រាជធានីភ្នំពេញ ៖ យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ។
របាយការណ៍របស់ក្រសួងរៀបចំដែនបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់ ។ កំណើនប្រជាសាស្ត្រនេះ នឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង ។
ជាមួយគ្នានេះ យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution កាលពីឆ្នាំ២០១៨ ក៏បានរកឃើញផងដែរថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាននាក់ ជាពេលវេលាដែលធ្វើឲ្យប្រជាជនកាន់តែច្រើន នឹងរស់នៅតាមខុនដូ ដោយសារ ៖ ១- កំណើនប្រជាសាស្ត្រធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ។ ២- តម្លៃអចលនទ្រព្យ ពិសេសលំនៅឋាននឹងមានតម្លៃខ្ពស់ ដែលប្រជាពលរដ្ឋថ្នាក់កណ្តាលមិនមានលទ្ធភាពទិញនៅក្នុងទីក្រុងបាន តែពួកគេអាចទិញនៅជាយក្រុងដែលលំបាកក្នុងការធ្វើដំណើរ ។ ៣- ការរីកចម្រើនបច្ចេកវិទ្យានឹងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង ដោយអ្នករស់នៅតាមខុនដូ ឬលំនៅឋាននានាអាចកុម្មង់អាហារទទួលទានកាន់តែងាយស្រួល ។
៤- លក្ខខណ្ឌកន្លែងការងារ ដែលប្រជាពលរដ្ឋមិនចង់រស់នៅឆ្ងាយការិយាល័យ ហើយពួកគេងាកមករស់នៅខុនដូ ដែលស្ថិតនៅជិតកន្លែងការងាររបស់ពួកគេ ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ មិនមានចំនួនច្រើននោះទេ គឺមួយគីឡូម៉ែត្រមានដង់ស៊ីតេត្រឹមជាង២ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍មានការកើនឡើងខ្ពស់ ខុសពីបណ្តាប្រទេសក្នុងតំបន់ដូចជា ទីក្រុងបាងកក ប្រទេសថៃ, ទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ដែលមានប្រជាជនរស់នៅចន្លោះ៤ពាន់ទៅ៥ពាន់នាក់ក្នុង១គីឡូម៉ែត្រ តែបញ្ហាចរាចរណ៍ហាក់មិនអាក្រក់ណាស់ណានោះ ទេ ។ អ្នកនាងបន្តថា ៖« រាជរដ្ឋាភិបាលគួរចាត់វិធានការទៅលើបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ តាមរយៈការដាក់ចេញវិធានការអប់រំ និងជំរុញឲ្យអ្នកបើកបរគោរពច្បាប់ ធ្វើយ៉ាងណាឲ្យពួកគេយល់ដឹងពីច្បាប់ » ៕
ចែករំលែកព័តមាននេះ