ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់ ក្នុងនោះក្មេងតូចអាយុជាង១ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយអំណាចទឹកអាស៊ីតរបស់បុរសម្នាក់ដែលគេស្គាល់ថា ជាឪពុកក្មេងតូចនោះបានជិះម៉ូតូមកជះពីលើ ខណៈចេញពីទិញម្ហូបត្រឡប់ទៅផ្ទះវិញ ដែលដើមចមមានជម្លោះក្នុងគ្រួសារ ។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា ជនរងគ្រោះ០៣នាក់ គឺទឺ១- ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) ជាប្រពន្ធ ទី២-ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) ទី៣- ឈ្មោះ ណាន ឈាវ ភេទប្រុស អាយុ១ឆ្នាំ៦ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុក (ជាកូន) របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ។

ជនសង្ស័យគេចខ្លួនឈ្មោះ អ៊ុក កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតម្លើងរោងការនៅឯភ្នំពេញ មានទីលំនៅភូមិ-ឃុំ-ស្រុកមិនស្គាល់ ខេត្តកំពត (ត្រូវជាប្តី) ។
យោងលើការស៊ើបអង្កេតរបស់សមត្ថកិច្ចបានអោយដឹងថា កន្លងមកឈ្មោះ អ៊ុក កុម្ភៈ តែងតែប្រើប្រាស់អំពើហិង្សាវាយទៅលើប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច ជាញឹកញាប់ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ ដោយទ្រាំលែងបានឈ្មោះ រ៉ា ស្រីនិច្ច បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ ឯភូមិដុល ឃុំសន្លុង ។
ក្រោយមកឈ្មោះ អ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាមឈ្មោះ រ៉ា ស្រីនិច្ច ថា និងជះទឹកអាស៊ីតដាក់នៅថ្ងៃណាមួយ ។ លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បានតេទូរស័ព្ទមកឈ្មោះ រ៉ា ស្រីនិច្ច ជាច្រើនដងឲ្យទៅជួបនៅតំបន់ 7NG ស្ថិតនៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ប៉ុន្តែឈ្មោះរ៉ា ស្រីនិច្ច មិនព្រមទៅជួប ហើយឈ្មោះ អ៊ុក កុម្ភៈបាននិយាយថា បើមិនទៅជួបប្រាកដជាមានរឿងលុះដល់ម៉ោង១៩និង០០នាទីថ្ងៃដដែលឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និងឈ្មោះ ណាន ឈាវ បានដើរទៅទិញម្ហូបនៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរឈ្មោះ ណាន ឈាវ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ មិនចាំស្លាកលេខពាក់អាវពណ៌ទឹកប៊ិច ជិះពីលិចទៅកើតលុះមកដល់ក៏បានយកទឹកអាស៊ីតជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខឈ្មោះ ណាន ឈាវ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះ រ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល ភ្លាមនោះឈ្មោះអ៊ុក កុម្ភៈ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ ករណីនេះកម្លាំងបានចុះកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ