ខេត្តកំពង់ស្ពឺ៖ ព្រោះតែកក្តាជីវភាពបង្ខំចិត្តឱ្យក្មេងស្រី០២នាក់បងប្អូនជីដូនមួយស្លាប់ទាំងវ័យក្មេង ដោយសារតែដើរក្វាក្តាមតាមវាលស្រែ ហើយក៏បានរអិលជើងលង់ទឹកស្រះស្លាប់ ឪពុកម្តាយគ្មានទាំងលុយធ្វើបុណ្យផង បានញាតិជិតខាង និងសប្បុរសជនជួយ។
ករណីក្មេងស្រី០២នាក់ដើររកក្វាក្តាមធ្វើម្ហូប ហើយលង់ទឹកស្រះស្លាប់នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកត្រពាំងរឿង ខាងជើងភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមការឱ្យដឹងពីលោក ស៊ុក ពិសី នាយប៉ុស្តិនគរបាលឃុំព្រះនិព្វាន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នេះជា(បងប្អូនជីដូនមួយនឹងគ្នា) ទី០១~មានឈ្មោះ ហុឹម នីសា ភេទស្រី អាយុ៧ឆ្នាំ រស់នៅក្នុងភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ទី០២~មានឈ្មោះ ជឿន ស្រីណេត ភេទស្រី អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ~ឃុំជាមួយគ្នា ។
លោកនាយប៉ុស្តិនគរបាលឃុំបានបន្តថា នៅមុនពេលកើតហេតុនោះ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ក្មេងស្រីទាំង០២នាក់ បានដើរទៅរកក្ដាម(ក្វាក្តាម) ដើម្បីយកទៅធ្វើម្ហូប ម្តុំទីតាំងកើតហេតុខាងលើ ហើយបានដើតាមមាត់ស្រះទឹក រួចហើយក៏បានរអិលជើងធ្លាក់ចូលក្នុងស្រះទឹកដែលមានជម្រៅប្រហែល០៣ម៉ែត្រជាងទាំង០២នាក់ ដោយបន្សល់ទុកចប និងកង្វាសម្រាប់រកក្ដាមនៅមាត់ស្រះ។ ដោយបាត់ក្មេងស្រីមិនឃើញវិលត្រឡប់មកផ្ទះវិញ អាណាព្យាបាល និងអ្នកភូមិបានដើរកក៏ប្រទះឃើញចប និងកង្វានៅមាត់ស្រះទឹក បន្ទាប់មកក៏បាននាំគ្នាចុះរាវក្នុងទឹកស្រះនោះក៏ឃើញនៅក្នុងទឹកហើយបានស្រង់ឡើងមកលើគោកកុមារីរងគ្រោះទាំង០២នាក់បានស្លាប់បាត់ទៅហើយ។
លោក ស៊ុក ពិសី នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំព្រះនិព្វានបានបញ្ជាក់ថា ក្រុមគ្រួសារក្មេងស្រីទាំង០២នាក់មានជីវភាពខ្វះខាតខ្លាំងណាស់ គ្មានទាំងលុយធ្វើបុណ្យសពឱ្យកូនផង បានញាតិជិតខាងរៃអង្គាសលុយ និងសប្បុរសជនជួយបន្តិចបន្តួច ជួលមេនរុ មួយបូជាសព០២នាក់តែម្តងទៅ។
ក្រោយធ្វើការពិនិត្យរួចរាល់សពក្មេងស្រីទាំង២នាក់ខាងលើ នគរបាលបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ