ខេត្ដស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយធ្វើឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ បណ្ដាលមកពីរថយន្ដក្រុង៤៥កៅអីបើកលឿនក្នុងទីប្រជុំជនខ្វះការប្រុងប្រយ័ត្ន ។ ករណីដ៏រន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ១ មុខខ្លោងទ្វារវត្ដស្វាយជ្រំ ជាប់ផ្សារស្វាយជ្រំ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
មន្ដ្រីនគរបាលស្រុកស្វាយជ្រំឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ យី សុគុន មានលំនៅភូមិសួនថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកស៊ីរួស គ្មានស្លាកលេខ ពណ៌ខ្មៅ ត្រូវរថយន្ដក្រុងបុករួចកិនអូសជិត៣០ម៉ែត្រទាំងមនុស្សនិងម៉ូតូ ២-ឈ្មោះ ម៉ែន ទី ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិស្វាយអាង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ រងរបួសបែកក្បាលធ្ងន់ធ្ងរ និងរបួសជើងទាំងសងខាង ៣-ឈ្មោះ អីុម សុភី ភេទស្រី អាយុ៦៦ឆ្នាំ មានលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ រងរបួសក្បាលពីក្រោយធ្ងន់ធ្ងរ និងជាំភ្លៅទាំងសងខាង និង៤-ឈ្មោះ ផល សុភាព ភេទស្រី អាយុ៨ឆ្នាំ នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ រងរបួសចិញ្ចើមធ្ងន់ធ្ងរ និងដៃស្ដាំ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្ដដើម្បីសង្គ្រោះ ។
អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះ យី សុគុន ជិះម៉ូតូម៉ាកស៊ីរួសពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងឆ្លងថ្នល់តែមានរថយន្ដកុងតឺន័រមួយគ្រឿងបើកបរស្របទិសគ្នាបើកវ៉ាផុតបន្ដិច ទើបម៉ូតូស៊ីរួសបត់ពីក្រោយរថយន្ដកុងតឺន័រនោះ ស្រាប់តែមានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្វាយ ពាក់ស្លាកលេខ 3B-0199 ដឹកភ្ញៀវទេសចរពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹង រួចអូសទាំងមនុស្ស និងម៉ូតូជិត៣០ម៉ែត្របណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង រួចរថយន្ដរេចង្កូតទៅស្ដាំដៃបុកចូលផ្ទះជួសជុលម៉ូតូឈ្មោះ យ៉ាង សារ៉ាន ភេទប្រុស អាយុ៣៣ឆ្នាំ កិនម៉ូតូចំនួន៦គ្រឿង ដែលយកទៅជួសជុល គឺម៉ាកហុងដាគុប៥០ ចំនួន៣គ្រឿង ហុងដាសេ១២៥ ស៊េរី២០០៩ ១គ្រឿង សង់សេ១០០ និងម៉ូតូវីវ៉ាសណ្ដោងរ៉ឺម៉កលក់ប្រហិតនំប៉័ង រួចបុកផ្ទះធ្វើពីឈើប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ បុករបងដែកសំណាញ់បាក់៣ផ្ទាំង ម៉ាស៊ីនភ្លើង១គ្រឿង ម៉ាស៊ីនខ្យល់១គ្រឿង កង់២គ្រឿង និងបុកមនុស្សទៅធ្វើម៉ូតូ៣នាក់ (ស្រី២រងរបួសធ្ងន់)ចំណែកមនុស្ស១០នាក់ផ្សេងទៀត រត់គេចទាំងភ័យភ្នែកនៅកញ្ចឹងក ។
នេះគឺជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នៅស្រុកស្វាយជ្រំ ។ សមត្ថកិច្ចបានឱ្យក្រុមហ៊ុនរថយន្ដទេសចរណ៍មកសាងអ្នកដំណើរចំនួន៤៥នាក់ ដែលជាជនជាតិចិន និងវៀតណាម ។ ចំណែកម៉ូតូ៧គ្រឿង កង់២គ្រឿង និងរថយន្ដបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់ ។ អ្នកបើកបររថយន្ដប្រជាពលរដ្ឋចាប់បាន និងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅភ្លាមៗ ខ្លាចអ្នកភូមិមានកំហឹងឈានទៅវាយដំបណ្ដាលឱ្យបាត់បង់ជីវិត ៕
ចែករំលែកព័តមាននេះ