ព្រះដ៏មានព្រះភាគទ្រង់ហាមមិនឱ្យពុទ្ធបរិស័ទធ្វើជំនួញ៥ប្រការ ព្រោះជាហេតុនាំឱ្យមានទោសទណ្ឌដោយប្រការផ្សេងៗ ទាំងផ្លូវលោក និងក្នុងផ្លូវធម៌។ ជំនួញដែលគួរវៀរទាំងនោះមាន៖
១-សត្ថវណិជ្ជា ជួញគ្រឿងសស្ត្រាវុធសម្រាប់ប្រហារ ទោះជាគ្រឿងសស្ត្រាវុធនោះផលិតឡើងដោយខ្លួនឯងក្តី ឬអ្នកដទៃគេធ្វើឲ្យក្តី ឬក៏បានមកដោយហេតុឯណានីមួយក្តី ហើយលក់គ្រឿងសស្ត្រាវុធនោះ ។
២-សត្តវណិជ្ជា ជួញមនុស្ស គឺមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាខ្ញុំបម្រើរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។
៣-មំសវណិជ្ជា ជំនួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកគោក្របីជាដើម លុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។
៤-មជ្ជវណិជ្ជា ជួញទឹកស្រវឹង គ្រឿងញៀន ទោះជាគ្រឿងស្រវឹងនោះផលិតឡើងដោយខ្លួនឯងក្តី ឬទិញគេយកមកលក់ក្តី ព្រះពុទ្ធលោកហាមអាជីវកម្មបែបនេះ ។
៥-វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯងក្តី ឬឲ្យគេផ្សំឲ្យក្តី ឬក៏បានមកដោយហេតុឯណានីមួយក្តី គឺលោកហាមមិនឱ្យលក់នូវថ្នាំពិស ថ្នាំពុលនោះឡើយ ។
មុខរបរទាំង៥ប្រការនេះឧបាសក ឧបាសិកា មិនគប្បីជួញដូរឡើយ ព្រោះជាឧបាយមិនប្រសើរដល់គ្រួសារ និងជាហេតុនាំមកនូវអសន្តិសុខដល់សង្គមជាតិ ។
ចែករំលែកព័តមាននេះ