ខេត្តស្វាយរៀង ៖ វត្តស្វាយជ្រំជាវត្តមួយចំណាស់ ដែលមានអាយុកាលរាប់រយឆ្នាំហើយ មហាជនក៏ដូចមន្ត្រីរាជការតូចធំដែលមានដើមកំណើតកើតនៅក្នុងខេត្តស្វាយរៀងតែងតែមកបន់ស្រន់សុំសេចក្តីសុខ និងបន់សុំឡើងឋានៈ រីឯសិស្សានុសិស្សមកបន់សុំឲ្យប្រឡងជាប់ហើយអ្នកខ្លះទៀតពេលប្តឹងផ្តល់គ្នាក៏មកស្បត់នៅវត្តស្វាយជ្រំនេះដែរ ។
បើតាមព្រះសង្ឃមួយអង្គព្រះនាម ព្រហ្ម បញ្ញោព្រំគឹមសាន ព្រះជន្ម៨២ព្រះវស្សា ជាព្រះគ្រូសូត្រស្តាំវត្តស្វាយជ្រំបានមានថេរដិកាថា ព្រះអង្គមានស្រុកកំណើតនៅភូមិបឹងវែងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំនេះ ហើយកើតមក គឺបានឃើញមានវត្តស្វាយជ្រំកសាងរួចហើយ មានកុដសង់អំពីឈើប្រក់ក្បឿងស្រកាលេញ មានព្រះវិហារសង់អំពីឈើសរសរមូលធំៗជញ្ជាំងក្តាប្រក់ក្បឿងស្រកាលេញ និងមានឧប្បដ្ឋានសាលាមួយខ្នងសង់អំពីឈើបូលប្រក់ក្បឿងដែរ ។
ព្រះតេជ្ជគុណបន្តទៀតថា បើតាមចាស់ទុំបាននិយាយប្រាប់តគ្នាថា វត្តស្វាយជ្រំកសាងឡើងក្នុងអំឡុងឆ្នាំ១៨៦៧ ស្ថិតនៅភូមិបឹងវែងឃុំស្វាយជ្រំ ឬស្រុកស្វាយជ្រំ ខេត្តរំដួល បច្ចុប្បន្នភូមិបឹងវែងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានអាយុ១៥២ឆ្នាំមកហើយ ។
ចំពោះជំនឿរបស់មហាជនក៏ដូចប្រជាពុទ្ធបរិស័ទ គឺដោយមានរឿងកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩០៨ នៅក្នុងខែភទ្របទ រដូវបុណ្យភ្ជុំបិណ្ឌ ខណៈនោះទឹកឡើងធំ ស្រាប់តែមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទ និងអ្នកស្រុកដោយបានប្រទះឃើញរូបព្រះបដិមាមួយព្រះអង្គជាខ្លឹមឈើតាត្រាវ ទ្រង់បិណ្ឌបាតមានកម្ពស់១,៦៥ម៉ែត្រ ទម្រង់ប៉ុនមនុស្សអណ្តែតប្រច្រាស់ទឹកមកទើនៅមាត់បឹងវែងជិតវត្តស្វាយជ្រំនេះ ។ ព្រះបដិមា គឺទ្រង់បិណ្ឌបាតដូចព្រះសង្ឃទ្រង់បិណ្ឌបាតលើគោកអីញ្ចឹង ។ ខណៈនោះអ្នកស្រុក និងគណៈកម្មការវត្តស្វាយជ្រំក៏បានយកខ្សែពួយកទៅចងសែងលើកឡើងគោក ក៏ប៉ុន្តែដោយរិទ្ធិបារមីព្រះអង្គបរិមាអង្គនេះ ពូកែស័ក្ដិសិទ្ធិគ្នារាប់សិបអ្នកក៏លើកមិនរួច អស់មួយថ្ងៃលើកមិនរួចក៏ចងព្រះបដិមាទុករួចនាំគ្នាដេកយាមលុះពេលដេកលក់ក៏សុបិន្តឃើញលោកតាចាស់ម្នាក់មកប្រាប់ថា បើចង់លើកព្រះអង្គឡើងយកទៅវត្តបានត្រូវស្រាយចំណងពួនេះចេញ ហើយយកអំបោះប្រាំពីសរសៃយកមកចងត្រង់ចង្កេះរួចដាក់ស្នែងសែងទៅលើករួចហើយ ។
មុននិងសែងលើកឡើងត្រូវលេងភ្លេងពិណពាទ្យ៧ចប់ សុំខមាទោស ហើយសែងលើកឡើងទៅរួចហើយ ។ កាលណោះក្រោយពីយល់សុបិន្តឃើញក៏នាំគ្នាស្រាយចំណងខ្សែពួចេញទាំងយប់ ដោយយកខ្សែអំបោះ៧សរសៃទៅចងត្រង់ចង្កេះព្រះបដិមាទាំងយប់ លុះព្រឹកឡើងក៏និមន្តព្រះសង្ឃមកសូត្រជ័យយន្តោ រួចលេងភ្លេងពិណពាទ្យ៧ចប់ សុំខមាទោសសុំនិមន្តព្រះអង្គឲ្យទៅគង់នៅក្នុងព្រះវិហារវត្តស្វាយជ្រំ គ្រាន់តែបែបន់សុំរួចក៏ដាក់ស្នែងសែងដោយចងអំបោះ៧សរសៃ គឺសែងរួចចេញពីទឹកកាលណោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទមានចិត្តត្រេកអរជាខ្លាំង ហើយនាំគ្នាដង្ហែររូបបដិមាអង្គនោះយកទៅដាក់ក្នុងព្រះវិហារគោរពបូជារហូតរៀងមក ។
ដោយមានការយល់សុបិន្តឃើញលោកតាចាស់ម្នាក់មកប្រាប់នោះប្រាប់ថាគាត់ឈ្មោះតាមោគ ក៏បាននាំគ្នាកសាងតូបដាក់រូបសំណាកលោកតាមោគ ដើម្បើគោរពបូជាដែរ បន្ទាប់មកក៏យល់សុបិន្តឃើញលោកយាយម្នាក់ទៀតមកនៅធ្វើធម៌តាំងសីលនៅក្បែរនោះទៀត គណកម្មការអាចារ្យវត្តក៏បានកសាងអាស្រមមួយខ្នងទៀត ព្រមទាំងដាក់រូបសំណាកលោកយាយទេពក្បែអាស្រមលោកតាមោគ ហើយបានធ្វើបុណ្យធំមួយអភិសេកព្រះបដិមា និងឡើងអ្នកតាមោគនិងលោកយាយទេពយ៉ាងអធិអធម៌ ។
តំណរមកវត្តស្វាយជ្រំមានរឹទ្ធិបារីខ្លាំងពូកែរល្បីទូទាំងខេត្តជិតឆ្ងាយមានជំនឿក៏នាំគ្នាមកបន់ស្រន់សុំសេចក្តីសុខ និងតាមបំណងប្រាថ្នារបស់ពួកគេរហូតមក ។ ដល់ឆ្នាំ១៩៧៦ពួកខ្មែរក្រហមបានយកទីតាំងវត្តស្វាយជ្រំនេះធ្វើជាជង្រុកស្រូវបានរុះកុដសាលាឆាន់យកទៅធ្វើរោងបាយរួម រីឯព្រះវិហារយកធ្វើជាជង្រុកស្រូវ ។ ដោយពួកខ្មែរក្រហមបានយករូបព្រះបដិមា ចេញ និងវាយបំបាក់យកទៅទម្លាក់ចោលក្នុងទឹកស្រះ ចំណែករូបព្រះបដិមាដែលអណ្តែតទឹកទ្រង់បិណ្ឌបាតសាងអំពីឈើខ្លឹមតាត្រាវនោះ ត្រូវពួកខ្មែរក្រហមពុះបំបែកជាបំណែកៗរួចដុតបំផ្លាញចោលអស់ទៅ ។ លុះដល់ឆ្នាំ១៩៧៩ក្រោយថ្ងៃរំដោះ៧មករា ពុទ្ធបរិស័ទបានកសាងវត្តស្វាយជ្រំឡើងវិញ ហើយបានកសាងអាស្រមអ្នកតាមោក និងអាស្រមលោកយាយទេពឡើងវិញ ហើយគោរពបូជាក៏មានបារមីកាន់ពូកែស័ក្តិសិទ្ធិឡើងវិញដែរ ។
រហូតនៅឆ្នាំ១៩៨៧ ព្រះគ្រូសូឆែម អតីតជាសង្ឃគង់នៅវត្តស្វាយជ្រំ ក្នុងទស្សវត្ស៦០ និងទស្សវត្ត៧០ បានទៅបួសជាព្រះសង្ឃនៅវត្តឧណាឡោម រាជធានីភ្នំពេញឆ្នាំ១៩៨០ ហើយនៅឆ្នាំ១៩៨៧ ក៏បានធ្វើបុណ្យកឋិនទានដង្ហែរមកវត្តស្វាយជ្រំនេះ និងបានឲ្យវិចិត្រករឆ្លាក់រូបព្រះបដិមាមួយអង្គអំពីឈើខ្លឹមធ្នង់ ទ្រង់បិណ្ឌបាតកម្ពស់១ម៉ែត្រ៦៥ដដែល ក៏ប៉ុន្តែទម្រង់តូចជាមុនបន្តិច លាបពណ៌ទឹកមាស ដង្ហែរពីរាជធានីភ្នំពេញមកដាក់ក្នុងព្រះវិហារ ហើយធ្វើបុណ្យអភិសេក រួចនៅថ្ងៃបុណ្យកឋិននោះ ។ ចាប់ពីដាក់រូបបដិមាស្នងមក គឺវត្តស្វាយជ្រំចាប់ផ្តើមមានរិទ្ធិបារមីកាន់តែខ្លាំងពូកែរជាងមុន ធ្វើឲ្យប្រជាពុទ្ធបរិស័ទមន្ត្រីរាជការតូចធំ និងសិស្សានុសិស្សព្រមទាំងមហាជនជិតឆ្ងាយមានជំនឿ ។
បើតាមលោកតាអ៊ិន សន អាយុ៨៦ឆ្នាំ ជាគ្រូអាចារ្យវត្តស្វាយជ្រំបានឲ្យដឹងថា ជាទូទៅគេនាំគ្នាមកបន់ស្រន់ស្ទើរាល់ថ្ងៃ ជាពិសេសនៅថ្ងៃសីលថ្ងៃពេញបរមី ថ្ងៃខែដាច់ ថ្ងៃសៅ និងថ្ងៃអង្គារ៍ សិស្សានុសិស្សមកបន់សុំឲ្យប្រឡងជាប់ មន្ត្រីរាជការបន់សុំឡើងឋានៈតួនាទី អ្នករកស៊ីបន់ឲ្យរកស៊ីបានចំណេញច្រើនរីកចំរើន អ្នកខ្លះបន់ឲ្យលក់ដីដាច់បានថ្លៃខ្ពស់ ពេលពួកគេទទួលបានលាភសិការៈតាមប្រាថ្នាក៏នាំគា្នមកថ្វាយលាប្រណន់ ។ អ្នកខ្លះមានជម្លោះដីធ្លី ឬរឿងផ្សេងក៏មកធ្វើសម្បត់ ស្បត់នៅខាងមុខអ្នកតាមោក លោកយាយទេពរួចទៅស្បត់ក្នុងព្រះវិហារ ហើយ បើតាមការសង្កេតមើលបើជនណាម្នាក់ហ៊ានស្បត់បំពាន គឺជួបគ្រោះទាន់ហន់ណាស់ ។
បើតាមលោកទីវ សភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានឲ្យដឹងថា ខេត្តស្វាយរៀងមាន២៤៤វត្ត ក្នុងនោះវត្តធម្មយុត្តិនិកាយ១វត្ត មានព្រះសង្ឃគង់នៅចំនួន២,១៣៦អង្គ ព្រះសង្ឃវត្តធម្មយុត្តិនិកាយ២អង្គ ។ ហើយក្នុងវត្តទាំង២៤៤វត្តនេះ គឺវត្តស្វាយជ្រំ គឺមន្ត្រីរាជការនិងប្រជាពុទ្ធបរិសទ័មានជំនឿថា មានបារមីគ្រប់គ្រងស័ក្តិសិទ្ធិជាគេក្នុងខេត្ត ៕
ចែករំលែកព័តមាននេះ