ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារដោយអាវុធខ្លី ប៉ុន្តែសំណាងល្អបានរួចផុតពីសេចក្ដីស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងលាងម៉ូតូមួយកន្លែងតាមបណ្ដោយផ្លូវបេតុងក្នុងភូមិបាលិលេយ្យ១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៧យប់ថ្ងៃទី១៤ សីហា ។ ជនរងគ្រោះឈ្មោះហាក់ លី អាយុ៥៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៣Bក្បែរកន្លែងកើតហេតុ បានរងរបួស២កន្លែងគឺចំស្មាខាងឆ្វេង និងក្រោមដើមដោះខាងឆ្វេង ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AQ- ១០៤៨ ទៅលាងនៅចំណុចខាងលើ លុះដាក់ចន្ទល់ម៉ូតូរួចក៏ស្រាប់តែមានជន២នាក់ ជិះម៉ូតូមកឈប់ក្បែរនេះ ។ បន្ទាប់មក ជនម្នាក់បានចុះពីម៉ូតូមកបាញ់ជនរងគ្រោះចំនួន២គ្រាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បណ្ដាលឱ្យជនរងគ្រោះដេកដួលនៅនឹងកន្លែង ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច ទំនងជាគិតថា ជនរងគ្រោះស្លាប់ក៏រត់ឡើងម៉ូតូដែលមានបក្សពួកម្នាក់បញ្ឆេះចាំជាស្រេចម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនស្គាល់ស៊េរី ជិះទៅទិសខាងលិចបាត់ស្រមោលទៅ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមរ៉ឺម៉កម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តកម្ពុជា-ជប៉ុនមង្គលបុរីទៀត ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធដើម្បីបើកការស្រាវជ្រាវរកវត្ថុតាងដែលជាប់ពាក់ព័ន្ធ និងរកឃើញសម្បកគ្រាប់អាវុធខ្លីចំនួន២នៅកណ្ដាលទីតាំងលាងម៉ូតូដែលជាកន្លែងកើតហេតុ ។ តាមប្រភពពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី នៅព្រឹកថ្ងៃទី១៥ សីហា បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងពង្រឹងការការពារជនរងគ្រោះព្រោះខ្លាចជនសង្ស័យតាមសម្លាប់ផ្ដាច់ជីវិតម្ដងទៀត ។ ប្រភពបន្តថា ជនរងគ្រោះនៅពេលនេះដឹងខ្លួនហើយ ប៉ុន្តែមិនទាន់អាចនិយាយបានទាំងស្រុងនៅឡើយទេ ។ តាមប្រពន្ធជនរងគ្រោះឈ្មោះសែម សុកត់ អាយុ២៧ឆ្នាំ ប្រាប់ថា ប្ដីរបស់គាត់មិនដែលមានទំនាស់អ្វីជាមួយអ្នកជិតខាងទេ ប៉ុន្តែប្ដីរបស់គាត់ក្រៅពីរត់ម៉ូតូក៏តែងលេងល្បែងភ្នាល់ដូចជា កីឡាប្រដាល់ ចាក់បាល់ និងល្បែងផ្សេងៗទៀត ។ បញ្ហានេះធ្វើឱ្យមានការសង្ស័យថា អាចមានជម្លោះអ្វីមួយនៅពេលលេងល្បែងភ្នាល់ក៏ថាបាន ។
ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។ មន្ត្រីសមត្ថកិច្ចបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៥ សីហា ថា ចំពោះសម្បកគ្រាប់អាវុធខ្លីដែលរកឃើញនៅកន្លែងកើតហេតុមិនទាន់ដឹងថាជាប្រភេទម៉ាកអ្វីនៅឡើយទេ ហើយពេលនេះមន្ត្រីជំនាញកំពុងយកទៅពិនិត្យតាមបច្ចេកទេស ៕
ចែករំលែកព័តមាននេះ