តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា សត្វឆ្កែមួយក្បាលមានសំណាងខ្លាំងដោយសារតែមានម្ចាស់ហ៊ានសុខចិត្តចំណាយលុយ៥១៣៤ដុល្លារអាមេរិកដើម្បីធ្វើបុណ្យសពឱ្យក្រោយផុតជីវិត ។

សត្វឆ្កែឈ្មោះ Captain ដែលជាពូជ Staffordshire Bull Terrier អាយុ១១ឆ្នាំ បានងាប់នៅថ្ងៃបុណ្យណូអែល ក្រោយពីគាំងបេះដូងនៅក្នុងសាលវះកាត់ ។ ម្ចាស់របស់វាឈ្មោះ Sasha Smajic អាយុ៣៧ឆ្នាំ ប្រាប់ថា នាងលេបបាយមិនចូលសោះអស់រយៈពេលមួយសប្តាហ៍ពេញ ក្រោយឆ្កែរបស់នាងងាប់ ។


នាងបានសម្រេចចិត្តធ្វើពិធីបុណ្យសពមួយសម្រាប់ឆ្កែរបស់នាងដែលនាងចាត់ទុកថា ជាសមាជិកគ្រួសារម្នាក់ ។ នាងបានចំណាយលុយ៥១៣៤ដុល្លារទៅលើពិធីបុណ្យសពទាំងមូល ដែលអាចនិយាយបានថា ពិតជាកម្រមានណាស់ចំពោះមនុស្សហ៊ានធ្វើបុណ្យសពឱ្យឆ្កែបែបនេះ ។

សាកសពរបស់ Captain ត្រូវបានដឹកចេញពីពេទ្យទៅកាន់ទីបញ្ចុះសព (សួនច្បារដែលវាធ្លាប់ទៅលេង) ដោយរទេះសេះប្រណិតមួយ ។ វាត្រូវបានដាក់នៅក្នុងមឈូសសស្អាត ដែលមិនចាញ់របស់មនុស្សទេ ។


ស្ត្រីជាម្ចាស់ឆ្កែបាននិយាយថា ៖«Captain សមនឹងទទួលការគោរពបែបនេះ ។ សម្រាប់មនុស្សខ្លះគេគិតថា វាគ្រាន់តែជាឆ្កែមួយក្បាល តែសម្រាប់ខ្ញុំវាគឺជាកូនរបស់ខ្ញុំ ។ វាគឺជាអ្វីៗទាំងអស់សម្រាប់ខ្ញុំ ហើយនឹងនៅតែបន្តបែបនេះជារៀងរហូត» ៕
ចែករំលែកព័តមាននេះ