ឆ្លងផ្លូវជាតិ​លេខ៥ ស្រាប់តែ​ជួបគ្រោះស្លាប់​ក្មួយអាយុ​៦​ឆ្នាំ​ រីឯម្តាយមីងកំពុងសង្គ្រោះ​បន្ទាន់​


រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ស្ត្រី​ជា​ម្តាយមីង​បាន​រង​របួសធ្ងន់ ខណ​ៈជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ​ជាតិ​លេខ​៥ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​ជែង​រថយន្តដឹក​កុងតឺន័រ​មួយ​គ្រឿងទៀត​ រួច​មក​បុក​ពេញទំហឹង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​ឈ្មោះ សុខ ឡុ​ង អាយុ​៦​ឆ្នាំ រីឯ​ម្តាយមីង​ដែល​រង​របួសធ្ងន់​ឈ្មោះ នៅ សុភាព អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៥៤៨៩ បើកបរ​ដោយ​ឈ្មោះ រ៉ា សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​រង​គ្រោះជា​អ្នក​រួម​ដំណើរ ចំណែក​ម្តាយមីង​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FV-៣៩៥៤ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ​ជិត​ដល់​ផ្ទះ​ក៏​បាន​បត់​ឆ្វេង​ដើម្បី​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​បាន​បើក​ជែង​ខាងឆ្វេង​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​អោយ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​នៅ​កន្លែង ហើយ​ម្តាយមីង​ដែល​ជា​អ្នកបើកបរ​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​ផង​ដែរ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត និង​រថយន្ត ព្រមទាំង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ