ខេត្តឧត្តរមានជ័យ ៖ អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ជាន់ទី៩ក្នុងកាស៊ីណូសាងាំរីសត បណ្តាលមនុស្សរងរបួសដួលសន្លប់ធ្ងន់ និងស្រាលចំនួន៥នាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៣ មីនា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកាស៊ីណូសាងាំរីសត នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ប្រភពពីបុគ្គលិកដែលបម្រើការងារនៅក្នុងសណ្ឋាគាកាស៊ីណូសាងាំរីសតបានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងបន្ទប់ជាន់ទី៩នោះកំពុងតែធ្វើការសាងសង និងបានដាក់សំភារៈដូចជាសាំងក្រអូប បេអិល តូអា សម្រាប់លាបគ្រឿងសង្ហារិមជាច្រើនធុង ហើយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងកើតមានជាអណ្តាតភ្លើងឆាបឆេះតែម្តង ធ្វើឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលកំពុងចូលលេងកម្សាន្តភ័យខ្លាចរត់ចែកជើងគ្នាព្រាត។

ទាក់ទិននឹងហេតុការណ៍កើតមានអគ្គីភ័យឆាបឆេះបន្ទប់ជាន់ទី៩ក្នុងសណ្ឋាគារខាងលើនេះ ប៉ូលិសស្រុកអន្លង់វែងបានឱ្យដឹងផងដែរថា លោក ហោ ជិនវរៈយុទ្ធ អភិបាលស្រុកអន្លង់វែងបានដឹកនាំកំលាំងចម្រុះ និងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចុះជួយធ្វើអន្តរាគមន៍ពន្លត់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូសាងាំរីសតចំនួនមួយគ្រឿងផងដែរបានបាញ់ពន្លត់បានទាន់ពេលផងដែរ។

ប៉ូលីសដដែលបានបញ្ចាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី៩ក្នុងកាស៊ីណូខាងលើនេះ បណ្តាលឱ្យបុគ្គលិកដែលបម្រើការងារក្នុងកាស៊ីណូចំនួន៥នាក់ដួលសន្លប់ជាបន្តបន្ទាប់ ព្រោះពុលនឹងផ្សែង ហើយត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប៉ុន្តែពុំមានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ ៕



ចែករំលែកព័តមាននេះ