ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើ
ជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណងរបស់ខ្លួនដែលចង់បាន ។ ហេតុការណ៍គួរឱ្យខ្មាស់អៀននេះ បង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៨ កុម្ភៈ វេលាម៉ោងប្រហែល២៣ ស្ថិតនៅក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគីរីវង់ ។
លោកវរសេនីយ៍ឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ពិតជាមានករណីផឹកថ្នាំពុលសម្លាប់ខ្លួនប្រាកដមែន គឺយុវជនឈ្មោះ គង់ សំណាង ភេទប្រុស អាយុ២១ឆ្នាំ ។ តាមប្រភពថា គេបានផឹកថ្នាំពុលម៉ាក Reasgant 5EC នៅក្នុងរោងម៉ាសុីនកិនស្រូវ ជាប់នឹងផ្ទះរបស់ខ្លួន ។
លោកអធិការនគរបាលស្រុកបានបន្តថា តាមសាច់ញាតិជនរងគ្រោះប្រាប់ថា មូលហេតុគឺជនរងគ្រោះមានវិបត្តិផ្លូវចិត្តដោយឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួន ។ សមត្ថកិច្ចជំនាញបានសហការជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់ និងចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យទៅលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុលសម្លាប់ខ្លួនឯងប្រាកដមែន ។
នេះបានគេហៅថា ចង់បានប្រពន្ធឡើងចង់ងាប់មែន ។ ការសម្លាប់ខ្លួន ព្រោះតែចង់បានប្រពន្ធពិតជាឆោតល្ងង់ពេកណាស់ ទោះបីរឿងរ៉ាវស្នេហា វាធំប៉ុនមហាមេឃក្តី ក៏មានព្រំដែនដែរ ។ មានអាយុត្រឹម២១ឆ្នាំ មិនគួរចង់បានប្រពន្ធចង់ងាប់បែបេះទេ ៕
ចែករំលែកព័តមាននេះ