ខេត្តកំពង់ចាម ៖ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈពេលមេឆ្កែមួយក្បាលមិនដឹងចេញមកពីខាងណានោះទេ ដើរមកចូលភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ នៅយប់ថ្ងៃទី២៥ កុម្ភៈ ២០១៩ ហើយបានខាំឆ្កែនៅក្នុងភូមិថែមទៀត រួចរត់ចេញទៅទិសខាងជើងតាមបណ្តោយផ្លូវថ្នល់បាត់ លុះដល់ម៉ោងជិត៩ព្រឹក ថ្ងៃទី២៦ កុម្ភៈនេះ ឆ្កែមួយក្បាលនោះក៏ដើរតាមផ្លូវ មានហៀរទឹកមាត់ និងកន្ទុយធ្លាក់ចុះ ដោយសង្ស័យឆ្កែឆ្កួតក៏នាំគ្នាដេញវាយរហូតដល់ងាប់ និងយកទៅកប់ក្នុងដីដើម្បីការពារកុំឲ្យឆ្លង។

លោក ម៉ៃ ចាន់ធឿន អាយុ៤៨ឆ្នាំ នៅភូមិដូនធី ប្រាប់ឲ្យដឹងថា ឆ្កែមេមួយក្បាលដែលបង្កឲ្យមានការភ្ញា
ក់ផ្អើលខាងលើនោះ មិនដឹងមានប្រភពចេញមកពីណាទេ រត់មកចូលភូមិដេញខាំឆ្កែដូចគ្នា ហើយត្រូវប្រជាពលរដ្ឋនាំគ្នាដេញវាយមិនបាន រួចឆ្កែនោះរត់គេចចេញទៅទិសខាងជើងបាត់ ។ ម្នាក់ៗចេះតែនាំគ្នាតាមរកមើលតែមិនប្រទះសោះ រហូតដល់យប់ជ្រៅក៏នាំគ្នាដេកលង់លក់ទៅ ហើយមួយរយៈនេះនៅតាមបណ្តាញសង្គមបានបង្ហោះពីរឿងគ្រោះថ្នាក់សត្វឆ្កែ ឬឆ្មាខាំដែលបង្កគ្រោះថ្នាក់រហូតដល់ស្លាប់បាត់បង់អាយុជីវិត ទើបម្នាក់ៗក្នុងភូមិ ជាពិសេសក្មេងប្រុសស្រីបង្កើនការប្រុងប្រយ័ត្ន មិនឲ្យសត្វទាំង២ប្រភេទនេះខាំ ឬក្រញៅ ព្រោះខ្លាចមានបញ្ហាកើតឡើង។

លោកបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្កែមេមួយក្បាលដែលគាត់តាមរកនោះបានដើរតាមផ្លូវថ្នល់ចេញមកពីទិសខាងជើងមក ដោយមានហៀរទឹកមាត់កក្លាក់ និងធ្លាក់អណ្តាត ព្រមទាំងកន្ទុយធ្លាក់ចុះក្រោមទៀតសង្ស័យកើតរោគឆ្កួត ក៏អ្នកភូមិរបស់គាត់មានគ្នាក្រោម១០នាក់ក្នុងដៃមានព្រនង់វែងៗរត់ដេញវាយឆ្កែនោះ ទំរាំបានប្រើពេលមួយសន្ធុះ ទើបដេញវាយបាន។ ក្នុងនោះមានម្នាក់ដែលជាក្រុមដេញវាយ ត្រូវបានឆ្កែហក់វិះនឹងខាំត្រូវទៀតសំណាងចេះគេចទាន់ ។ មូលហេតុដែលនាំគ្នាដេញវាយឆ្កែឲ្យងាប់ដើម្បីការពារកុំឲ្យខាំក្មេងៗក្នុងភូមិរបស់គាត់ ក្រោយពីវាយវាងាប់ហើយនោះ ក៏បានយកទៅកប់ក្នុងដី មិនមានអ្នកណាហ៊ានហូបសត្វឆ្កែមួយក្បាលនេះទេ។

គួររំលឹកថា មានស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ នៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ក្នុងពេលដែលចេញទៅរកស៊ីលក់ដូរនៅខេត្តកំពង់ឆ្នាំង ត្រូវសត្វឆ្កែខាំចំដៃមិនមានរបួសធំដុំទេ ហើយក៏មិនចាប់អារម្មណ៍ទៅចាក់ថ្នាំការពារនោះទេ ។ ដោយទុកជាច្រើនថ្ងៃ រហូតដល់ជំងឺធ្វើទុកខ្លាំងដឹកយកទៅភ្នំពេញ សម្រាកនៅមន្ទីរពេទ្យមួយមិនធូរស្រាល ក៏ចេញមកមន្ទីរពេទ្យកាល់ម៉ែត មិនហ៊ានមើល ព្រោះមេរោគជ្រាបពេញខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងដឹកត្រឡប់មកផ្ទះវិញ លុះមកដល់ថ្ងៃទី១៩ កុម្ភៈ បានស្លាប់និងធ្វើបុណ្យតាមប្រពៃណីក្រោមសម្លេងយំទួញសោកស្តាយ គួរឲ្យអាលោះអាល័យបំផុត ។


ចែករំលែកព័តមាននេះ