រាជធានីភ្នំពេញ ៖ រហូតមកដល់ថ្ងៃទី២៥ កុម្ភៈ បឹងដ៏ធំដែលបូមបាចរីងទឹកទៅហើយ (ការបង្ក្រាបគ្រឿងញៀនក្នុងមណ្ឌលរ៉ក់) អ្នកដទៃនឹកស្មានថា អាចចាប់បានត្រីរ៉ស់ ត្រីឆ្ដោយក្សណាមួយមិនខាន ប៉ុន្តែផ្ទុយទៅវិញ ចាប់បានតែផ្ទក់ចង្វាតែប៉ុណ្ណោះ ។ តើម្ចាស់ថ្នាំញៀនតម្លៃរាប់លានដុល្លារ ស្ថិតនៅឋានណាទៅហ្ន៎ ? គ្មានវាចានឹងថ្លែងភ្លាមៗបានឡើយ គង់តែស្ងាត់ទៅហោង ។
នៅព្រឹកថ្ងៃដដែលនេះដែរ សមត្ថកិច្ចក៏បានសម្រេចចិត្ត ឱ្យម្ចាស់ម៉ូតូទៅយកម៉ូតូវិញ ដែលបានរក្សាទុកនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ប៉ុន្តែតម្រូវលក្ខខណ្ឌឱ្យមានកាតគ្រីសម្គាល់យានយន្ត និងអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ ទើបប្រគល់ឲ្យវិញ ។
គួរបញ្ជាក់ថា ក្រុមយុវជន-យុវនារីប្រមាណជាង៣០០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់(Rock) ត្រូវបានដោះលែងវិញជិតអស់ហើយ ទាំងអ្នកពាក់ព័ន្ធ និងមិនពាក់ព័ន្ធគ្រឿងញៀន ។ បើតាមមន្ត្រីគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ លោកស្នងការនគរបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យមនុស្សជាង២០០នាក់ បានត្រឡប់ទៅផ្ទះវិញហើយ ។
ការអនុញ្ញាតឱ្យយុវជនជាង២០០នាក់ទៅផ្ទះវិញនោះ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា មនុស្សជាង៣០០នាក់នោះគឺមាន២៣៧នាក់ ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន តាមរយៈពិនិត្យលើទឹកនោម និង៧០នាក់ ជាយុវជនមិនជាប់ពាក់ព័ន្ធគ្រឿងញៀនទេ តែត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ព្រោះត្រូវមិត្តភក្តិហៅឱ្យទៅចូលរួមកម្សាន្ត ។
សរុបមកដល់វេលាថ្ងៃត្រង់ថ្ងៃទី២៥ កុម្ភៈ គឺនៅសល់តែ៥៤នាក់ទេ ប៉ុន្តែមនុស្ស៥៤នាក់នោះ ក៏កំពុងសម្រិតសម្រាំងបន្ថែមទៀត ចម្រាញ់យកខ្លាញ់អាក្រក់ ប្រហែលជាអាចនៅសល់ជាង១០នាក់ប៉ុណ្ណោះ
អាចបញ្ជូនទៅតុលាការ ឲ្យទទួលខុសត្រូវចំពោះគ្រឿងញៀនប្រមាណ៥០គីឡូក្រាមនេះ ។
ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះ មន្ត្រីជំនាញបានបង្ហើបឲ្យដឹងថា ពាក់ព័ន្ធចំពោះម្ចាស់ទីតាំង ដែលមហាជនគ្រប់មជ្ឈដ្ឋានកំពុងតែចង់ដឹង ចង់ស្គាល់ឈ្មោះបំផុតនោះ សមត្ថកិច្ចយើងមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ សង្ស័យនៅលាក់បាំង ព្រោះអត់មានចម្លើយណាឆ្លើយដាក់បន្ទុក ។
ចែករំលែកព័តមាននេះ