ខេត្តមណ្ឌលគិរី ៖ មហាជនរស់នៅក្រុងសែនមនោរម្យ និងសិស្សានុសិស្សជាច្រើននាក់ បន្តនាំគ្នាគាំទ្រអានសៀវភៅ ដែលត្រូវបានរៀបចំដោយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង និងជាអ្នករៀបចំយុទ្ឋនាការទេសចរណ៍អំណានគ្រប់ខេត្តក្រុង ជាមួយជាសៀវភៅគ្រប់ប្រភេទជិតពីរពាន់ក្បាល ដើម្បីបង្កើនទម្លាប់អានសៀវភៅ ជំនួសការលេងស្មាតហ្វូនដល់ក្មួយៗនិងមហាជនទូទៅ ឆ្លៀតពេលទំនេរពីការសិក្សា ឬការងារ បានក្រេបយកចំណេះដឹងថ្មីៗពីសៀវភៅ និងរីករាយជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ស្រស់ស្អាត នៅលើភ្នំដោះក្រមុំ ដែលជាបូជនីយ៍ដ្ឋានដ៏ទាក់ទាញ កណ្តាលទីរួមខេត្តមណ្ឌលគិរី ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដែលគ្មានភ្លៀងធ្លាក់មនុស្សម្នាក្មេងចាស់ប្រុសស្រី បាននាំគ្នាយ៉ាងកុះករទៅអានយ៉ាងសប្បាយរីករាយ ។ លោក អ៊ុក វណ្ណដេ បានឲ្យដឹងថា មណ្ឌលគិរីគឺជាខេត្តទី១៣ ក្នុងយុទ្ធនាការទេចរណ៍អំណានរបស់លោក ហើយខេត្តនេះ គឺមានឧបសគ្គជាច្រើន រួមមានផ្លូវធ្វើដំណើរឆ្ងាយសម្បូរភ្នំ (ត្រូវជួលរថយន្តសណ្តោងដឹករថយន្តបណ្ណាល័យ) មានភ្លៀងធ្លាក់រៀងរាល់ថ្ងៃ ។

សម្រាប់ខេត្តមណ្ឌលគិរីលោកនិងដាក់សៀវភៅរយៈពេល១២ថ្ងៃ ជាមួយសៀវភៅគ្រប់ប្រភេទចំនួន១៧០០ក្បាល ។ ដោយផ្តើមតាំងសៀវភៅពីថ្ងៃទី២៦ ខែឧសភា រហូតចប់ត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ រួចបណ្ណាល័យចល័តតូចនេះ និងបន្តដំណើរទៅខេត្តរតនគិរី ។

កន្លងទៅ លោកបានធ្វើដំណើរ រៀបចំយុទ្ឋនាការទេសចរណ៍អំណានបាន១២ខេត្ដ មកហើយ ក្រោយពីដាក់តាំងសៀវភៅសម្រាប់អាន លោកក៏រៀបចំកូនទូបណ្ណាល័យតូច ទុកតម្កល់សៀវភៅចំនួនពីរទីតាំង ក្នុងក្រុងសែនមនោរម្យ ដើម្បីឲ្យអ្នកអានបន្តការអានរបស់ខ្លួន។

បើតាមការបញ្ជាក់របស់លោក វណ្ណដេ ថា ដោយសារភ្លៀងធ្លាក់ច្រើនញឹកញ៉ាប់ បណ្តាលឲ្យខូចខាតសៀវភៅអស់៥៨ក្បាល និងត្រឹមប៉ុណ្ណោះសូម្បីរថយន្តរបស់គាត់ក៏ត្រូវបែកកញ្ចក់ក្រោយផងដែរ តែលោកមិនរាថយឡើយ និងបន្តតាមផែនការកំណត់ដែលបានគ្រោងទុក ។
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានគាំទ្រពេញទំហឹងលើកម្មភាពរបស់បណ្ណាល័យចល័ត និងសូមផ្តល់កម្លាំងចិត្តដល់ម្ចាស់បណ្ណាល័យ ដែលបានចូលរួមផ្សព្វផ្សាយនូវសៀវភៅអាន ក្នុងទីរួមខេត្តមណ្ឌលគិរីនេះ។

លោកប្រធានបន្តថា បណ្ណាល័យគឺជាថ្នាលសម្រាប់បណ្តុះផ្សាំនូវបញ្ញាណរបស់មនុស្ស មានបណ្ណាល័យ គឺមានចំណេះដឹងសម្រាប់មហាជន ជាពិសេសគឺសិស្សានុសិស្ស។
លោក លី សាមិ បានបញ្ជាក់ថា នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរីក៏មានបណ្ណាល័យ ចំណែកនៅតាមសាលារៀននីមួយៗទូទាំងខេត្តក៏សុទ្ឋសឹងមានបណ្ណាល័យ ទោះតូចឬធំក្តី សម្រាប់សិស្សស្រាវជ្រាវបន្ថែម។

អាណាព្យាបាលដែលបាននាំកូនតូចៗទៅអានសៀវភៅ បានឲ្យដឹងថា ក្រោយឃើញមានការដាក់តាំងសៀវភៅយ៉ាងច្រើន គាត់បាននាំកូនៗទៅអានសៀវភៅដោយផ្ទាល់ ដើម្បីឲ្យពួកគេផ្លាស់ប្តូរអារម្មណ៏ ចេះស្រឡាញ់ការអានឲ្យបានច្រើន ហើយក៏ជាការជួយលើកទឹកចិត្តដល់ម្ចាស់បណ្ណាល័យចល័តដែល ចំណាយទាំងពេលវេលា និងថវិកា ខិតខំដឹកសៀវភៅរាប់ពាន់ក្បាលឲ្យក្មេងៗបានអាន ។

ក្រុមយុវសិស្សដែលបានចូលរួមអានសៀវភៅ ដែលរៀបចំដោយលោក អ៊ុក វណ្ណដេ បានបង្ហាញពីចំណាប់អារម្មណ៍ដូចៗគ្នាពីផលប្រយោជន៏នៃការអាន ដោយពួកគេរីករាយថែមទាំងស្និទ្ធស្នាលជាមួយសៀវភៅកាន់តែច្រើន ដ្បិតទទួលបានចំណេះដឹងថ្មីៗ ដែលមានក្នុង សំនេរនានា ។
មិនត្រឹមប៉ុណ្ណោះប្អូនៗ ដែលខ្លះជានិស្សិតបន្តការសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជជីវៈ សិស្សខ្លះកំពុងរៀននៅសាលាបឋម សិក្សា និងមួយចំនួនកំពុងរៀននៅវិទ្យាល័យក្នុងខេត្តមណ្ឌលគិរិ បានប្តេជ្ញាបន្តការអាន និងមើលសៀវភៅ នៅបណ្ណាល័យរបស់សាលារៀន និងតាមបណ្ណាល័យនានា ៕






ចែករំលែកព័តមាននេះ