ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​ពេលវេលា​ដើម្បី​ឈាន ចូល​បដិវត្តន៍​ឧស្សាហកម្ម​ទី​4

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា កម្ពុជា​ត្រូវកា​រយៈពេល​មួយ​សម​ស្រប ដើម្បី​កែប្រែ​ផ្លាស់ ឬ​ប្តូរ​ទៅ​រក​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ រួម​ជាមួយ​ការ​ជំរុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ​ផង​ដែរ ។ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា កម្ពុជា​ត្រូវកា​រយៈពេល​មួយ​សម​ស្រប ដើម្បី​កែប្រែ​ផ្លាស់ ឬ​ប្តូរ​ទៅ​រក​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ រួម​ជាមួយ​ការ​ជំរុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ​ផង​ដែរ ។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ទឹង ស៊ី​នី បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ម្សិលមិញ​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈាន​ចូល​ទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​កម្ពុជា​ត្រូវការ​អភិ​ឌ្ឍ​ន៍​លើ​ផ្នែក​បច្ចេកទេស និង​បច្ចេកវិទ្យា ពោល​គឺ​ការ​ប្រតិបត្តិ​នៅ​ក្នុង​ដំណើរ​ឧស្សាហកម្ម ដែល​ត្រូវ​ជៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម និង​បញ្ហា​សុខភាព ជា​ពិសេស​ការ​បង្កើត​រោងចក្រ តាម​ប្រព័ន្ធ​បែប​ទំនើប​កម្ម​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ជំរុញ​ផលិត​នូវ​ផលិតផល​លឿន និង​មានគុណ​ភាព ។ លោក​បន្ត​ថា ៖« ការ​ឈាន​ចូល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ កម្ពុជា​មិន​អាច​ធ្វើ​ដោយ​គំហុក​បាន​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផង​ដែរ »​។

លោក​បាន​បន្ថែម​ថា ៖« ដូច្នេះ​ការ​ជំរុញ​អភិវឌ្ឍន៍​ដើម្បី​ឈាន​ចូល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ គឺ​កម្ពុជា​នឹង​ជំរុញ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​កំពុង​អនុវត្តន៍​បច្ចុប្បន្ន និង​រោងចក្រ​ដែល​បង្កើត​ថ្មី ឈាន​ទៅ​បំពាក់​គ្រឿង​បច្ចេកវិទ្យា​ទំនើប​ៗ »​។ ជាមួយ​គ្នា​នេះ កម្ពុជា​ត្រូវការ​ជំរុញ​អភិវឌ្ឍន៍ ផ្នែក​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ ទាំង​ផែ្ន​ក​សាធារណៈ និង​ផ្នែក​ឯកជន ទើប​អាច​ដើរ​ឈាន​ចូល​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤​បាន ។

ជំនួយការ​បច្ចេកទេស​ផ្នែក​គ្រប់គ្រង ក្រុមហ៊ុន iOne លោក អុក សេរី​វុ​ធ បាន​មាន​ប្រសាសន៍​ថា ការ​វិវត្តន៍​នៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​គឺជា​ផ្នែក​មួយ​នៃ​ការ​តម្រង់​ទិស​ក្នុង​ការ​ចូល​ចំណែក​នៅ​លើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ។ លោក​បន្ដ​ថា ៖« បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​នាំ​ចូល​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​គ្រប់​ក្រុមហ៊ុន និង​ស្ថាប័ន ដើម្បី​ងាយស្រួល​ក្នុង​ការ​រក្សា​សុវត្ថិភាព​ទិន្នន័យ​របស់​ខ្លួន »​។ បណ្តា​ប្រទេស​ក្នុង​ពិភពលោក​មួយ​ចំនួន បាន​និង​កំពុង​ឈាន​ចូល​ទៅ​កាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​នេះ​ក្នុង​ដំណើ​ការ​ធ្វើ​អាជីវកម្ម និង​ការ​រស់នៅ​របស់​មនុស្សជាតិ ហើយ​កា​រវិ​វត្ត​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា បាន​និង​កំពុង​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ។

អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជា​រឿង​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ប្រទេស​នេះ​ត្រូវការ​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ច្រើន ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ឧស្សាហកម្ម​នេះ ប៉ុន្តែ​កម្ពុជា​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ផ្នែក​នេះ​នៅឡើយ​ទេ ។

លោក​មាន​ប្រសាសន៍​ថា ៖« កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង​និង​ទន់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ »​។
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​ត្រូវការ​រយៈពេល​១៥​ឆ្នាំ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ទាញ​យក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រោះ​បើ​កម្ពុជា​រៀបចំ​ការងារ​នេះ​បាន​ល្អ សេដ្ឋកិច្ច​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​លឿន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ