ខេត្តក្រចេះ ៖ បាតុភូតចម្លែកដែលពលរដ្ឋនិយាយថា ពុំធ្លាប់កើតមានទេនាពេលកន្លងមក គឺខណៈរដូវប្រាំងទឹកស្រក បែរជាមានទឹកជំនន់ទៅវិញនោះ ។ ស្ថានភាពនៃការជន់លិច បានកើតមានយ៉ាងគំហុកកាលពីល្ងាចថ្ងៃទី២០ ខែមករា ធ្វើឲ្យរោងខ្យូសផ្ទះទឹកដែលទើបតែសង់ តាមជួរខ្សែទឹកហូរលើថ្មដាក្នុងរមណីយដ្ឋានកាំពីសម្រាប់ទទួលភ្ញៀវទេសចរក្នុងរដូវប្រាំងនេះ បែរជាត្រូវជន់លិចដោយទឹកជំនន់ហូរកាត់ទៅវិញ។
ជាមួយនឹងបាតុភូតនេះក៏មានការលើកឡើងថា ការកើតមានទឹកជំនន់ខុសរដូវនេះមិនមែនជាបាតុភូតធម្មជាតិនោះទេ តែការជន់ឡើងរបស់ទឹកទន្លេមេគង្គនេះ គឺមកពីការបើកផ្លូវទឹកពីទំនប់វារីអគ្គិសនីនៅប៉ែកខាងលើ នៃដងទន្លេមេគង្គ ទើបធ្វើឲ្យទឹកហូរយ៉ាងចម្លែកជន់លិចគំហុកមកផ្នែកទន្លេប៉ែកខាងក្រោម ។
ការជន់ឡើងនៃទឹកទន្លេនារដូវប្រាំងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតាមដងទន្លេមេគង្គ ដែលពួកគាត់ចាត់ទុកថាជាបម្រែបម្រួលអាកាសធាតុដែលពុំធ្លាប់ជួបប្រទះ ព្រោះថារដូវប្រាំងជារដូវទឹកស្រក តែឆ្នាំនេះរដូវប្រាំងបែរជាមានទឹកជំនន់ហក់ឡើង ។
បន្ទាប់ពីស្ថានភាពទឹកជំនន់មិនធ្លាប់មាន នៅតែបន្តជន់ឡើងជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានេះ ពលរដ្ឋដែលមានរបរលក់នំចំណី ត្រីសាច់ និងជួលរោងខ្យូសសម្រាប់ភ្ញៀវនៅរមណីយដ្ឋានកាំពី ក៏ម្នីម្នារុះរើរោងខ្យូស ផ្ទះទឹក និងជម្លៀសសម្ភារដែលដាក់លក់ក្នុងរមណីយដ្ឋានឡើងមកលើគោកវិញ ដើម្បីគេចពីការលិចលង់ដែលនាំឱ្យមានការខាតបង់ ។
ប្រជាពលរដ្ឋនិយាយថា រហូតមកទល់នឹងថ្ងៃទី២១ ខែមករា ស្ថានភាពទឹកនៅតែបន្តជន់ឡើង តែមិនគំហុកដូចកាលពី២ថ្ងៃមុននោះទេ ដោយគ្រាន់តែមានរោងខ្យូសផ្ទះទឹក និងស្ពានសម្រាប់ភ្ញៀវដើរឆ្លងទៅមក ត្រូវរងការជន់លិចមិនអាចដំណើរការបាន ដោយទឹកហូរកាត់យ៉ាងគំហុកតែម្តង ។ ពួកគាត់និយាយថា ភ្ញៀវទេសចរមិនបានមកលេងកម្សាន្តនៅរមណីយដ្ឋានទេ ក្នុងរយៈពេល២ថ្ងៃដែលមានស្ថានភាពទឹកជន់ ព្រោះតែភ្ញៀវបារម្ភពីសុវត្ថិភាព ។
ស្របជាមួយគ្នានេះ ពលរដ្ឋរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ជាច្រើនរយគ្រួសារ ដែលរាល់ឆ្នាំបានចំណូលពីតំបន់ទេចរណ៍កាំពី មានការព្រួយបារម្ភពីការបាត់ចំណូលពួកគាត់ក្នុងឆ្នាំនេះ ដោយសារតែរមណីយដ្ឋានជួបបាតុភូតចម្លែកនេះ ។ ពួកគាត់អំពាវនាវឲ្យអាជ្ញាធរផ្តល់សេចក្តីជូនដំណឹងឲ្យបានច្បាស់លាស់ ទាំងមុននិងក្រោយបាតុភូតជំនន់ទឹកទន្លេកើតមានឡើង ដើម្បីឲ្យពួកគាត់មានការប្រុងប្រយ័ត្នជាមុនមិនគួរស្ងាត់ៗយករួចខ្លួន ។ ពួកគាត់បង្ហាញការព្រួយបារម្ភថា ប្រសិនបើទឹកទន្លេនៅតែបន្តជន់ឡើងបែបនេះ រមណីយដ្ឋានកាំពី មិនអាចទទួលភ្ញៀវទេសចរមកលេងកម្សាន្តទេ ពោលគឺត្រូវបាត់បង់សោភ័ណភាពទាំងស្រុងជាមួយអាជីព ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោក ហេង រត្នម៉ូនីដា បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែមករាថា នេះជាបម្រែបម្រួលអាកាសធាតុ ។ លោកថា ទឹកជំនន់នេះមកពីការបើកទ្វារទឹកពីទំនប់វារីអគ្គិសនីនៅប៉ែកខាងលើនៃប្រទេសឡាវ និងនៅខេត្តស្ទឹងត្រែង ។ ស្ថានភាពជន់ឡើង ត្រូវបានលោកប្រធានមន្ទីរបញ្ជាក់ថា គឺនៅតែបន្តជន់ឡើងជាប្រចាំមិនថមថយនោះទេ ៕
ចែករំលែកព័តមាននេះ