ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​​ជ​ន​ពាល​​បា.ញ់​​បោះ​​សេរី​​ប្រចាំ​​ស្រុក​​អូរាំង​​ឪ​ ល្បី​ថា​​មា​ន​ឧកញ៉ា​ដង្ខៅ​​កៅស៊ូ​​ម្នាក់​រត់​​ការ​​សុំ​ដោះ​​លែង​

11 ឆ្នាំ មុន

ខេត្ដ​កំពង់​ចាម​​ ៖ ឈ្មោះ​ ងិន​ ប៊ុនថុន​ អាយុ​៣២​ឆ្នាំ​​ មាន​ប្រពន្ធ​កូន​ត្រឹម​ត្រូវ​រស់​នៅ​ភូមិ​លេខ​៤​ខាង​កើត​ ឃុំ​អំពិល​តាពក​ ស្រុក​អូរាំង​ឪ​ ជា​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ស្រុក​អូរាំង​ឪ​ភាគ​ច្រើន​ឱ្យ​ឈ្មោះ​ថា​ ជា​ជន​ពាល​មួយ​រូប​គួរ​ឱ្យ​ខ្លាច​បំផុត​​ ។​

ខេត្ដ​កំពង់​ចាម​​ ៖ ឈ្មោះ​ ងិន​ ប៊ុនថុន​ អាយុ​៣២​ឆ្នាំ​​ មាន​ប្រពន្ធ​កូន​ត្រឹម​ត្រូវ​រស់​នៅ​ភូមិ​លេខ​៤​ខាង​កើត​ ឃុំ​អំពិល​តាពក​ ស្រុក​អូរាំង​ឪ​ ជា​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ស្រុក​អូរាំង​ឪ​ភាគ​ច្រើន​ឱ្យ​ឈ្មោះ​ថា​ ជា​ជន​ពាល​មួយ​រូប​គួរ​ឱ្យ​ខ្លាច​បំផុត​​ ។​ ជន​នេះ​មាន​មុខ​របរ​មិន​ដែលស្រប​ច្បាប់​ទេ​ ក្រៅ​ពី​បើក​ល្បែង​ស៊ីសង​នៅ​ផ្ទះ​របស់​ខ្លួន​ នៅ​មាន​មុខ​របរ​ខុស​ច្បាប់​ច្រើន​ទៀត​ ដូច​ជា​រកស៊ី​ដឹក​ឈើ​គ្រញូង​ ឈើ​ប្រណីត​ និង​សង្ស័យ​រហូត​ដល់​គ្រឿង​ញៀន​ទៀត​ផង​ ដែល​សមត្ថកិច្ច​អត់​ហ៊ាន​បង្ក្រាប​ឡើយ​​ ។​ ដោយ​សារ​តែ​មិន​អាច​បង្ក្រាប​បាន​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យឈ្មោះ​ ងិន​ ប៊ុនថុន​ ប្រព្រឹត្ដ​អំពើ​អាក្រក់​បាន​សុខ​រហូត​មក​ សូម្បី​អ្នក​ស្រុក​អូរាំង​ឪ​ទាំង​មូល​ខ្លាច​ឈ្មោះ​នេះ​ជាប់​រហូត​ ទោះ​បី​ឈ្មោះ​នេះ​ប្រព្រឹត្ដ​អាក្រក់​អ្វី​ក៏​ដោយ​ ក៏​អត់​ហ៊ាន​និយាយ​ប្រាប់​សមត្ថកិច្ច​ដែរ​ ។​

ដោយ​សារ​គ្រប់​គ្នា​ខ្លាច​បែប​នេះ​ហើយ​ ធ្វើ​ឱ្យ​ ងិន​ ប៊ុនថុន​ ក្លាយ​ជា​មនុស្ស​កាន់​តែ​អាក្រក់​ឡើេងៗ​ រហូត​ដល់​បាញ់​បោះ​ដោយ​សេរី​ញឹក​ញាប់​ទៀត​ផង​ ធ្វើ​ឱ្យ​អ្នក​ស្រុក​អូរាំងឪ​កាន់​តែ​ខ្លាច​ឡើង​ រហូត​ខឹង​ដល់​រដ្ឋ​អំណាច​ថា​ «​ខ្សោយ​»​ ។​ ប៉ុន្ដែ​តាម​ពិត​ទៅ​ រដ្ឋ​អំណាច​ស្រុក​មិន​ «ខ្សោយ​»​ ទេ​ មក​ពី​អ្នក​ស្រុក​ខ្លាចពេក​មិន​ហា៊ន​រាយការណ៍​ ទើប​អត់​វត្ថុតាង​សម្រាប់​ដាក់​បន្ទុក​ ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ដោយ​សារ​តែ​ជន​នេះ​បង្ក​បាតុភាព​អាក្រក់​ច្រើន​ពេក​ រហូត​ដល់​មាន​កាំភ្លើង​ខ្លី​អត់​ច្បាប់​ និង​បាញ់​បោះ​សេរី​ច្រើន​ដង​ពេក​ ទើប​កាល​ពី​ព្រឹក​ថ្ងៃទី​២៥​ កក្កដា​ នគរ​បាល​ស្រុក​បាន​សម្រេច​ចាប់​ខ្លួន​តាម​ដីកា​សាលា​ដំបូង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ដ​ និង​បញ្ជូន​បន្ដ​ទៅ​សាលា​ដំបូង​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ព្រម​ទាំង​បាន​បញ្ជូន​បន្ដ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​ រង់​ចាំ​បើក​សវនាការ​នៅ​ពេល​ក្រោយ​ ។ ក្រោយ​ពេល​ចាប់​ខ្លួន​ កោះ​សន្ដិភាព​ទទួល​ដំណឹង​ថា​ មាន​ឧកញ៉ា​ម្នាក់​ជា​ដង្ខៅ​កៅស៊ូ​ខេត្ដ​កំពង់​ចាម​​ (សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​)បាន​ទំនាក់​ទំនង​សុំ​ដោះ​លែង​​ ។​​ អ្នក​ស្រុក​អូរាំង​ឪ​ប្រាប់​កោះ​សន្ដិភាព​ថា​ បើ​ជន​នេះ​ត្រូវ​បាន​ដោះ​លែង​មែន​ ពួក​គេ​លែង​មានជំនឿ​លើ​ច្បាប់​ហើយ​ ។​ ម៉្យាង​ទៀត​ បើ​ដោះ​លែង​មែន​ ឈ្មោះ​ ងិន​​ ប៊ុនថុន​ និង​លើក​ស្រុក​អូរាំង​ឪ​ឱ្យ​ក្រឡាប់​ ធ្វើ​ឱ្យ​អ្នក​ស្រុក​កាន់​តែ​ភ័យ​ខ្លាច​ សូម្បី​អ្នក​ចាប់​ក៏អស់​ទឹក​ចិត្ដ​ដែរ​ ។​ 

សកម្មភាព​អាក្រក់​នានា​របស់​ឈ្មោះ​ ងិន​​​​​ ប៊ុនថុន​ ដែល​កោះ​សន្ដិភាព​ទទួល​បាន​ពី​អ្នក​ស្រុក​អូរាំង​ឪ​មាន​ច្រើន​ណាស់​ ។​ អ្នក​អូរាំងឪ​និយាយ​ថា កន្លង​មក​ ស្ទើរ​រៀង​រាល់​ខែ​ នៅ​ពេល​ខ្លះ​ ងិន​ ប៊ុនថុន​ ស្រវឹង​ស្រា​ និង​ពេល​ខ្លះ​មិន​ស្រវឹង​ស្រា​ទេ​ គឺ​បាន​ធ្វើ​សកម្មភាព​បើក​បរ​អនាធិបតេយ្យ​ ដូច​ជា​ជិះ​ម៉ូតូ​បង្ហោះ​ ឬ​រោទ៍​ខ្លាំងៗ​ និង​ជិះ​លឿនៗ​ រេរក​បុក​គេ​ឯង​គ្រប់គ្នា​ និង​ពេល​ខ្លះ​បាន​បើក​រថយន្ដ​ដាក់​ទទឹង​ផ្លូវ​ជាតិ​ អង្គុយ​ជក់​បារី​ធ្វើ​​មិន​ដឹង​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​បញ្ហា​កក​ស្ទះ​ ។​ ពេល​ខ្លះ​មាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ប្រជាពលរដ្ឋ​ ដែល​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នោះ​ បាន​យក​អាវុធ​ភ្ជង់​គំរាម​ និង​ពេល​ខ្លះ​មាន​ដំបង​ប្រមាថ​វាយ​បំបែក​ក្បាល​គេ​ឯង​ ។​ សកម្មភាព​នេះ​ ងិន​ ប៊ុនថុន​ ភាគ​ច្រើន​បង្ក​ឡើង​ក្នុង​ពេលយប់ជ្រៅ​ ចន្លោះ​ពី​ម៉ោង​១២​ដល់​ម៉ោង​១​យប់​ ។​ រាល់​ពេល​ដែល​សមត្ថ​កិច្ច​ចុះ​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដង​ផ្លូវ​សាធារណៈ​ពេល​យប់​ ងិន​ ប៊ុនថុន​ តែង​តែ​ធ្វើ​សកម្មភាព​បើក​រថយន្ដ​ ឬម៉ូតូ​លឿនៗ​ និង​រោទ៍​ជិះ​ឆាប​សមត្ថកិច្ច​ ហើយ​រេ​បុក​គេឯង​គ្មាន​កោត​ខ្លាច​សមត្ថកិច្ច​ ឬ​ច្បាប់​ឡើយ​ ។ មាន​យប់​មួយ​នោះ​ លោក​ រស់​ សុខន​ អភិ​បាល​ស្រុក​ បាន​ជិះ​រថយន្ដ​មក​ពី​ផ្ទះ​ឯ​ក្រុង​កំពង់​ចាម​ ​ ពេល​មក​ដល់​មុខ​ផ្ទះ​ ងិន​ ប៊ុនថុន​ នៅ​ភូមិ​ស្រែ​ស្ពៃ​ ក៏​មាន​រថយន្ដ​ឡង់​គ្រីស្ស័រ​របស់​ឈ្មោះ​នេះ​បញ្ចាំង​ភ្លើង​ហ្វា​ បើក​មក​ស្ទាក់​ពី​មុខ​មិន​ឱ្យ​បើក​ទៅ​មុខ​បាន​ ភ្លាម​នោះ​លោក​ រស់​ សុខន​ បាន​ទូរស័ព្ទ​ហៅ​លោក​អធិការ​ ញ៉ែម​ សុខុម​ ឱ្យ​មក​ស្ទាក់​ចាប់​រថយន្ដ​នេះ​ ។​ ពេល​នោះ​ដោយ​រថយន្ដ​របស់​ ងិន​ ប៊ុនថុន​ បាន​បញ្ចាំង​ភ្លើង​មក​ឃើញ​លោក​អភិបាល​ស្រុក​ក៏​បាន​បើក​រថយន្ដ​គេច​ឆ្ពោះ​ទៅ​ថ្នល់​ទទឹង​បាត់​ទៅ​ ហើយ​លោក​អធិការ​នគរ​បាល​ដេញ​ចាប់​មិន​បាន​ ។​ លុះ​ព្រឹក​ឡើង​មាន​សាច់​ញាតិ​មក​ជួប​សុំ​ទោស​លោក​អភិបាល​ស្រុក​ ហើយ​លោក​ក៏​មិន​យក​ក្ដី​អ្វី​ដែរ​ ។​

ថ្ងៃ​ទី​២៥​ មិថុនា​ ២០១៣​ នៅ​វេលា​ម៉ោង​៨យប់​ ក្នុង​ពិធី​ជប់លៀង​នៅ​វិទ្យាល័យ​ ហ៊ុន​​ សែន​ អូរាំងឪ​ លោក​ ជៀប​ សំអាត​ នាយក​រដ្ឋបាល​សាលា​ស្រុក​អូរាំងឪ​បាន​បើក​រថយន្ដ​របស់​លោកអភិបាល​ស្រុក​ចេញ​ពី​កន្លែង​ពិធី​ខាង​លើ​ ខណៈ​នោះ​ឈ្មោះ​ ងិន​ ប៊ុនថុន​ បាន​បើក​រថយន្ដ​ម៉ាក​ឡង់គ្រីស្ស័រ​ ពណ៌​ខ្មៅ​ ដេញ​តាម​បុក​លោក​ ជៀប​ សំអាត​ ។​ ពេល​ឃើញ​សកម្មភាព​នោះ​លោក​ ជៀប​ សំអាត​ បាន​បើក​រថយន្ដ​រត់​ចូល​ស្នាក់​ការ​កង​រាជអាវុធ​ហត្ថ​ស្រុក​អូរាំង​ឪ​ ដើម្បី​ឱ្យ​ជួយអន្ដរាគមន៍​ ។​ យប់​ថ្ងៃទី​១០​ កក្កដា​ ២០១៣​ ម៉ោង​ប្រហែល​១២​យប់​មាន​ផ្ទុះ​អាវុធ​៤-៥​គ្រាប់​​ ​ លោក​អភិបាល​ស្រុក​ បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​បន្ទាន់​ អស់​រយៈ​ពេល​ប្រហែល​១០​នាទី​បាន​ស៊ើប​ដឹង​ថា​​ គឺ​ឈ្មោះ​ ងិន​ ប៊ុនថុន​ ជា​អ្នក​បាញ់​ ចេញ​ពី​ក្នុង​ផ្ទះ​​ ។​ តាម​សម្ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​និយាយ​តៗគ្នា​ថា​ នៅ​ថ្ងៃ​ទី​១២​ កក្កដា​ ២០១៣​ វេលា​ម៉ោង​១២​និង​២៥​នាទី​ បន្ទាប់​ពី​អនុវត្ដ​ដីកា​ឆែក​ឆេរ​លំនៅ​ឋាន​ ងិន​ ​ប៊ុនថុន​ ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​៤​រសៀល​ ងិន​ ប៊ុនថុន​ បាន​មក​ដល់​ផ្ទះ​ ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​ថា​ «​ពួក​អាណា​ ពួក​ហ្អែង​ទាំង​អស់​គ្នា​ម៉េច​បាន​ហ៊ាន​មក​ឆែកឆេរ​ផ្ទះអញ​ អាណា​អ្នក​បញ្ជា​»​ ស្រែក​ជេរ​ប្រមាថ​យ៉ាង​ខ្លាំងៗ​ រួច​ហើយ​បើក​រថយន្ដ​រោទ៍​ចុះ​ឡើង​ទៅវិញទៅ​មក​តាម​ដង​ផ្លូវ​ និង​កន្លែង​ទី​ប្រជុំជន​នៅ​ចំណត​រថយន្ដ​ផ្សារ​អូរាំង​ឪ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​គ្រប់គ្នា​ ។​
មាន​យប់​មួយ​នោះ​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​១១B ស្ថិត​ក្នុង​ភូមិ​ស្វាយតាធម្ម​ ឃុំ​អំពិល​តាពក​ ស្រុក​អូរាំងឪ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ និង​មូ៉ូតូ​ ខណៈ​នោះ​មាន​ប្រជាពល​រដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នាំ​គ្នា​ចេញ​មក​មើល​ ។​

បន្ដិច​ក្រោយ​មក​ឈ្មោះ​ ងិន​ ប៊ុនថុន​ បាន​បើក​រថយន្ដ​កាមរី​ ពណ៌ស​ កែ​ដាក់​ទ្រុង​ខាង​ក្រោយ​សម្រាប់​រក​ស៊ី​ដឹក​ឈើ​មក​ឈប់​កន្លែង​គ្រោះ​ថ្នាក់​ ហើយ​ចុះ​ពី​​រថយន្ដ​ដក​កាំភ្លើង​ខ្លីម៉ាក​កា៥៤​ អាមេ​ចុះ​ឡើង​ភ្ជង់​គំរាម​ទៅ​ម្ចាស់​រថយន្ដ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ និង​វាស​កាំភ្លើង​រេ​ចុះ​ឡើង​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​នៅ​មើល​ ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​ភិតភ័យ​យ៉ាងខ្លាំង​ រត់​បាត​ជើង​សព្រាត​ ។​ បន្ដិច​ក្រោយ​មក​ ទើប​បើក​រថយន្ដ​ចេញ​ទៅ​បាត់​ ។​ សកម្មភាព​ទាំង​អស់​ខាង​លើ​នេះ​ និងទង្វើ​សកម្មភាព​ផ្សេងៗ​ដទៃ​ទៀត​ដែល​​ ងិន​ ប៊ុនថុន​ បាន​ប្រព្រឹត្ដ​គឺ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ និង​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ជួប​ប្រទះ​មាន​ការ​ភ័យ​ខ្លាច​ និង​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ពួក​គាត់​មិន​ហា៊ន​ចេញ​មុខ​ប្ដឹង​ ឬ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឡើយ​​ ។​ ព្រោះ​ពួក​គាត់​ខ្លាច​អំណាច​ និង​អំពើ​គ្មាន​មនុស្ស​ធម៌​របស់​ ងិន​ ប៊ុនថុន​ គឺ​បាន​ត្រឹម​តែ​ពួក​គាត់​ខ្សឹប​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ​ ព្រម​ទាំង​ខឹង​ដល់​រដ្ឋ​អំណាច​ស្រុក​ថា​ រដ្ឋ​អំណាច​អត់​បាន​ការ​ និង​បាន​ប្រកាស​លែង​បោះ​ឆ្នោត​ឱ្យ​ទៀត​ផង​ ។​ អ្នក​ផ្សារ​អូរាំង​ឪ​រង់​ចាំ​មើល​ តើ​ជន​ពាល​ ងិន​ ប៊ុនថុន​ ទទួល​ទោស​កម្រិត​ណា​?​ តិច​លោ​ខ្លាច​អំណាច​ឧកញ៉ា​ថៅកែ​កៅស៊ូ​​ ហើយ​ដោះ​លែង​ទៅ​?​ បើ​បាន​រួច​ខ្លួន​មែន​ សូម​មេត្ដា​ជួយ​ប្រាប់​កោះ​សន្ដិភាព​តាម​ទូរស័ព្ទ​ផង​…