យុទ្ធនាការការពារខ្សែក្រវាត់ស្ថាប័នWBO ក្នុងប្រភេទទម្ងន់ Light-heavyweight ជាលើកទី៦របស់កីឡាករណាថាន់ ក្លេវើលីត្រូវបានបញ្ចប់នៅដើមទឹកទី៤បន្ទាប់ពីរូបគេពុំអាចស៊ូបាននឹងកណ្តាប់ដៃកីឡាករមិនធ្លាប់ចាញ់របស់រុស្ស៊ីសឺហ្គៃ កូវ៉ាលេវអំឡុងការប្រកួតកាលពីរាត្រីថ្ងៃសៅរ៍ទី១៧ សីហា នៅសង្វៀន Motorpoint Arena ស្ថិតក្នុងក្រុង Cardiff ប្រទេសអង់គ្លេស ។
ក្លេវើលីវ័យ២៦ឆ្នាំបានស្គាល់រសជាតិនៃការសន្លប់ត្រូវអាជ្ញាកណ្តាលរាប់ជាលើកទី១ក្នុងអាជីពប្រកួត២៧លើកក្រោយពីភ្លាត់ចូល១ដៃយ៉ាងពេញទំហឹងរបស់កូវ៉ាលេវក្នុងទឹកទី៣ ។ ប៉ុន្តែ រូបគេនៅអាចបន្តការប្រកួតបានក្នុងទឹកទី៤ក៏ព្រោះជួងបញ្ចប់ទឹកទី៣ជួយសង្គ្រោះ ។ យ៉ាងណាក៏ដោយ ទីបំផុតម្ចាស់ខ្សែក្រវាត់រូបនេះនៅតែមិនអាចគេចផុតពីការបរាជ័យខណៈផ្ទៃមុខរបស់គេបន្តរងការវាយប្រហារផ្ទួនៗពីកូវ៉ាលេវ ។
អាជ្ញាកណ្តាលបានសម្រេចបញ្ចប់ការប្រកួតក្នុងទឹកទី៤ដែលទើបចាប់ផ្តើមបាន២៩វិនាទី ។ គួរកត់សម្គាល់ថា នេះគឺជាការបរាជ័យលើកទី១របស់ក្លេវើលីក្នុងអាជីពប្រកួត២៧លើក ។ ប្រកួតចុងក្រោយកាលពីពេលថ្មីៗកន្លងមកនេះ កីឡាករសញ្ជាតិវែលរូបនេះ បានយកឈ្នះកីឡាករកូសូវ៉ូ Robin Krasniqui ដោយពិន្ទុ ការពារបាននូវខ្សែក្រវាត់របស់ខ្លួនជាលើកទី៥ ។ ថ្លែងបន្ទាប់ពីការប្រកួតក្លេវើលីបានបញ្ជាក់ថា៖«ការបរាជ័យនេះមិនមានអ្វីដែលជាការអៀនខ្មាសនោះទេ ។ កូវ៉ាលេវពិតជាខ្លាំងមែន ។ កណ្តាប់ដៃដ៏ធ្ងន់របស់គេពិតជាធ្វើឱ្យវង្វេងទិស ។
នៅពេលមុននេះ ក្លេវើលីមានគោលដៅឯកភាពខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ Light heavyweightតាមរយៈ ការផ្តួលម្ចាស់ខ្សែក្រវាត់ស្ថាប័ន IBF បឺណាដ ហប់ឃីននិងម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBA -Beibut Shumenov។ តែក្តីរំពឹងរបស់គេទាំងនេះបានក្លាយទៅជាស្រមោលហើយខណៈរូបគេចាញ់កូវ៉ាលេវកំពូលជើងខ្លាំងខាងផ្តួលគូប្រកួតឱ្យសន្លប់ ។
ស្ថិតក្នុងវ័យ៣០ឆ្នាកូវ៉ាលេវ នៅក្នុង២៣ប្រកួតគឺគេឈ្នះ២២លើកស្មើ១លើក និងផ្តួលគូប្រកួតឱ្យសន្លប់បាន២០លើក ។ នេះជាលើកទី១ហើយដែលរូបគេទទួលបានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ។ គេបានថ្លែងថា៖«គោលដៅរបស់ខ្ញុំគឺយកឈ្នះខ្សែក្រវាត់ពិភពលោកមួយស្ថាប័នឱ្យបានឆាប់បំផុត ។ ដូច្នេះខ្ញុំធ្វើបានសម្រេចហើយ »៕
ចែករំលែកព័តមាននេះ