រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិតៃវ៉ានម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨០លានរៀល ពីបទរក្សទុក ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ។

ជនជាប់ចោទឈ្មោះ TSAI JAN KO ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។
គួររំលឹកថា ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅចំណុចមុខផ្ទះលេខ២០ ផ្លូលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពេលឃាត់ខ្លួនជនជាប់ចោទខាងលើ សមត្ថកិច្ចបានរឹបអូសវត្ថុតាងសារធាតុញៀនប្រភេទ MDMA ចំនួន៣៥៨១.៧៩ក្រាម សារធាតុញៀនប្រភេទ ICE ចំនួន៧២.០៦ក្រាម សារធាតុញៀនប្រភេទWY ចំនួន១២១.០៥ក្រាម (សរុបជាង៤គីឡូក្រាម) ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងលិខិតឆ្លងដែន១ក្បាល ។
ក្រោយពីឃាត់ខ្លួនជនជាប់ចោទ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបអង្កេត រហូតឈានដល់សវនាការលើអង្គសេចក្តីនេះ ៕
ចែករំលែកព័តមាននេះ