ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលឃុំស្រង់ នៃស្រុកគងពិសីធ្វើការឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ខណៈដែលយុវជនសង្ស័យខាងលើដើរនៅពេលយប់សៀតកាំបិតប៉័ងតោជាប់ចង្កេះ ហើយកម្លាំងនគរបាលល្បាតតាមមូលដ្ឋានប្រទះឃើញឃាត់តែម្តង។
ហេតុការណ៍ឃាត់ខ្លួនយុវជនសង្ស័យកាន់កាប់អាវុធខុសច្បាប់បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២០ ខែធ្ន ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ីវ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយឃ្លាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនខាងលើ គឺកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្រង់បានធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញ រហូតដល់វេលាម៉ោង១១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤១ ដល់ចំណុចផ្សារស្រង់ ស្ថិតនៅក្នុងភូមិក្រាំងឃ្នង ឃុំស្រង់ ក៏បានជួបជនសង្ស័យម្នាក់ឈ្មោះ ស៊ីវ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិស្វាយឃ្លាំង ឃុំស្រង់ កំពុងដើរ តាមផ្លូវ ដោយមានការសង្ស័យ ក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញកាំបិតប៉័ងតោ ០១ដាក់ជាប់ចង្កេះ និងឧបករណ៍ជក់គ្រឿងញៀនចំនួន០២ នៅក្នុងហោប៉ៅខោទៀត បន្ទាប់មកក៏បានឃាត់ខ្លួនយកមកធ្វើការសួរនាំ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានដើរចេញពីកន្លែងធ្វើសំណង់ ឆ្ពោះទៅផ្ទះ ហើយកាំបិតប៉័ងតោដែលដាក់ជាប់ខ្លួននេះគឺទុកសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។ ជនសង្ស័យខាងលើគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី រួមទាំងវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ