រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាមួយគ្រឿងចូលក្នុងហាងកាហ្វេមួយកន្លែង ហើយទុកម៉ូតូមួយគ្រឿងនោះចោលពេញមួយថ្ងៃ មិនឃើញមកយក ត្រូវបានម្ចាស់ហាងកាហ្វេប្រគល់ម៉ូតូមួយគ្រឿងនោះទៅអោយសមត្ថកិច្ចប៉ុស្តិ៍នគបាលទំនប់ទឹកយកទៅរក្សាទុក ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅហាងកាហ្វេមួយកន្លែងជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ម៉ូតូមួយគ្រឿងដែលគេយកទៅទុកចោលនៅហាងកាហ្វេខាងលើ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៩៣២៩ ។

តាមសម្តីម្ចាស់ហាងកាហ្វេខាងលើសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ កុម្ភៈ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូខាងលើចូលហាងកាហ្វេរបស់គាត់ ហើយបុរសម្នាក់នោះបានហៅភេសជ្ជៈកូកាកូឡាផឹកមួយកំប៉ុង ភ្លាមៗនោះដែរ បុរសម្នាក់នោះបានអោយគាត់គិតលុយ នៅពេលគិតលុយរួច បុរសម្នាក់នោះក៏បានអោយលុយ តែខ្វះ៥០០រៀលសិន បន្ទាប់មកបុរសម្នាក់នោះដើរចេញទៅយ៉ាងលឿន ។

ពេលនោះដែរ គាត់បានហៅបុរសម្នាក់នោះអោយមកយកម៉ូតូដែរ តែបុរសម្នាក់នោះមិនមកយកនោះទេ គឺស្រែកប្រាប់គាត់វិញថា «៣នាទីទៀតមកយក» ។ លុះចាំបាត់ៗ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល គាត់ត្រូវបិទហាង ហើយណាមួយមិនឃើញម្ចាស់ម៉ូតូមិនមកយក ទើប គាត់បានសំរេចចិត្តរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកអោយទទួលមកយកម៉ូតូមួយគ្រឿងខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីស្វែងរកម្ចាស់ម៉ូតូឱ្យមកយកទៅប្រើប្រាស់វិញ ៕

ចែករំលែកព័តមាននេះ