ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ហេតុ​អ្វីត្រូវ​ក​សាង​ព្រះ​ពុទ្ធ​រូប​ដល់​ទៅ​៨៤.០០០​អង្គ​នៅ​វត្ត «ពុទ្ធ​គិរី​កម្ពុជា​»​?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ «​ពុទ្ធ​គិរី​កម្ពុជា​»​គឺ​ទី​ដាក់​តម្កល់​ព្រះ​ពុទ្ធរូប​៨,៤​ម៉ឺន​អង្គ​ឯណោះ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។ តាំង​​តែ​ពី​ពេល​ចាប់ផ្តើម​កសាង​ដំបូង រហូត​មក​ដល់​ពេល​នេះ​បាន​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ឡើងជា​លំដាប់​ទៅ​ទស្សនា ។ ពុទ្ធ​គិរី​កម្ពុជា​ស្ថិត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​…

ខេត្តតាកែវ ៖ «​ពុទ្ធ​គិរី​កម្ពុជា​»​គឺ​ទី​ដាក់​តម្កល់​ព្រះ​ពុទ្ធរូប​៨,៤​ម៉ឺន​អង្គ​ឯណោះ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។ តាំង​​តែ​ពី​ពេល​ចាប់ផ្តើម​កសាង​ដំបូង រហូត​មក​ដល់​ពេល​នេះ​បាន​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ឡើងជា​លំដាប់​ទៅ​ទស្សនា ។ ពុទ្ធ​គិរី​កម្ពុជា​ស្ថិត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

ព្រះ​ភិក្ខុ​បញ្ញា​សិរី​កែវ កក្កដា ចៅអធិការ​វត្ត​ពុទ្ធ​គី​រី​កម្ពុជា​មាន​សង្ឃដីកា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ការ​បង្កើត​វត្ត​ពុទ្ធ​គី​រី​កម្ពុជា​នេះ​ឡើង​មាន​បំណង​ចង់​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដើម្បី​ឱ្យ​មានការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ ពិសេស ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ដក់​ក្នុង​ចិត្ត​ថា តាំងពី​ដូនតា​មក​ប្រកាន់ខ្ជាប់​នូវ​ព្រះពុទ្ធ​សាសនា ឬ​ដើរ​តាម​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ ។

ត្រង់​ចំណុច​នេះ​អាត្មា​គ្រាន់តែ​ជា​កោសិកា​មួយ​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​បន្ថែម​ទៀត ដែល​បច្ចុប្បន្ន​យើង​មាន​ក្រសួង​ធម្មការ​និង​សាសនា ។ អ៊ីចឹង​អាត្មាភាព​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក ឬ​ក៏​ជួយ​ផ្សព្វ​ផ្សាយ​ព្រះពុទ្ធ​សាសនា »​។ ចំពោះ​ឈ្មោះ «​ពុទ្ធ​គិរី​កម្ពុជា​» ព្រះ​ចៅអធិការ​បញ្ជាក់​ឲ្យ​ដឹង​ន័យ​ថា​«​កន្លែង​ដែល​កកើត​នេះ​គឺ​កែប្រែ​ពី​ព្រៃ​ភ្នំ​ធម្មតា អម​ពោរពេញ​រុក្ខជាតិ​ក្លាយជា​រូប​ព្រះពុទ្ធ ក្លាយជា​ទៅ​ភ្នំ​ព្រះ​» ។

ហេតុ​អ្វី​បានជា​ត្រូវ​ក​សាងព្រះពុទ្ធរូប​ដល់​ទៅ​៨៤.០០០​អង្គ? ព្រះ​ចៅអធិការ​បញ្ជាក់​ថា​«៨៤.០០០​គឺជា​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រ័យ​បិដក​ទាំង​១១០​ព្រះ​គម្ពីរ មាន​ព្រះ​វិន័យ​,​ព្រះ​វិ​សូត្រ និង​ព្រះ​អភិ​ធ​ម​មាន​រហូត​ដល់​៨៤.០០០ ដែល​ប្រើ​ជា​ភា​សាមញ្ញ​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ។ ដូចនេះ​អាត្មា​ភាព​ដាក់​រូប​ព្រះ​អង្គ​នៅ​តាម​ជម្រាលភ្នំ​ទាំងមូល​មាន​ដល់​៨៤.០០០​នេះ​គឺ​តំណាង​ឱ្យ​ធម៌​ព្រះ​សម្មាសម្ពុទ្ធ ដែល​មាននៅ​ក្នុង​គម្ពីរ​បិដក​ទាំង​១១០​ព្រះ​គម្ពីរ »​។

នៅ​ថ្ងៃ​អនាគត​ព្រះ​ចៅអធិការ​មាន​គម្រោង​អភិវឌ្ឍ​ភ្នំ​នៅ ក្បែ​ៗ ពុទ្ធ​គិរី​ដាក់​ជា​ពុទ្ធប្រវត្តិ​ជា​រឿង កង​ៗ(​ដំណើររឿង​)​ចាប់ពី​ព្រះ​អង្គ​ប្រសូត​រហូត​ដល់​ព្រះ​អង្គ​ចូល​បរិនិព្វាន ។ សព្វថ្ងៃ​វត្ត​ពុទ្ធ​គិរី​កម្ពុជា​ទើបតែ​ដាក់​ព្រះ​ពុទ្ធរូប​បាន​ពាក់កណ្តាល​៤២.០០០​អង្គ​ក្នុង​ចំណោម​ព្រះពុទ្ធ​រូប​សរុប​៨៤.០០០​អង្គ ។ វត្ត​ពុទ្ធ​គិរី​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ពិធីបុណ្យ​ពុទ្ធា​ពិ​សេក​រយៈពេល​៧​ថ្ងៃ​៧​យប់​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨ ខែមីនា ។ វត្ត​ពុទ្ធ​គិរី​កម្ពុជា​បង្កើត​ឡើង​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ។

ក្នុង​រយៈពេល​កន្លង​មក​មាន​អ្នកទេសចរ​មួយ​ចំនួន​បាន​ថតរូប​ក្នុង​បរិវេណ​ពោរពេញ​ដោយ​ព្រះ​ពុទ្ធរូប​ផុស​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​មហាជន​ទូទៅ​រិះគន់​ថា​វា​មិន​សមរម្យ ។ គេ​បាន​សំណូមពរ​ដល់​ព្រះ​ចៅអធិការ​ឲ្យ​ដាក់​បម្រាម ។

ទាក់ទង​ចំណុច​នេះ ព្រះ​ភិក្ខុ​ព្រះ​ភិក្ខុ​បញ្ញា​សិរី​កែវ កក្កដា ឲ្យ​ដឹង​ថា វត្ត​បាន​ដាក់​បម្រាម​នៅ​តាម​ផ្លូវ​ចូល​ហើយ ។ «​រឿង​កើតឡើង​កន្លង​មក ដោយសារ​បុគ្គល​មួយ​ចំនួន​មានការ​យល់​ដឹង​មាន​កម្រិត ហើយ​រឿង​នេះ​បើ​ពុទ្ធបរិស័ទ​ប​ន្តោ​ស​អាត្មា វា​ក៏​ត្រូវ​ខ្លះ និង​មិន​ត្រូវ​ទាំងស្រុង​នោះ​ទេ ព្រោះ​យើង​គិត​ថា​ជា​បុគ្គល​ដែល​បាន​ប្រព្រឹត្ត ។ រឿង​នេះ​អាត្មា​បាន​រៀបចំ​ដាក់​ស្លាក​សញ្ញា​និង​មាន​សណ្តាប់​ធ្ន​ប់​ប្រុង​ប្រយ័ត​គ្រប់យ៉ាង​មិន​ឱ្យ​មាន​កើតឡើង​បន្ត​ទៀត​។ ឯ​រឿង​អនាម័យ និង​បរិស្ថាន​រៀបចំ​ឱ្យ​ខ្លាំងក្លា​ជាង​មុន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ