ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិភាគតិច​ព្រៅ​ប្រារព្ធពិធី​សែន​អ្នក​តា​​ភ្នំ​ដើម្បី​អ្វី ?

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​សែនព្រេន​ឡើងអ្នកតា​ភ្នំ សុំ​សេចក្តីសុខ បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន…

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​សែនព្រេន​ឡើងអ្នកតា​ភ្នំ សុំ​សេចក្តីសុខ បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន ។ ម្យ៉ាង​ពិធី​នេះ​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ជួយ​បន្ត​អភិរក្ស ។

ក្នុង​ពិធី​សែនអ្នកតា​ភ្នំ កាល​ទី​១៣ កុម្ភៈ​ឆ្នាំ​២០១៩ លោកតា​ទាង ប៊ុ​ន​ណាត អាយុ​៧៨​ឆ្នាំ​ជា​មេកន្ទ្រាញ​បាន​ដឹកនាំ​ពិធី​សែន ។ គាត់​បាន​ថ្លែង​ថា​៖«​ពិធី​សែនអ្នកតា​ភ្នំ​នេះ​បងប្អូន​ជនជាតិ​ព្រៅ ក្នុងភូមិ​សុំ​ឱ្យ​មាន​សេច​ក្តីសុខ​ចម្រើន​កូនចៅ​រស់នៅ​ក្នុងភូមិ​កុំឱ្យ​កើត​ជម្ងឺ​ឈឺ​ថ្កាត់ ។

ទោះបី​ថា​ផ្នែក​សម្ភារ សម្លៀក​បំពាក់ ភាសា ត្រូវ​បាន​ប្រែក្លាយ​អស់​ទៅ​ហើយ​ក៏​ដោយ តែ​ពិធីសែនព្រេន​នេះ​មិន​បោះបង់​ទេ ។ តាំងពី​ឆ្នាំ​១៩៩០​មក បងប្អូន​ជនជាតិ​មួយ​ចំនួន​បាន​បែងចែក​ភូមិ​ទៅ​រស់នៅ ផ្សេង​ៗ​ពី​គ្នា តែ​ការ​គោរព​ប្រពៃណី​របស់​ជន​ជាតិ ព្រៅ ព្នង កួយ​ទំពួន ចា​រាយ ស្ទៀង គ្រឹ​ង បាន​ធ្វើ​ពិធី​នេះ​ដូច​គ្នា»។

លោកតា​ទាង ប៊ុ​ន​ណាត បន្ត​ថា​«​ក្នុង​មួយ​ឆ្នាំ​មាន​២​ដង ហើយ​ខែមាឃ​នេះ​ថ្ងៃ​៩​កើត​១​ដង ខែ​ពិសាខ​ម្តង ធ្វើស្រែ​ធ្វើ​ចម្ការ​បាន​សុខសាន្ត ក្នុង​ភូមិករ តាំងពី​ជ្រូក​មាន់​ទា​អី គោក្របី​ឱ្យ​សុខសាន្ត ។ បើ​យើង​មិន​ធ្វើ​ទេវា​អន្តរាយ អាហ្នឹង​ជំនឿ​ណា​គឺ​គោរព​អ​ញ្ចឹ​ង​តែ​ម្តង ហើយ​បើសិនជា​ខ្ញុំ​ឧទាហរណ៍​ថា​វា​អស់​និស្ស័យ​ហើយ​មាន​ត​ដល់​អំបូរ​ចាស់ទុំ បន្ត​ៗ​ទៀត អត់​ចេះ​បាត់​ទេ តែ​ប៉ុណ្ណឹង​អត់ឱ្យ​បាត់​ទេ​ប្រពៃណី »​។

លោ​កឡឹង សុ​ន ជនជាតិ​ព្រៅ​នៅ​ភូមិ​កាតូត​បាន​លើក​ឡើង​ថា​ពិធី​នេះ​មិន​ខុស​ពី​ជនជាតិ​ខ្មែរ​ធ្វើ​បុណ្យ​ចូលឆ្នាំ​ទេ តែ​ជនជាតិភាគតិច​មិន​បាន​ទៅ​ធ្វើ​នៅ​វត្ត មក​ធ្វើ​នៅ​រោង​អ្នកតា​ជាទី​កន្លែង​គោរព​បូជា ។ លើក​នេះ​ក៏​ដូច​សព្វដង​ដែរ មេកន្ទ្រាញ​តែង​កោះហៅ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ប្រមូលគ្នា​យក​អាហារ នំចំណី មក​ជួបជុំ​សែនព្រេន នៅ​ចំពោះ​មុខ​អ្នកតា​ភ្នំ ។ មាន​មាន់ អង្ករ បង្អែម អន្សម យក​ថ្វាយ​អារក្ស អ្នកតា ដើម្បី​ជួយ​ថែ​ឱ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា ។

អ្នកស្រី​វេ​ង សា​រឿ​ន និយាយ​ថា «​កូនចៅ​ជនជាតិ​មិន​ដែល​មើល​រំលង​ប្រពៃណី​ទេ តែង​គោរព​តាម​ចាស់ទុំ​ដឹកនាំ ធ្វើ​ពិធីសែនព្រេន​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​និយម​ថា​ពេល​ធ្វើ​ហើយ​ទទួល​បាន​សេចក្តីសុខ​ចម្រើន ក្នុង​ការ​រស់នៅ និង​ដំណាំ ផ្សេង​ៗ​ដាក់ចុះ​ដុះ​ឡើង​បាន​ផ្លែផ្កា »​។

ជនជាតិភាគតិច​ធ្វើ​ពិធី​សែន​ទៅ​តាម​អំបូរ​រៀង​ៗ​ខ្លួន​ដូច​ជា សែន​ឡើងអ្នកតា​ភ្នំ​សុំ​សុខ​ចម្រើន ។ សែន​ស្រូវ​ឡើង​ជង្រុក​ទុក​ភោគផល​ឱ្យ​គង់វង្ស ។ សែន​ប្រ​យុង​ស្រែ​ឱ្យ​អ្នកតា​ជួយ​ការពា​កុំឱ្យ​មាន​សត្វ​ចង្រៃ​យាយី ។ សែន​លាបំណន់​សង​កុំឱ្យ​មាន​ជាប់ជំពាក់​បំណុល​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ