រាជធានីភ្នំពេញ ៖ លោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ សីហា ២០១៣ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាតិបារាំងឈ្មោះ Jacques Philippe Albertini ភេទប្រុស អាយុ៧៤ឆ្នាំ ដាក់ពន្ធនាគារចំនួន៧ឆ្នាំ និងបង្គាប់ឱ្យសងសំណងជាប្រាក់ទៅក្រុមគ្រួសាររងគ្រោះក្នុងម្នាក់ៗចំនួន៥លានរៀលសរុប១៥លានរៀល ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីតុលាការបានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី១៣ សីហា ២០១៣ កន្លងទៅ ហើយការប្រកាសនេះបានធ្វើឡើងនៅចំពោះមុខជនជាប់ចោទ និងកំបាំងមុខជនរងគ្រោះទាំងបីនាក់ តែចៅក្រមបានប្រកាសថា បើជនជាប់ចោទមិនពេញចិត្តចំពោះការសម្រេចរបស់តុលាការ គឺមានសិទ្ធិក្នុងការប្តឹងទៅឧទ្ធរណ៍រយៈពេល៣០ថ្ងៃគិតពីពេលប្រកាសសាលក្រម ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ សីហា ២០១៣ បានលើកយកសំណុំរឿងពីបទទិញដូរពេស្យាចារកុមារ ដែលមានជនជាប់ចោទឈ្មោះ Jacques Philippe Albertini ភេទប្រុស អាយុ៧៤ឆ្នាំ និងជនរងគ្រោះចំនួនបីនាក់គឺ ១-ឈ្មោះ ឆយ សុខរី ភេទប្រុស អាយុ១២ឆ្នាំ ២-ឈ្មោះ ញឹប រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ និង៣-ឈ្មោះ រិន ហីុម ភេទប្រុស អាយុ១៣ឆ្នាំ ។ សវនាការនេះបានធ្វើឡើងចំពោះមុខជនជាប់ចោទ ជនរងគ្រោះពីរនាក់ មេធាវីការពារក្តីជនជាប់ចោទ និងជនរងគ្រោះ ។ ក្រុមគ្រួសារជនរងគ្រោះបានទាមទារសំណងជំងឺចិត្តសរុប១៧ម៉ឺនដុល្លារអាមេរិក និងសូមឱ្យតុលាការផ្តន្ទាទោសជនល្មើសតាមច្បាប់ ហើយតុលាការសម្រេចពន្យារពេលប្រកាសសាលក្រមមកថ្ងៃទី២៧ សីហា ២០១៣ ។ លោក សេង នាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា លោក Jacques Philippe Albertini អាយុ៧៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទទិញពេស្យាចារកុមារ ដែលប្រព្រឹត្តក្នុងរាជធានីភ្នំពេញ នាអំឡុងឆ្នាំ២០០៩ដល់ឆ្នាំ២០១១ ។ បន្ទាប់ពីធ្វើការជំនុំជម្រះអស់មួយព្រឹក លោក សេង នាង ក៏បានសម្រេចពន្យារពេលប្រកាសសាលក្រមទៅថ្ងៃទី២៧ សីហា ២០១៣ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នាអំឡុងឆ្នាំ២០០៩ដល់ឆ្នាំ២០១១ ជនជាប់ចោទបានប្រព្រឹត្តសកម្មភាពរួមភេទជាមួយកុមារា៣នាក់ ដែលជាក្មេងរើសអេតចាយមានអាយុប្រហែល១២ឆ្នាំ ។ តាមរបាយការណ៍បានឱ្យដឹងទៀតថា ជនជាប់ចោទបានហៅក្មេងប្រុសទាំងនោះឱ្យឡើងលើផ្ទះ រួចផ្តល់លុយដើម្បីឱ្យក្មេងប្រុសទាំងនោះលេងប្រដាប់ភេទរបស់ខ្លួន ហើយបន្ទាប់មកជនជាប់ចោទក៏លេងប្រដាប់ភេទក្មេងប្រុសនោះ វិញ ។ នៅចំពោះមុខចៅក្រម និងសាធារណជន ក្នុងអង្គសវនាការ លោក Jacques Philippe Albertini បានបដិសេធថា ជាការចោទប្រកាន់ខុសការពិត រូបលោកមិនបានប្រព្រឹត្តនោះទេ ហើយក៏មិនអាចមានសមត្ថភាពរួមភេទបានដែរ ព្រោះលោកមានជំងឺទឹកនោមផ្អែមប្រចាំកាយជាយូរណាស់មកហើយ ។ លោក Jacques Philippe Albertini បានទទួលស្គាល់ថា គាត់ពិតជាបានហៅក្មេងប្រុសទាំងនោះឡើងលើផ្ទះប្រាកដមែន ប៉ុន្តែមិនបានពាក់ព័ន្ធនឹងរឿងរួមភេទនោះទេគ្រាន់តែហៅក្មេងរើសអេតចាយទាំងនោះឱ្យមកយកកំប៉ុងស្រាបៀរ និងកំប៉ុងទឹកក្រូចដើម្បីយកទៅលក់ ។ នាចុងបញ្ចប់នៃអង្គសវនាការ ជនជាប់ចោទជនជាតិបារាំងរូបនេះ បានស្នើសុំឱ្យតុលាការសម្រេចលើកលែងការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងដោះលែងឱ្យមានសេរីភាពវិញ ដោយសំអាងរូបលោកពុំមានសមត្ថភាពផ្លូវភេទ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។
ដោយឡែក ក្មេងប្រុសរងគ្រោះទាំង៣នាក់ក្នុងអង្គសវនាការនៅតែបញ្ជាក់ជំហរថា ជនជាតិបារាំងរូបនេះពិតជាបានប្រព្រឹត្តសកម្មភាពរួមភេទជាមួយពួកគេប្រាកដមែន ។ ក្មេងប្រុសទាំង៣នាក់នោះបានបញ្ជាក់ទៀតថា ខណៈពួកគេដើររើសអេតចាយកាត់មុខផ្ទះ លោក Jacques Philippe Albertini បានហៅឡើងទៅលើផ្ទះ រួចឱ្យលុយជាថ្នូរនឹងការរួមភេទ ។ ក្មេងប្រុសរងគ្រោះទាំង៣នាក់នោះ ក៏ស្នើទៅចៅក្រមដើម្បីទាមទារសំណងជំងឺចិត្តពីលោក Jacques Philippe Albertini ក្នុងនោះម្នាក់ទារ៣.០០០ដុល្លារអាមេរិក ម្នាក់ទៀត៤.០០០ដុល្លារសហរដ្ឋអាមេរិក ហើយនិងម្នាក់ទៀត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលគិតសរុបទាំងអស់ចំនួន១មឺុន៧ពាន់ដុល្លារអាមេរិក ។ សូមបញ្ជាក់ថា លោក Jacques Philippe Albertini បានរស់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង១២ឆ្នាំមកហើយ បន្ទាប់ពីបានចូលនិវត្តន៍នៅប្រទេសបារាំង ។ លោកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១ មីនា ២០១២ បន្ទាប់មកនៅថ្ងៃទី២៣ មីនា ២០១២ ក៏ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទទិញពេស្យាចារកុមារ ។
មេធាវីជនជាប់ចោទ លោកស្រី ងួន មករា និយាយថា ប៉ូលិសបានចាប់ខ្លួនកូនក្តីលោកស្រីគ្រាន់តែស្តាប់ការចោទប្រកាន់របស់ក្មេងៗ មិនបានប្រមូលភស្តុតាងគ្រប់គ្រាន់ទេ ។ ក្នុងពេលសវនាការលោកស្រីមេធាវីស្នើឱ្យតុលាការលើកលែងការចោទប្រកាន់កូនក្តីលោកស្រីឱ្យមានសេរីភាព ព្រោះតាមការសាកសួរគ្មានមូលដ្ឋានច្បាប់ណាមួយដាក់បន្ទុុកលើលោក Jacques Philipe Albertini បានទេ ។ លោកស្រីមេធាវីបញ្ជាក់ថា បើសិនជាជឿទៅលើក្មេងនិយាយហើយចោទប្រកាន់មនុស្សទូទៅនោះ ប៉ូលិសនឹងចាប់មនុស្សដាក់គុកបានតែទាំងអស់គ្នាហ្នឹង ។ ករណីនេះវាគ្រាន់តែពួកគេចោទថា លោក Jacques Philippe Albertini បានឱ្យលុយពួកគេ និងបន្ទាប់មករំលោភពួកគេ វាមិនអាចទេ ។ លោក Jacques Phillippe Albertini និយាយថា គាត់មិនបានចាំថា ក្មេងណាខ្លះដែលគាត់បានឱ្យលុយនោះទេ តែពិតជាបានឱ្យសម្បកដប សម្បកកំប៉ុងដល់ក្មេងដើររើសអេតចាយមែន និងមិនបានរួមភេទជាមួយពួកគេម្តងណាទេ ព្រោះគាត់អសមត្ថភាពក្នុងការរួមភេទជាច្រើនឆ្នាំមកហើយ និងមានការបញ្ជាក់ពីមន្ទីរពេទ្យទៀតផង ។ លោកលើកឡើងថា វាជាការចោទប្រកាន់រូបលោកទាំងស្រុង នៅពេលដែលលោកខ្លួនឯងមិនទាំងដឹងខ្លួនផងនោះ និងសុំឱ្យតុលាការដោះលែងលោកទៅរស់នៅជាមួយកូនចិញ្ចឹមចំនួនពីរនាក់ ។
លោក Jacques Philippe Albertini ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១២ និងត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស ។ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក Jacques Philippe Albertini ពីបទទិញពេស្យាចារកុមារប្រព្រឹត្តទៅនៅភ្នំពេញ៕
ចែករំលែកព័តមាននេះ