ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​សំរាម​មុខ​ផ្សារ​អ្នក​លឿង​គរ​ដូច​ភ្នំ​…​ពលរដ្ឋ​នាំ​គ្នា​រអ៊ូរ​រទាំ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ មុន​ចូល​ឆ្នាំ​ចិន និង​ថ្ងៃ​ទី​៤ កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន គ្រាន់តែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ខាង​មុខ​ផ្សារ​អ្នក​លឿង…

ខេត្តព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ មុន​ចូល​ឆ្នាំ​ចិន និង​ថ្ងៃ​ទី​៤ កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន គ្រាន់តែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ខាង​មុខ​ផ្សារ​អ្នក​លឿង គំនរ​សំរាម​បាន​គរ​ឡើង​យ៉ាង​ខ្ពស់ រហូត​ហៀរ​ខ្ចាយ​លើ​ផ្លូវជាតិ​លេខ​១​ថែម​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្លិនស្អុយ​បាន​សាយ​ភាព​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ផ្សារ និង​លើ​ដងផ្លូវ ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​ទិញ​ទំនិញ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​រអ៊ូរទាំ​គ្រប់​គ្នា​។

ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​ជាប់​ទីតាំង​គំនរ​សំរាម​នេះ បាន​ប្រាប់​អោយ​ដឹង​ថា សំរាម​គរ​ច្រើន​ខ្លាំង​ទើបតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃមុន​ចូល​ឆ្នាំ​ចិន​ដែល​បងប្អូន​ជាប់សែស្រឡាយ​ចិន សំរុក​មក​ទិញ​ម្ហូបអាហារ​របស់របរ​សែនព្រេន​សំរាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទី​១ គឺ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ​តែ​ម្តង​។

អាជីវករ​ដដែល​នេះ​បាន​បញ្ជាក់​ថា សំរាម​នៅ​គរ​ច្រើន​បែប​នេះ មិនមែន​ក្រុម​អ្នក​ប្រមូល​សំរាម​មិន​ធ្វើការ​នោះ​ទេ គឺ​គេ​ប្រមូល​ដូច​សព្វដង ប៉ុន្តែ​ដោយសារ​សំរាម​ច្រើន កម្មករ​ប្រមូល​មាន​គ្នា​តិច ហើយ​រថយន្ត​ដឹក​មាន​តែ​មួយទៀត ទើប​ធ្វើ​អោយ​ការ​ប្រមូល​យឺតយ៉ាវ​បែប​នេះ​។

ចំណែក​ខាង​ក្រុម​អ្នក​ប្រមូល​សំរាម​វិញ​បាន​អះអាង​ថា ជា​ធម្មតា​សំរាម​នៅ​មុខ​ផ្សារ​អ្នក​លឿង​នេះ ពួក​គាត់​ប្រមូល​ចេញ​អស់ មិន​ដែល​អោយ​នៅ​សល់​១​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ​ការ​យឹត​យ៉ាវ​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​សំរាម​ច្រើន​ពេក កាក​សំណល់​សំរាម​របស់​អាជីវករ​ច្រើន ហើយ​ថែម​ទាំង​មាន​អ្នកស្រុក​ជិត​ៗ​នោះ​បាន​ប្រមូល​សំរាម​ពី​តាម​ផ្ទះ​របស់​ខ្លួន​មក​ចាក់​នៅ​ទីតាំង​នេះ​ច្រើន​ថែម​ទៀត ទើប​ធ្វើ​អោយ​សំរាម​កាន់តែ​ច្រើន រហូត​ដល់​ប្រមូល​មិន​ទាន់​បែប​នេះ តែ​ទោះជា​យ៉ាងណា​ពួក​គាត់​អះអាង​ថា នឹង​ប្រមូល​កើប​យក​ចេញ​ទាល់តែ​អស់​នៅ​ក្នុង​ថ្ងៃ​ទី​៥ កុម្ភៈ នេះ​។

ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​វិញ​បាន​លើក​ឡើង​ថា មិន​ថា​តែ​ចូល​ឆ្នាំ​ចិន​ទេ ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជំបិណ្ឌ ឬ​បុណ្យ​ទាន​ផ្សេង​ៗ ទីតាំង​ដាក់​សំរាម​មុខ​ផ្សារ​អ្នក​លឿង​នេះ គឺ​តែងតែមាន​សំរាម​គរ​ដូច​ភ្នំ​រាល់​លើក និង​តែងតែ​បង្ក​នូវ​ផល​ប៉ះពាល់​អ្នកស្រុក និង​អ្នកដំណើរ​ជា​ខ្លាំង ដូច្នេះ​ពួក​គាត់​ស្នើ​សុំ​អោយ​ខាង​អាជ្ញាធរ ជួយ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់សំរាម គឺ​ឈប់​អោយ​ចាក់​នៅ​មុខ​ផ្សារ​ទៀត សុំ​អោយ​យក​ទៅ​ដាក់​នៅ​ទីតាំង​ផ្សេង ដែល​មិន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នកស្រុក​ដូច​សព្វ​ថ្ងៃនេះ​។

ចំពោះ​បញ្ហា​នេះ ខាង​អាជ្ញាធរ​ឃុំ និង​ស្រុក​បាន​អះអាង​ថា កំពុង​គិតគូរ​រក​ទីតាំង​ផ្សេង​ហើយ​ដែរ ប៉ុន្តែ​ពេល​នេះ​នៅ​រក​មិន​ទាន់​បាន ព្រោះ​នៅ​ជុំវិញ​ផ្សារ​សុទ្ធតែ​ផ្ទះ​អ្នកស្រុក បើ​យក​ទៅ​ឆ្ងាយ ពិបាក​ដល់​ក្រុម​អាជីវករ ដូច្នេះ​ហើយ​ទើប​ដោះស្រាយ​មិន​ទាន់​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ