រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធានមួយចំនួនទាក់ទិននឹងបញ្ហាធំៗក្នុងជម្លោះពាណិជ្ជកម្មរបស់ពួកគេ ។
សេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកទាំងពីរបានដាក់ពន្ធលើផលិតផលនាំចូលពីប្រទេសគ្នាទៅវិញទៅមកអស់រាប់រយប៊ីលានដុល្លារ ដែលបានបង្កឲ្យការលូតលាស់សេដ្ឋកិច្ចអន់ថយ ប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម និងវិស័យផលិតកម្មជាដើម ។
ខណៈដែលមន្ត្រីតំណាងភាគីទាំងសងខាងជួបគ្នាដើម្បីចរចានៅថ្ងៃព្រហស្បត្តិ៍ និងសុក្រ នៅរដ្ឋធានីវ៉ាស៊ីនតោន ពួកគេនៅមិនទាន់អាចសម្រេចលើលក្ខខណ្ឌរបស់រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទាក់ទិននឹងកំណែទម្រង់រចនាសម្ព័ន្ធនិងសេដ្ឋកិច្ចចិននៅឡើយ ។
ប៉ុន្តែប្រភពខាងលើបាននិយាយថា ពួកគេបានចេញសេចក្តីព្រៀងមួយហើយសម្រាប់កិច្ចព្រមព្រៀង ខណៈដែលភាគីទាំងសងខាងប្រញាប់សម្រេចមិនឲ្យផុតថ្ងៃទី១ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃការផ្អាកសង្គ្រាមពាណិជ្ជកម្មចំនួន៩០ថ្ងៃ ។
អ្នកចរចាកំពុងតែធ្វើការលើអនុស្សារណៈនៃការយោគយល់គ្នាចំនួន៦ទាក់ទិននឹងបញ្ហារចនាសម្ព័ន្ធផ្សេងៗដូចជាការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា សិទ្ធិកម្មសិទ្ធិបញ្ញា សេវាកម្ម រូបិយវត្ថុ កសិកម្ម និងឧបសគ្គក្រៅពីពន្ធក្នុងការធ្វើពាណិជ្ជកម្មជាដើម ។
ប្រភពមួយបានព្រមានថា ការចរចានៅតែអាចបរាជ័យបាន ប៉ុន្តែអនុស្សារណៈនៃការយោគយល់គ្នាខាងលើគឺជាជំហានដ៏សំខាន់ក្នុងការធ្វើឲ្យប្រទេសចិនព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិកលើបញ្ហាសំខាន់ៗ ។
ជាមួយគ្នានេះផងដែរ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍កាលពីខែមុនមកថា សហរដ្ឋអាមេរិកបានជំរុញឲ្យមានការត្រួតពិនិត្យជាប្រចាំលើដំណើរការរបស់ប្រទេសចិនក្នុងការគោរពតាមការសន្យាកែទម្រង់ពាណិជ្ជកម្ម ហើយសហរដ្ឋអាមេរិកអាចនឹងដាក់ពន្ធប្រសិនបើពួកគេសម្រេចថាប្រទេសចិនល្មើសនឹងកិច្ចព្រមព្រៀង ។
ប្រភពទាំងពីរខាងលើបានបន្តថា ភាគីទាំងសងខាងកំពុងតែពិនិត្យមើលវិធីដែលប្រទេសចិនអាចកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលរួមមានការទិញកសិផល ថាមពល និងផលិតផលផ្សេងៗទៀតដូចជាឈីបជាដើម ៕
ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ