រស់នៅជាមួយព្រះធម៌នឹងនាំជីវិតទៅរកសេចក្តីសុខ ស្ងប់អារម្មណ៍ តែបើជីវិតដែលមិនបានឆ្លងកាត់ការអប់រំតាមផ្លូវធម៌ទេ គឺជាជីវិតពោរពេញទៅដោយសេចក្តីទុក្ខ ពេញទៅដោយគ្រឿងកង្វល់ ។
តាមធម្មតាមនុស្សភាគច្រើនតែងខ្វល់នឹងរឿងដែលមិនទាន់កើតឡើង ខ្វល់នឹងរឿងដែលបានកើតឡើងហើយ ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងការជិះជាន់គេ ខ្វល់នឹងរឿងត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទុករបស់ទ្រព្យ ខ្វល់នឹងការស្វែងរកទ្រព្យ ខ្វល់នឹងការមិនពេញចិត្ត ខ្វល់នឹងការពេញចិត្តហើយបែរជាបាត់ទៅវិញ ខ្វល់នឹងការបោកប្រាស់ ខ្វល់នឹងការព្រាត់ប្រាស គឺខ្វល់រហូតខូចចិត្តសម្លាប់ខ្លួនដោយប្រការផ្សេងៗ ដោយសារមើលឃើញលោកនេះខ្មៅងងឹតពេក ។
កង្វល់ទាំងអស់នេះ បើយើងមិនបានរត់រកព្រះធម៌ជាទីពឹង ទីរលឹក ជាប្រទីបបំភ្លឺផ្លូវទេ គេនឹងអស់សង្ឃឹមព្រោះតែរឿងរ៉ាវក្នុងលោកនេះកើតឡើងមិនចេះចប់ មិនចេះហើយ ។
ផ្ទុយទៅវិញបើជីវិតមានធម៌ មានការអប់រំតាមផ្លូវធម៌ឱ្យបានយល់ច្បាស់ហើយ គឺជាជីវិតស្បើយទុក្ខកង្វល់ ព្រោះលោកនេះគឺវាត្រូវតែបែបនឹង។
ធម៌នាំឲ្យមនុស្សពេញចិត្តនឹងទង្វើរបស់ខ្លួន ចេះរស់ជាមួយនឹងការមាន និងការបាត់បង់ រៀនរស់ជាមួយរឿងរ៉ាវ កំណត់ដឹងនូវទុក្ខលំបាកផ្សេងៗ ធ្វើឲ្យបីតិកើតឡើង ត្រជាក់ក្សេមក្សាន្ត មិនក្រហល់ក្រហាយក្នុងចិត្ត ព្រោះសត្វលោកទាំងអស់ប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួនមិនមានសត្វណាមួយគេចរួច ចៀសផុតបានឡើយ ។
ចែករំលែកព័តមាននេះ