រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាធម្ម ពោធិសាលកិត្តិព្រឹទ្ធបណ្ឌិតជា ស៊ីម បានបង្ហាញវត្ដមានក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំរបស់គណបក្សប្រជាជនកម្ពុជានៅកោះពេជ្រ ដែលវត្ដមានដ៏ឧត្ដុង្គឧត្តមនេះក៏បានបញ្ចប់នូវព័ត៌មានអគតិដែលក្នុងរយៈពេលជាង២សប្ដាហ៍កន្លងមក មានការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុកនូវពាក្យចចាមអារ៉ាមមួយចំនួនថា សម្ដេចជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណភាពដែលជាព័ត៌មានមិនពិត ។
នៅព្រឹកថ្ងៃទី២៦ កក្កដា ដែលជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចជា ស៊ីម បានបង្ហាញវត្ដមានស្វាគមន៍ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមរាប់ម៉ឺននាក់រួមជាមួយអ្នកកាសែតជាតិ និងអន្តរជាតិតាមថតផ្ដិតយករូបភាពសម្ដេចនៅទីនោះយ៉ាងច្រើនកុះករផងដែរ ។
ទោះបីជាយ៉ាងណា ការបង្ហាញខ្លួននោះ សម្ដេចជា ស៊ីម មិនបានចុះពីលើរថយន្តទេ គឺគ្រាន់តែបើកចំហទ្វាររថយន្តទាំងសងខាងរួមទាំងកញ្ចក់រថយន្តផងដែរ ដើម្បីបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមដែលក្រុមជនអគតិបានផ្សព្វផ្សាយនោះគឺមិនពិតទេ ។ សម្ដេចបានជិះក្នុងរថយន្តលើកដៃស្វាគមន៍សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅមុខវេទិកាកម្មវិធីមុននឹងមានការហែក្បួនចេញដែលដឹកនាំដោយលោក កែប ជុតិមា ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
មន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានឱ្យដឹងថា ការបង្ហាញវត្ដមានរបស់សម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃបិទវគ្គបញ្ចប់យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត ។ ជាមួយនេះដែរ ក៏ចង់បង្ហាញនិងលុបបំបាត់នូវពាក្យចចាមអារ៉ាមអកុសលក្នុងចេតនាអាក្រក់ទាំងឡាយនានាដែលពួកអគតិបានផ្សព្វផ្សាយប្រមាថមើលងាយដល់អាយុជីវិតរបស់សម្ដេចដែលជាឥស្សរជនរបស់ប្រជាជនកម្ពុជាខ្មែរមួយរូបគួរឱ្យគោរព ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ពាក្យចចាមអារ៉ាមនានានោះគឺចេញពីពួកអគតិមានបំណងចង់បង្កនូវភាពចលាចលដល់សង្គមជាតិ និងជាការវាយប្រហារដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានពិពណ៌នាថាសម្ដេចមិនឱ្យមានការផ្សាយពីមរណភាពជាសាធារណៈផងដែរ ។ ពិតណាស់ ពាក្យចាស់ពោលថា ភូតច្រើនចាញ់អាត្មា ទីបំផុតក្រុមជនដែលដើរព្រួសឈាមដាក់គេនឹងទទួលកម្មពៀរដូចបាចអង្កាមបញ្ច្រាសខ្យល់ដូច្នេះដែរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា លោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីម បានធ្វើការបំភ្លឺតាមបណ្ដាញសារព័ត៌មាននានាកាលពីថ្ងៃទី ២៥ កក្កដា ថា សម្ដេចមានសុខភាពល្អ ។ លោកបញ្ជាក់ទៀតថា សម្ដេចក៏បានត្រៀមខ្លួនទៅបោះឆ្នោតនៅព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះដែរ ។ សម្ដេចនឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ០០១ ដែលមានទីតាំងនៅអនុវិទ្យាល័យសុធារសក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ