ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូវ ស្រី​ពៅ នៅ​តែ​រំភើប​ចិត្តនឹង​វត្តមាន ហក់​​ចូល​សង្វៀន ​ONE Championship

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា កីឡាការិនី នូវ ស្រី​ពៅ បាន​ក្លាយជា​សមាសភាព​ថ្មី​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ធំ​មួយ ។ នាង​នឹង​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា កីឡាការិនី នូវ ស្រី​ពៅ បាន​ក្លាយជា​សមាសភាព​ថ្មី​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ធំ​មួយ ។ នាង​នឹង​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍ ONE CLASH OF LEGENDS នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​សៅរ៍ ទី ១៦ ខែកុម្ភៈ ខាង​មុខ​។

កីឡាការិនី នូវ ស្រី​ពៅ ដែល​ទើបតែ​មាន​អាយុ ២៣​ឆ្នាំ បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​ត្រូវ​គេ​ជ្រើស​ជា​តំណាង​កម្ពុជា ដាក់​ឱ្យ​ប្រកួត​តំណាង​ក្លិប Cambodian Top Team (CTT) ហើយ​ត្រូវ​ផ្គូផ្គង​ឲ្យ​ប៉ះ​ជាមួយ​កីឡាការិនី​ថៃ​នាង Rika Ishige​។

ស្រី​ពៅ និយាយ​ថា នាង​កាន់តែ​សប្បាយ​ចិត្ត​ដែល​អាច​ធ្វើ​ឱ្យ​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​ជាមួយ​នាង​នៅ​ដើមឆ្នាំ​២០១៩​នេះ ។ នាង​ថា ខ្លួន​ជា​អ្នក​ប្រដាល់​ស្រី​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី Lethwei World Championship ដោយ​បាន​ក្លាយជា​ជើងឯក​ខ្សែក្រវាត់ Kun Khmer World Champion​។

នាង​ថា ខ្លួន​បាន​បន្ថែម​ជំនាញ​ខាង​គុន​ចម្រុះ​មួយទៀត ប៉ុន្តែ​វគ្គ​ដំបូង​ក្នុង​ការ​ប្រកួត គឺ​ត្រូវ​ដំឡើង​ទម្ងន់​ឱ្យ​ដល់​៥២​គីឡូក្រាម​សិន​ដើម្បី​បាន​ប្រយុទ្ធ​ជាមួយ​កីឡាការិនី​ស្រី​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​ខាង​មុខ ។ នាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​មួយ​នេះ​អស់ហើយ បើ​ទោះជា​គូប្រកួត​ថៃ​នាង Rika គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​នាង​គួរតែ​ខ្លាចរអារ​ក្ដី ។

នៅ​ក្នុង​ប្រទេស​ថៃ គូប្រកួត​របស់​ខ្លួន​បាន​ជាប់​ឈ្មោះ “The Land Of Smiles” បន្ទាប់​ពី​នាង​ចាប់ផ្តើម​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship តាំងពី​ឆ្នាំ​២០១៧ ហើយ​ក្លាយជា​កីឡាការិនី​ល្បី​។ មក​ដល់​សព្វថ្ងៃ នាង​មាន​ប្រវត្តិ​ឈ្នះ​៤​ដង ចាញ់ ២​ដង ហើយ​ឈ្នះ​៤​ដងនោះ​សុទ្ធតែ​ផ្តួល​ដៃគូ​មុន​ចប់​ទឹក​ទាំងអស់ ។ ប៉ះ​គូប្រកួត​ជាមួយ​រូប​នាង​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ ស្រី​ពៅ ប្រាប់​ថា មិន​អាច​មើល​ស្រាល​គូប្រកួត​បាន​ទេ ក្នុង​ពេល​ដែល​ខ្លួន ក៏​ត្រូវការ​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ ដែល​នាង​ប្រាប់​ថា​មិន​អាច​ចាញ់​បាន​។

ស្រង់​សំដី​ជាមួយ​អ្នក​សារព័ត៌មាន​កន្លង​មក កញ្ញា​ស្រី​ពៅ រៀបរាប់​ថា​៖ «​ខ្ញុំ​អរ​ផង រំភើប​ផង តែ​ក៏​ភ័យ​ណាស់​​ដែរ ។ ខ្ញុំ​អត់​ធ្លាប់​វាយ MMA ពី​មុន​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ហាត់​ឲ្យ​ខ្លាំង​ឲ្យ​អស់ពី​សមត្ថភាព ។ ភាគច្រើន​គេ​ថា​ខ្ញុំ​ទៅ​មិន​រួច​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ប្រឹង​ទាល់តែ​ទៅ​រួច​ហ្នឹង​!»​។

ទាក់ទង​នឹង​ដំណឹង​ថា បាន​ទៅ​ប្រកួត​នៅ ONE Championship តាម​ពិត​ត្រូវ​បាន​មនុស្ស​ម្នា​លេចឮ​សឹង​ពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ ប៉ុន្តែ​នូវ ស្រី​ពៅ ប្រាប់​ថា ខ្លួន​បានដឹង​តែ​ពី​លោកគ្រូ​ចាន់​រាជ ដែល​ជា​គ្រូបង្វឹក​របស់​នាង​ប៉ុណ្ណោះ​។ នាង​និយាយ​ថា «​លោកគ្រូ​(​ចាន់​រាជ​) គាត់​តេ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ក្លិប​ថា​មានការ​បន្តិច​។ ពេល​ទៅ​ដល់ គាត់​ស៊ុប​ប្រាយ​ខ្ញុំ​ខ្លាំង​តែ​ម្តង ឲ្យ​ខ្ញុំ​ហាត់​ខ្លាំង​សឹង​ដាច់ខ្យល់ ។ ខ្ញុំ​អត់​មាន​ដឹង​ថា​ត្រូវ​ហាត់ អ៊ីចឹង​អត់​បាន​ត្រៀម​អី​បន្តិច​! អូយ​… សឹង​ដាច់ខ្យល់​!

ដល់​ហាត់​ហើយ​បាន​លោកគ្រូ​(​អតីត​អ្នក​ប្រដាល់ ONE Championship លោក Nicholas “JJ” Lee) សួរ​ខ្ញុំ​ថា ខ្ញុំ​ចង់វាយ​ដើម្បី​កេរ្តិ៍ឈ្មោះ ឬ​ក៏​ដើម្បី​លុយ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​វាយ​ដើម្បី​កេរ្តិ៍ឈ្មោះ អត់​ទាន់​គិត​រឿង​លុយ​ទេ​»​។

គួរ​បញ្ជាក់​ថា ស្រី​ពៅ ទើបតែ​ដឹង​ថា ខាង​ស្ថាប័ន ONE Championship ទាក់ទង​ឱ្យ​នាង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ក្រោយ​ពី​ព័​ត៌​មាន​ផ្ទុះ​ឡើង ។ នាង​ត្រូវ​ជ្រើសរើស​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ពីរ ដោយ​មួយ​គឺ​ប្រកួត​នៅ​ទីក្រុង​បាងកក ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS និង​មួយទៀត​គឺ​នៅ​ទីក្រុង​យាំង​ហ្គោ​ន ព្រឹត្តិការណ៍ ONE: REIGN OF VALOR ។ នាង​និយាយ​ថា​៖«​ខ្ញុំ​យល់​ព្រមទៅ​ប្រកួត​នៅ​ថៃ ។ ប៉ុន្តែ​លោកគ្រូ​ប្រាប់​ទុក​មុន​ថា​ដៃគូ​ខ្ញុំ​ម្នាក់​ហ្នឹង​ខ្លាំង​ណាស់​»​។

នូវ ស្រី​ពៅ ប្រកាស​ថា នាង​កំពុង​ត្រៀម​ហ្វឹកហាត់​ពេញទំហឹង សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ កញ្ញា Rika ដោយ​នាង​ប្រាប់​ថា ប្រឹងប្រែង​ហ្វឹកហាត់​មិន​ហ៊ាន​ប្រហែស​ខ្លួន​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​ការ​ប្រកួត​កាន់តែ​កៀក​នេះ ។

ថ្វីបើ​នាង​ពុំ​ទាន់​មានបទពិសោធន៍​ក្នុង​កីឡា​នេះ​ក៏​ពិតមែន តែ​នាង​ក៏​មាន​ទេព​កោសល្យ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្មែរ​មាន​ទំនុកចិត្ត​ផង​ដែរ ។ នាង​និយាយ​ថា «​លោក​គ្រូ (Lee)​សរសើរ​ខ្ញុំ​ថា ខ្ញុំ​ចាប់​ឆាប់​បាន​ណាស់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ពូកែ​ដៃ​ស្រាប់​ហើយ តែ​ខ្ញុំ​ត្រូវ​ប្រឹង​ហាត់​ចាប់​ឲ្យ​បាន ជា​ពិសេស​គូប្រកួត​ខ្ញុំគេ​ពូកែ​ខ្លាំង​ខាង​ចាប់​ក្រោម​ផង​»​។

ជាមួយនឹង​ដំណឹង​ដ៏​ល្អ​នេះ អ្នក​ប្រដាល់​ស្រី​ប្រចាំ​ក្លិប​ក្បាច់គុន CTT រូប​នេះ ត្រូវ​គេ​កត់​សម្គាល់ថា កំពុង​បោះ​ជំហាន​ធំ​ទៅ​មុខ ហើយ​ក៏​កំពុង​ត្រៀម​ការ​ហ្វឹកហាត់​គ្រប់​បែប​យ៉ាង​ទាំងអស់​ដើម្បី​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ជំរំ​ពិភព​គុន​ដ៏​ធំ​របស់​ពិភពលោក​ខែ​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ