រាជធានីភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធ បានស្លាប់នៅក្នុងថ្លុកឈាម ចំណែកកូនស្រីអាយុ១០ឆ្នាំ បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿង ទៅបុករថយន្តមួយគ្រឿង ពេញទំហឹងនៅចំណុចផ្លូវបំបែក ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ បានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ ចំណែកកូនស្រីរងរបួសធ្ងន់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-6426 ជិះឌុបគ្នា កូនស្រី បើកបរក្នុងទិសដៅពីលិចមកកើត។ ខណៈពេលបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BP-4661 ដែលធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ គឺម៉ូតូជនរងគ្រោះ បានបុកចំកណ្ដាលរថយន្តបណ្ដាលឲ្យបោកក្បាលស្លាប់ពីរនាក់ប្តី ប្រពន្ធ នៅនឹងកន្លែង។ ចំណែកកូនស្រី បានរងរបួសធ្ងន់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។
ក្រោយកើតហេតុ ទៅបានមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងទាក់ទងទៅនគរបាលជំនាញចុះទៅវាស់វែងរួចបញ្ជូនអ្នកបើកបរ និងរថយន្ត និងម៉ូតូទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ