ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ សោកស្តាយ​ចំពោះ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ ដល់​គោលការណ៍​អនុសញ្ញា​អូ​តា​វ៉ា និង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋ​ភាគី​អនុសញ្ញា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​មីន បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​មីន បានឱ្យ​ដឹង​ថា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ ដល់​គោលការណ៍​អនុសញ្ញា​អូ​តា​វ៉ា និង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋ​ភាគី​អនុសញ្ញា ។ ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់ ឯកឧត្ដម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន ក្នុង​ឱកាស​កម្ពុជា​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​អម​ស្តី​ពី «​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ពិភពលោក​មួយ​គ្មាន​មីន​» កាលពី​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។

អាជ្ញាធរ​មីន ឱ្យ​ដឹង​តៀត​ថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ លើក​ឡើង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ និង​ការ​ចូលរួម​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍ និង​សហគមន៍​អន្តរជាតិ កម្ពុជា​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅ​ជា​ប្រទេស​ឈានមុខ​ក្នុង​សកម្មភាព​មីន និង​ក្លាយជា​ដៃគូ​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​ផ្សេង​ទៀត ដែល​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។

កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ចូលរួម​គាំទ្រ​ដែល​កម្ពុជា ផ្តល់​ទៅ​កាន់​ប្រទេស​រង​គ្រោះ​ដទៃ គឺ​ដោយសារ​កម្ពុជា​យល់​ច្បាស់​អំពី​ទុក្ខ​លំបាក​ដែល​បង្ក​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ​កម្ពុជា​ជឿជាក់​ថា មាន​តែ​កិច្ច​សហប្រតិបត្តិការ និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ទេ ដែល​អាច​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​គោលដៅ​មនុស្សធម៌​របស់​អនុសញ្ញា​អូ​តា​វ៉ា ។ ជាមួយ​គ្នា​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ក៏​បាន​លើក​ឡើង​អំពី​ស្ថានការណ៍​នៅ​តាម​តំបន់​ព្រំដែន និង​បាន​បង្ហាញ​ពី​ចេតនា​របស់​ថៃ​ដែល​ប្រើប្រាស់​ឧប្បត្តិហេតុ​ផ្ទុះ​មីន​ធ្វើការ​ចោទប្រកាន់​មក​លើ​កម្ពុជា​គ្មាន​មូលដ្ឋាន គ្មាន​ការ​ពិត និង​គ្មាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ដើម្បី​ជា​មូលហេតុ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​មក​លើ​កម្ពុជា ដែល​បាន​បង្ក​ការ​រង​គ្រោះ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​តំបន់​ព្រំដែន ។

ប្រភព​ដដែល​ឱ្យ​ដឹង​បន្ថែម​ថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ ដល់​គោលការណ៍​អនុសញ្ញា​អូ​តា​វ៉ា និង​ស្មារតី​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋ​ភាគី​អនុសញ្ញា ។ ឯកឧត្តម​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ត្រៀម​ខ្លួ​ច​រួចរាល់​ក្នុង​ការ​ផ្តល់​កិច្ចសហការ និង​បន្ត​អនុវត្ត​តាម​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា និង​ធានា​បាន​សន្តិភាព ស្ថិរភាព និង​សុខ​សុវត្ថិភាព​របស់​ប្រជាជន ។

កិច្ច​ពិភាក្សា​នៃ​ព្រឹត្តិការណ៍​អម បាន​ផ្តោត​សំខាន់​លើ​ពី​តួនាទី​សំខាន់​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​មាត្រា ៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា អត្ថប្រយោជន៍​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ គំរូ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ជំរុញ​ដល់​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ដើម្បី​រួម​គ្នា​សម្រេច​បាន​គោលដៅ​ពិភពលោក​មួយ​ដែល​គ្មាន​មីន ។

កិច្ច​ពិភាក្សា​នេះ មានការ​ចូលរួម​វាគ្មិន​ពី​អង្គការ​-​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ និង​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា រួម​មាន​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស្សន៍ (NPA) ម​ជ្ឍ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) មជ្ឈមណ្ឌល​អន្តរជាតិ​ហ្សឺ​ណែវ​សម្រាប់​ការ​បោសសម្អាត​មីន​មនុស្សធម៌ (GICHD) អាជ្ញាធរ​ជាតិ​សកម្មភាព​មីន​កូ​ឡុំ​ប៊ី អង្គភាព​គ្រប់គ្រង​សព្វាវុធ​ប្រទេស​ជប៉ុន និង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ