ន អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​ដើមបុណ្យ​ បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៤ ​មិ​នា (ថ្ងៃកើតហេតុ) គឺជា​ថ្ងៃ​គំរប់​៧​ថ្ងៃ​ដែល​ប្តី​គាត់​បាន​ស្លាប់ ហើយ​គាត់​បាន​រៀបចំ​ធ្វើបុណ្យ​និង​បាន​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​ចំនួន​៣០០​នាក់ និង​បាន​ទិញ​បន្លែ​ និង​នំ​បញ្ចុក​ចំនួន​១៥០​គីឡូ​មក​ទទួល​ភ្ញៀវ​​ផ ​។ គាត់​ថា មិនដឹង​មក​ពី​មូលហេតុ​អ្វី ទើប​ភ្ញៀវ​ដែល​មក​ចូលរួម​បុណ្យ​ប្រមាណ​ជា​២៥០​នាក់ ក្រោយ​​ទទួលទាន​នំ​បញ្ចុក​រួច ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ស្រាប់តែ​កើត​មាន​អាកា​រៈ​ពុល​​គ្រប់​ៗ​គ្នា សូ​ម្បី​​គាត់​ផ្ទាល់​និង​ក្រុម​គ្រួសារ​ក៏​ពុល​ទាំងអស់​គ្នា​ដែរ​ ។ គាត់​អះអាងទៀត​​ថា មូលហេតុ​នៃ​ការ​ពុល​នេះ គឺ​អាច​មិន​ទាក់ទង​​បន្លែ​ទេ ព្រោះ​ភ្ញៀវ​ខ្លះ​រួម​ទាំង​កូន​គាត់​ផង មិន​បាន​ហូប​បន្លែ​ទេ ​គឺ​ហូប​តែ​នំ​បញ្ចុកជាមួយ​ទឹក​សម្ល​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ពុល​ដូច​គ្នា ។

ដោយឡែក ​អ៊ំ​ស្រីប៉ា​ល់ សែ​ម អាយុ​៦៣​ឆ្នាំ ត្រូវជា​ម្តាយមីង​ម្ចាស់​ដើមបុណ្យក៏​បាន​អះអាង​ថា គាត់​បាន​យក​នំ​បញ្ចុក​ទៅ​ផ្ទះ​​នៅ​​ល្ងាច​ ហើយ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​នំ​បញ្ចុក​រលួយ​វ៉​ល់ ដូច​គេ​ដាក់​មេតា​ប៉ែ​កាច់ ដូច្នេះ​ហើយ ​គាត់​សន្និដ្ឋាន​ថា មុខសញ្ញា​ពុល ​គឺ​មក​ពី​នំ​បញ្ចុក​តែ​ម្តង ​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ទទួល​បាន​ព​័ត៌​មាន​ថា មាន​អ្នកស្រុក​ពុល​ចំណីអាហារ​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា លោក ហ៊​ន់ រឹទ្ធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ពេទ្យ​ខេត្ត​ស្រុក ​និង​ឃុំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​យក​ថ្នាំពេទ្យ​ព្រមទាំង​សម្ភារៈ​បរិក្ខា​ពេទ្យ​ជា​ច្រើន ចុះ​ទៅ​ជួយ​ព្យាបាល​ជូន​ជន​រង​គ្រោះ​ទាំងអស់​ផង​ដែរ​។


លោក ហ៊​ន់ រឹទ្ធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បានអោយ​កោះសន្តិភាព​ដឹង​ថា តាម​តួលេខ​ដែល​លោក​ទទួល​បាន​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥​ មីនា នេះ ជន​រង​គ្រោះ​​បាន​មក​ទទួល​​ការ​ព្យាបាល​ពី​ក្រុម​គ្រួ​ពេទ្យ​មាន​ចំនួន​សរុប​៧២​នាក់ ក្នុង​នោះ​ស្រី​៤០​នាក់ ដោយ​ចែក​ចេញ​ជា​៣​គោលដៅ​ គឺនៅ​មណ្ឌល​សុខភាព​រា​ធរ​ចំនួន​១០​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤​នាក់ និង​នៅផ្ទះ​បុណ្យ​ចំនួន​៥៨​នាក់ ក្រៅពី​នេះ ​លោក​មិនដឹង​ថា​មាន​អ្នក​ពុល​ប៉ុន្មាន​នាក់​ទៀត​នោះ​ទេ ព្រោះ​គេ​មិន​មក​ទទួល​សេវា​ព្យាបាល​របស់​រដ្ឋ​ ។ លោក ហ៊​ន់ រឹទ្ធ បាន​បញ្ជាក់​ថា គិត​មក​ទល់​​រសៀល​ថ្ងៃ​ទី​៥​ មីនា ជន​រង​គ្រោះ​ទាំងអស់​មាន​អាកា​រៈ​ធូរ​ស្រាល​ឡើង​វិញ​អស់ហើយ និង​មួយ​ចំនួន​ធំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​ដែរ ​។

ពាក់​ព​ន្ធ័​​មូលហេតុ​នៃ​ការ​ពុល​នេះ លោក ហ៊​ន់ រឹទ្ធ ​​ថា ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ គឺ​ត្រូវ​រង​ចាំ​យក​សំណក​សង្ស័យ ​ដែល​មាន​ទាំង​ទឹក​សម្ល​រ​ បន្លែ និង​នំ​បញ្ចុក​ ទៅ​ពិសោធ​ន៌​នៅ​ឡា​បូ​ឯ​រាជធានី​ភ្នំពេញ​សិន ទើប​ដឹង​ច្បាស់ ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ