រាជធានីភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូមារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានលើកឡើងថា ការសម្រេចនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាជម្រើសដំណោះស្រាយមួយរបស់កម្ពុជា ។

ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានស្ដីពី «ទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅឯស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងថា កន្លងមកឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នា នៅតុលាការអន្តរជាតិក្រុងឡាអេនេះផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ការនាំបញ្ហាទៅកាន់តុលាការ ICJ គឺជាជម្រើសសម្រាប់ប្រទេសនីមួយៗ នៅពេលដែលមានបញ្ហាទាក់ទងនឹងជម្លោះព្រំដែនរបស់ខ្លួន» ។

សូមជម្រាបថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នេះបន្ទាប់ពីពេលកន្លងមកនេះមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមខ្សែបន្ទាត់ព្រំដែន ។ ដែលករណីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយតាមច្បាប់ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពា នបូរណភាពទឹកដីកម្ពុជាផងដែរ ។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់ នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ។
ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យគណៈ កម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជាធ្វើកិច្ចការចំនួនពីរ គឺ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំ ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ៕
ចែករំលែកព័តមាននេះ