រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរថា បានបញ្ជូនបញ្ហាតំបន់មុំ, បី ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)រួចហើយ ដោយមិនដាក់បញ្ហានេះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មកាចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC)កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនោះទេ។ នេះបើតាមថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៥ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេស ជាមួយប្រទេសជិតខាងមានព្រំដែនរួម ដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមបារាំង ។
ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ថ្លែងការណ៍បញ្ជាក់ថា ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជាតែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាច ក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។

ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំ ដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ។
ថ្លែងការណ៍បានសម្តែងការសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៥ និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយ បានកើតឡើង នៅពេលដែលកងកម្លាំង យោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ ។ ការផ្ទុះអាវុធនេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយ គ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគ យល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ។
ឧប្បត្តិហេតុនេះ គឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ ដែលបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេស នៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួមរបស់យើង ។
ថ្លែងការណ៍គូសបញ្ជាក់ថា «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ ។
យ៉ាងណាក្តី ថ្លែងការណ៍បានលើកឡើងថា តំបន់ទាំងបួននេះ នៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើ មិនមានការដោះស្រាយនោះទេ ។

ការសម្រេចនេះ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទពីសមាជរដ្ឋ សភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ។ ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញា ចិត្តបន្តការសន្ទនា និងច្រកការទូត ។
យ៉ាងណាក្តី ថ្លែងការណ៍បានអះអាងយ៉ាងដូច្នេះថា៖ «កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើ ទៅតុលាការICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ»។

ជាមួយគ្នានោះដែរ កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ ។ កម្ពុជាបានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ ។
រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃ ការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យ បញ្ហានេះ ក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ ៕
ចែករំលែកព័តមាននេះ