បើទោះបីជាកំពុងរស់នៅឯប្រទេសកាណាដាក៏ដោយ ប៉ុន្តែតារចម្រៀងនាងឡាយ លក្ខិណា មិនបានសម្ងំស្ងៀម មិនអើពើជុំវិញសង្គ្រាមឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជានោះឡើយ ពោលនាងបានបង្ហាញវត្តមានជាមួយបងប្អូនខ្មែរនៅទីនោះ ដង្ហែជាក្បួនទាមទារឱ្យរដ្ឋាភិបាលប្រទេសកាណាដា និងប្រទេសមហាជនអំណាចធំៗ ជួយអន្តរាគមន៍ដើម្បីធានាសន្តិភាពនៅកម្ពុជា ជុំវិញជម្លោះជាមួយថៃ ។

ឡាយ លក្ខិណា បានឈរកាន់ទង់ជាតិខ្មែរ និងកាណាដា ជាមួយបងប្អូនដែលរស់នៅទីនោះជាច្រើនរូប នៅពីមុខស្ថានីយវិទ្យុផ្សាយសម្លេងរបស់ប្រទេសកាណាដា ក្រោមអាកាសធាតុដ៏ត្រជាក់ ក្នុងគោលបំណងអោយអន្តរជាតិជួយធានាសន្តិភាពនៅកម្ពុជា ជុំវិញជម្លោះជាមួយថៃ បើទោះបីជាពេលនេះ ប្រទេសទាំងពីរបានឈានដល់បទឈប់បាញ់ភ្លាមៗមួយកាលពេលថ្មីៗនេះក៏ដោយ ។

តាមរយៈរូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គមតារាចម្រៀងនាងឡាយ លក្ខិណា បានភ្ជាប់ជាមួយសំំណេរថា ការប្រកាសផ្អាកឈប់បាញ់72ម៉ោងរបស់ភាគីថៃ មិនបានបង្ហាញពីគោលជំហឈប់ឈ្លានពានរបស់ទាហានថៃមកលើកម្ពុជានោះទេ! ដូច្នេះ យើងខ្ញុំដែលជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកាណាដា ខេត្តគីប៉ឹក នៅតែបន្តក្រោកឈរ ធ្វើការបាតុកម្មអហិង្សានៅមុខស្ថនីយវិទ្យុកាណាដាទាំងអាកាសធាតុដ៏ត្រជាក់ ដើម្បីធ្វើការស្នើសុំដល់រដ្ឋាភិបាលនៃប្រទេសកាណាដា ក៏ដូចជាគ្រប់បណ្តាប្រទេស ដែលមានអំណាចធំៗទាំងអស់ សូមនូវការអន្តរាគមន៍មួយ ដែលអាចធានាបាននូវភាពជាក់លាក់ថា ប្រទេសកម្ពុជារបស់យើងនិងមានសន្តិភាព ចៀសផុតពីការរុករានពីសំណាក់ទាហ៊ានថៃស្រែកឃ្លានសង្គ្រាមបន្តទៅទៀត ! ពិសេស ឱ្យបងប្អូនយើងដែលរស់នៅតាមព្រំដែនកម្ពុជាថៃបានរស់នៅសុខសាន្តដូចដើមវិញ!Cambodia need peace ។

ដោយឡែក បើយោងតាមការប្រកាសរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា បានឱ្យដឹងថា ខ្មែរម៉ុងរេអាល់បានជួបជុំគ្នាធ្វើបាតុកម្មអហិង្សានៅខាងមុខស្ថានីយវិទ្យុ និងទូរទស្សន៍កាណាដា នាទីក្រុងម៉ុងរេអាល់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមសីតុណ្ហភាព-18អង្សា ដោយមានបងប្អូនខ្មែរចូលរួមប្រមាណជាង៣០០នាក់។

ថ្វីដ្បិតតែមានការផ្អាកឈប់បាញ់ក្នុងរយៈពេល៧២ម៉ោង ឬក៏ជាអចិន្ត្រៃយ៍យ៉ាងណាក៏ដោយ ក្នុងនាម ពួកយើងខ្ញុំជាជនជាតិកាណាដា ដើមកំណើតខ្មែរ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចុះខ្សោយនៃក្របខ័ណ្ឌការទូត ដែលប្រទេសកាណាដាធ្លាប់បានចូលរួមចំណែកកសាងជាប្រវត្តិសាស្ត្រ ។ គោលបំណងរបស់យើងខ្ញុំ ក្នុងការធ្វើបាតុកម្មនេះ គឺសូមស្នើសុំជាផ្លូវការដល់រដ្ឋាភិបាលកាណាដា៖
-បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការគោរពអធិបតេយ្យភាពទឹកដី និងច្បាប់អន្តរជាតិ
-គាំទ្រយ៉ាងសកម្ម ក្នុងការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធានាឱ្យមានការផ្ទៀងផ្ទាត់ការអនុវត្តន៍បទឈប់បាញ់
-ចូលរួមដោយផ្ទាល់ ក្នុងដំណើរការការទូត ដើម្បីធានាបាននូវសន្តិភាពប្រកបដោយនិរន្តរភាព និងការទទួល ខុសត្រូវ ។

ការរៀបចំបាតុកម្មនៅមុខការិយាល័យស្ថានីយរបស់វិទ្យុ និងទូរទស្សន៍កាណាដានេះ ក៏បញ្ជាក់ផងដែរនូវឆន្ទៈរបស់យើងខ្ញុំ ដែលចង់ឃើញសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមួយនេះត្រូវបានផ្សព្វផ្សាយដោយភាពម៉ឺងម៉ាត់ និងគោរពក្រមសីលធម៌សារព័ត៌មាន ដោយចៀសវាងការផ្សាយបន្តនូវរាល់ការលើកឡើងរបស់យោធាថៃ ដោយគ្មានការផ្ទៀងផ្ទាត់អង្គហេតុឱ្យបានត្រឹមត្រូវ និងមានតុល្យភាព។

ទន្ទឹមនឹងនោះ ក៏មានការចុះហត្ថលេខាលើញត្តិ ដើម្បីផ្ញើដាក់ជូនលោកនាយករដ្ឋមន្ត្រីកាណាដា ក្នុងការចូលរួមដោះស្រាយជម្លោះព្រំដែនរវាងខ្មែរ-ថៃ ដោយសន្តិវិធីផងដែរ។
បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយ សមាគមកីឡា ខ្មែរកាណាដា ដែលមិនស្ថិតក្រោមនិន្នាការគណបក្សនយោបាយ ឬក្រុមជ្រុលនិយមណាមួយឡើយ ៕




ចែករំលែកព័តមាននេះ