ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញស្រុកបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាកសាន់យ៉ាន់ ពណ៌ខៀវ គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ និងអ្នករួមដំណើរ២នាក់ជិះលើម៉ូតូសណ្តោងរ៉ឺម៉កនោះម្នាក់ឈ្មោះ ភឿន មុំ ភេទស្រី បានរងរបួសស្រាល និងម្នាក់ទៀតឈ្មោះ ឡាយ គុយ ភេទស្រីអាយុ៣ខែ ត្រូវជាកូន រងរបួសស្រាល ។ ជនរងគ្រោះទាំង២មានទីលំនៅចំនុចកើតហេតុ។
ចំណែកភាគីម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ម៉ាកហ្វីតទ័រ ពណ៌ត្របែកព្រៃ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផេង ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឆន កន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់។
សមត្ថកិច្ចជំនាញស្រុកបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មានដឹកអ្នករួមដំណើរ២នាក់ ធ្វើដំណើរក្នុងទិសដៅពីវាលរេញទៅកំពត លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូសណ្តោងរ៉ឺម៉កបានបត់ឆ្វេង ពេលនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់ មកដល់បានបុកគ្នាពេញទំហឹង បណ្តាលឱ្យ អ្នកបើកបរម៉ូតូម៉ាកហ្វីតទ័រ ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ និងអ្នកជិះពីក្រោយ ម្នាក់បានរងរបួសធ្ងន់ ។ ចំណែកអ្នកជិះលើម៉ូតូសណ្តោងរ៉ឺម៉ក២នាក់បានរងរបួសស្រាល រីឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ព្រមទាំងយកម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅនគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ