សាធុជនដឹងទេថា ហេតុអ្វីបានជាទោសៈឱ្យទោសធំជាគេ ?
រឿងរ៉ាវនៅក្នុងលោកនេះកើតឡើងផ្តើមមកពីអកុសលមូលទាំងបីគឺ ទោសៈ លោភៈ មោហៈគ្របសង្កត់ចិត្តឱ្យមើលឃើញតែអំពើខ្មៅកខ្វក់ លែងឃើញសេចក្តីល្អដទៃទៀត។ បណ្តាអកុសលមូលទាំងបីនោះ ទោសៈឱ្យទោសធ្ងន់ជាគេ ហើយទោសៈនេះបើមាននៅក្នុងមនុស្សធម្មតាមិនសូវជាបង្កហេតុប៉ុន្មានទេ តែបើកើតមានក្នុងអ្នកធំគឺងាយនឹងបង្កវិនាសកម្មខ្លាំងណាស់ ។
សូមសាធុជនកុំបណ្តោយឱ្យភ្លើងទោសៈឆេះឡើងឱ្យសោះ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ តែបើកាលណាឆេះឡើងហើយ ចង់បញ្ឈប់ភ្លើងកំហឹងនោះឱ្យរលត់ទៅវិញក៏មិនមែនជារឿងងាយ តែក៏មិនមែនដល់ទៅពិបាករហូតរំលត់ភ្លើងទោសៈមិនបាននោះដែរ សំខាន់គឺនៅត្រង់ថា យើងត្រូវតាំងចិត្តបញ្ឈប់ចិត្តខឹងឱ្យបានតែប៉ុណ្ណោះ ។
លោកអ្នកអាចសាកល្បងវិធីរំលត់ភ្លើងទោសៈមួយបែបខាងក្រោមនេះលមើលនឹងអាចមានប្រសិទ្ធភាពច្រើន ឬបើមានវិធីណាផ្សេងក្រៅពីនេះហើយ ក៏មិនជាបញ្ហាអ្វីដែរ សំខាន់គឺឱ្យតែឈប់ខឹងទៅវាស្រេចហើយ ។
វិធីមួយដែលលោកអ្នកប្រាជ្ញធ្លាប់ប្រើទៅមានប្រសិទ្ធភាព គឺការធ្វើសមាធិនៅពេលខឹង។ ឧទាហរណ៍ៈ បើយើងខឹងនឹងអ្នកណាមួយខ្លាំង គប្បីបិទភ្នែក ឬមិនបាច់បិទក៏បាន ហើយដកដង្ហើមឱ្យបានវែងៗជាទីបំផុតចំនួន១០ដង។
នៅពេលកំពុងដកដង្ហើមវែងៗនោះ ភ្នែក ឬចិត្ត ត្រូវសម្លឹងមើលចុងច្រមុះជាកន្លែងដែលខ្យល់រត់ចេញរត់ចូលប៉ះនឹងរឹមច្រមុះ កុំឱ្យចិត្តងាកបែរទៅណាឱ្យសោះ ហើយព្យាយាមផ្សាយមេត្តាដល់សព្វសត្វ ។
ធ្វើដូច្នេះកម្លាំងរបស់ទោសៈនឹងថយចុះជាលំដាប់រហូតបាត់អស់ជាមិនខាន ។
ចែករំលែកព័តមាននេះ