ខេត្តកំពត ៖ រ៉ឺម៉កជាច្រើន រួមមាននង្គ័ល និងរទេះដែលគេចាត់ទុកថា របស់បុរាណត្រូវបានគេប្រមូលទិញពីខេត្តកំពតទៅដាក់តាំងបង្ហាញភ្ញៀវអន្តរជាតិនៅឯខេត្តសៀមរាប ។

លោក ម៉ុក សុខុម អាយុ36ឆ្នាំ ជាអ្នកប្រមូលទិញរ៉ឺម៉កក្នុងក្រុងកំពតបាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី15 មករា ថានៅតាមខេត្តនីមួយៗប្រជាពលរដ្ឋតែងតែប្រើប្រាស់របស់បុរាណច្រើន ប៉ុន្តែរបស់ដែលពួកគាត់ប្រើនោះដូចជាបាត់បង់អស់បណ្ដើរៗទៅហើយ ។

ដូចជាខេត្តកំពតនេះមានរ៉ឺម៉កច្រើនណាស់កាលអំឡុងឆ្នាំ1985 តែមកដល់ពេលនេះរ៉ឺម៉កដែលធាក់ដោយកម្លាំងមនុស្សនេះត្រូវបានបាត់បង់អស់ ។
លោក ម៉ុក សុខុម និយាយថា របស់ដែលចាស់ពីបុរាណនោះមានរ៉ឺម៉ក នង្គ័ល និងរទេះគោជាដើមរបស់ប្រជាជនខ្មែរទាំងនោះអាចនឹងបាត់បង់នៅពេលខាងមុខ ។

លោកថា គាត់ត្រូវការទិញរ៉ឺម៉កចាស់ៗដែលពលរដ្ឋបានប្រើហើយទុកចោល រួមទាំងនង្គ័ល រទះគោ យកទៅតាំងបង្ហាញភ្ញៀវទេសចណ៍នៅឯខេត្តសៀមរាបវិញ ។ លោកថា មានតែខេត្តកំពតទេដែលមានប្រជាពលរដ្ឋប្រើប្រាស់រ៉ឺម៉កធាក់ដោយកម្លាំងមនុស្សច្រើន ។

លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៏ និងវិចិត្តសិល្បៈខេត្តកំពតបានប្រាប់តាមទូរស័ព្ទថា ការប្រមូលទិញរ៉ឺម៉ក និងរទេះគោរបស់ខ្មែរនេះភាគច្រើនគេយកទៅដាក់តាំងនៅតាមភោជនីយ៍ដ្ឋាន ឬដាក់នៅតាមភូមិគ្រឹះនានាសម្រាប់លម្អទាក់ទាញភ្ញៀវអោយមកចាប់អារម្មរបស់បុរាណ ៕
ចែករំលែកព័តមាននេះ