រាជធានីភ្នំពេញ ៖ យុវជនជាជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកគ្នា២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីរូបគេ និងបក្សពួកម្នាក់ទៀតនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក HUAWEI មួយគ្រឿងពីនារីវ័យក្មេងជនជាតិអាមេរិកាំងម្នាក់ កំពុងតែដើរកាន់នៅក្នុងដៃមិនបានសម្រេច ភ្លាត់ស្នៀតដួលម៉ូតូ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចក្របួចបានម្នាក់ និង ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលនោះ ។

ករណីនេះដែរបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចផ្លូវលេខ១១៣កែងផ្លូវ៣៤៨ (ក្បែរសារមន្ទីរគុកទួលស្លែង) ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា យុវជនជាជនសង្ស័យដែលបានចាប់ឃាត់ខ្លួននេះមានឈ្មោះ ហេង តុង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ សាលាឯកជនមួយ មានទីលំនៅក្បែរអង់តែនទួលគោក ក្នុងសង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុនារីវ័យក្មេងរងគ្រោះជាជនជាតិជាតិអាមេរិកាំងម្នាក់ បានដើរកាន់ទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ខ្មៅ របស់ខ្លួនមួយគ្រឿង នៅក្នុងដៃ លុះមកដល់ចំណុចខាងលើក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក nex ពណ៌សលាយក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខភ្នំពេញ ១HF-០៩៥៩ មួយគ្រឿងទៅក្បែរ ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកគ្នា២នាក់នោះបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីនារីរងគ្រោះជាជនជាតិអាមេរិកាំងម្នាក់ខាងលើ តែមិនបានសម្រេចក៏ភ្លាត់ស្នៀតដួលម៉ូតូ ហើយក៏ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ភ្លាម ។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចក៏ធ្វើការប្រគល់ទូរស័ព្ទដៃម៉ាក HUAWEI មួយគ្រឿងនោះទៅអោយនារីរងគ្រោះជាជនជាតិអាមេរិកាំងខាងលើវិញ ចំណែកឯយុវជនជាសង្ស័យបាននាំមកកាន់នគរបាលប៉ុស្តិ៍បឹងកេងកងទី៣ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌចំការមនចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ