ខេត្តកំពង់ស្ពឺ ៖ រថយន្តហ្វ័ររែនន័រមួយគ្រឿងពេលដែលម្ចាស់ឈប់បត់ជើងតូចនៅខាងស្តាំដៃស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពីក្រោយពេញមួយទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរទាំងសងខាងបានរងរបួសស្រាលត្រូវគេបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២-៣ ចំណុចភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តទាំង២គ្រឿងខាងលើ ក្នុងនោះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AL-៨៣៤០ បើកបរដោយឈ្មោះ អឿន អៀង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរងរបួសស្រាល ។
ចំណែករថយន្តមួយគ្រឿងម៉ាកហ្វ័ររែនន័រ ពណ៌ប្រផះ ពាក់ផ្លាកលេខ ភ្នំពេញ ២D-៦២២១ បើកបរដោយឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានរងរបួសស្រាល។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើហេតុ គេបានឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកហ្វ័ររែនន័រតែម្នាក់ឯង ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏ឈប់រថយន្តដើម្បីចុះបត់ជើងតូច ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងបានបុកជាមួយរថយន្តម៉ាកហ្វ័រែនន័រពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើករថយន្តទាំងសងខាងរងរបួសស្រាលទាំង២នាក់តែម្តង ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ។
ក្រោយកើតហេតុ រថយន្តដែលរងការខូចធ្ងន់ទាំង២គ្រឿងត្រូវបានសមត្ថកិចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំភាគីទាំង២សំរបសំរួលគ្នាដោយសន្តិវិធី ។
ដោយឡែកអ្នកបើកបររថយន្តម៉ាកហ្វ័ររែនន័របានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៧ កុម្ភៈ ថា មុនពេលកើតហេតុ បន្ទាប់ពីជួបពិភាក្សាការងារជាមួយមិត្តភក្តិនៅឧដុង្គរួចមក គាត់បានបើករថយន្តតែម្នាក់ឯងពីឧដុង្គដើម្បីត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុក៏ឈប់រថយន្តដើម្បីចុះបត់ជើងតូច ស្រាប់តែរថយន្តម៉ាកហាយឡែនឌ័របានបើកមកបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹងតែម្តង ។
ប្រភពដដែលបានបន្តថា ក្នុងនាមគាត់ជាជនរងគ្រោះសង្ឃឹមនិងជឿជាក់ថាសមត្ថកិច្ចនគរបាលស្រុកសំរោងទងនឹងធ្វើការប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវនិងមិនលំអៀងនោះឡើយ ៕
ចែករំលែកព័តមាននេះ