រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាធ្វើសេដ្ឋកិច្ច មិនពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺកម្ពុជាធ្វើសេដ្ឋកិច្ចពឹងផ្អែកលើវិស័យជាច្រើន ដូច្នេះកម្ពុជាមិនអាចស្លាប់នោះទេ ប្រសិនបើបរទេសណាបិទវិស័យណាមួយនោះ ព្រោះកម្ពុជានៅតែមានវិស័យផ្សេងៗទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី១៤ មករា កន្លងមក សម្ដេចតេជោបន្ដថា សម្តេចបានដឹកនាំសេដ្ឋកិច្ចនេះលំបាកលំបិនខ្លាំងណាស់ មិនបាច់នរណាមកបង្រៀនសម្តេចនោះដែរ បើសេដ្ឋកិច្ចកម្ពុជាដឹកនាំតាមរបៀបខ្ជិលច្រអូសរាជរដ្ឋាភិបាល មិនសល់ថវិកាសម្រាប់បើកប្រាក់ខែជូនមន្ត្រីនោះឡើយ ។
ជាមួយគ្នានោះ សម្តេចតេជោក៏បានអំពាវនាវឱ្យបញ្ឈប់នូវការលេងល្បែងដកការអនុគ្រោះពន្ធពីកម្ពុជាដែលល្មមនឹងបញ្ឈប់ផងដែរ ហើយនៅលើពិភពលោកនេះគឺគេធុញទ្រាន់ខ្លាំងណាស់ទៅហើយ ។ សម្រាប់សម្តេចគឺជាមេដឹកនាំមួយរូបដែលបានឆ្លងកាត់ការដឹកនាំប្រទេសកម្ពុជា ស្របពេលដែលបរទេសហ៊ុមព័ទ្ធ ទាំងនយោបាយ ទាំងសេដ្ឋកិច្ច រហូតចម្លងប្រជាជនកម្ពុជា ដែលមានចំនួនជាង៥លាននាក់ ឡើងរហូតមកដល់១៦លាននាក់ក្នុងពេលបច្ចុប្បន្ននេះ ។
សម្ដេចតេជោថ្លែងថា ៖« ពិតហើយយើងមិនចង់ធ្វើសត្រូវជាមួយអ្នកណាទាំងអស់ យើងចង់ពង្រីកមិត្តភក្ដិនៅលើពិភពលោក ក៏ប៉ុន្តែសូមមិត្តភក្តិស្គាល់គ្នាឱ្យច្បាស់ កុំឱ្យលុះទៅដោយការប្រព្រឹត្តនូវកំហុសដែលយកប្រជាជន១៦លាននាក់ ទៅបម្រើឱ្យគោលដៅនយោបាយរបស់ខ្លួន ក្នុងការបំផ្លិចបំផ្លាញកម្ពុជានោះ »។
សម្ដេចតេជោសង្កត់ធ្ងន់ថា ៖« មិនអាចយកអធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជាទៅដោះដូរជាមួយជំនួយរបស់បរទេសណាមួយនោះទេ ។ បើកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ខ្លួនឯងបាន ក៏មិនចាំបាច់ថាមានឈ្មោះជារដ្ឋអធិបតេយ្យនោះទេ ហើយមិនចាំបាច់មានឈ្មោះជាសមាជិកអង្គការសហប្រជាជាតិនោះ
ដែរ »។
លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការប្រជុំធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែលឿនផងដែរ ហើយក្នុងឱកាសមុនក៏បានផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ និងអ្នកធ្វើធុរកិច្ចទាំងឡាយនៅពេលខាងមុខ នឹងមានការដាក់ចេញវិធានការកាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង សម្រាប់ការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច បម្រើឱ្យការប្រើប្រាស់ក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការចេញផងដែរ ៕
ចែករំលែកព័តមាននេះ