ខេត្តក្រចេះ ៖ ពលរដ្ឋរស់នៅតាមដងផ្លូវអមសង ខាងអូរខ្កាច់ ក្នុងភូមិស្រែឈូក ឃុំរលួសមាន ជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានផ្ទុះការតវ៉ាយ៉ាងប្រញាប់ប្រញាល់កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានបុគ្គលមួយក្រុមបានចុះមកប៉ុនប៉ងរុះរើលំនៅឋានរបស់ពួកគាត់ ដោយអះអាងថាជាតំណាងក្រុមហ៊ុនមួយ ប៉ុន្តែមិនព្រមបញ្ជាក់ឈ្មោះក្រុមហ៊ុនឡើយ នៅពេលក្រុមសារព័ត៌មានសាកសួរ។
តាមការរៀបរាប់របស់លោកស្រី លឹម មួយសែ អាយុ ៥៣ ឆ្នាំ ជាពលរដ្ឋរស់នៅទីតាំងខាងលើ បានឲ្យដឹងថា លោកស្រីបានមករស់នៅ និងអាស្រ័យផលលើដីជាប់ដងផ្លូវនេះមិនតិចជាង ១០ ឆ្នាំទេ ហើយមិនធ្លាប់មានបាតុភាពអ្វីកើតឡើងឡើយ ។ ទើបតែនៅចុងឆ្នាំ២០២៥ នេះ ស្រាប់តែមានមនុស្សមួយក្រុមអះអាងជាតំណាងក្រុមហ៊ុន បានចុះមកក្នុងគោលបំណងរុះរើលំនៅឋានរបស់លោកស្រី ដែលកំពុងរស់ នៅជាធម្មតា។
ក្រុមបុគ្គលទាំងនោះដែលមិនមែនជាសមត្ថកិច្ចស្របច្បាប់ទេ បានចូលទៅក្នុងលំនៅឋានរបស់ពលរដ្ឋដោយកាន់ឧបករណ៍រឹងៗ ក្នុងបំណងរុះរើ គាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ។ នៅពេលក្រុមសារព័ត៌មានព្យាយាមសួរឈ្មោះក្រុមហ៊ុន ក្រុមបុគ្គលទាំងនោះបានបដិសេធមិនប្រាប់ដាច់ខាត ហើយភ្លាមៗនោះពួកគេក៏ទូរស័ព្ទខ្វាត់ខ្វែងរួចនាំគ្នាឡើងរថយន្តចាកចេញបាត់អស់តែម្ដង។
លោក អ៊ូ គឹមអ៊ែរ មេឃុំរលួសមានជ័យ បានប្រាប់កោះសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា លោកមិនបានទទួលដំណឹងណាមួយពីតំណាង ក្រុមហ៊ុនស្ដីពីការរុះរើផ្ទះប្រជាពលរដ្ឋនោះទេប៉ុន្តែទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មាន ការចុះរុះរើផ្ទះពួកគេពិតប្រាកដមែន។ លោកមេឃុំបានបញ្ជាក់ថា ក្រុមហ៊ុនដែលគេបានឮឈ្មោះនោះ គឺឈ្មោះ អេ ស៊ី វើល (AC World) ។
ស្របពេលគ្នានេះ លោក ស៊ី ហៀង មេភូមិស្រែឈូក ក៏បានប្រាប់កោះសន្តិភាពដែរថា ការចុះរុះរើផ្ទះពលរដ្ឋនោះ គឺមិនមានការជូនដំណឹងដល់អាជ្ញាធរភូមិឡើយ។ លោកមេភូមិបន្ថែមថា ផ្ទះដែលត្រូវបានព្យាយាមរុះរើនោះ គឺជារបស់មន្ត្រីនគរបាលម្នាក់ ដែលបានរស់នៅជាង ១០ ឆ្នាំមកហើយ ហើយការរស់នៅរបស់គាត់បានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនណាស់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិ សេសគោក្របីរបស់ពលរដ្ឋមិនដែលបាត់បង់ទាល់តែសោះ។ លោកមេភូមិបានបញ្ជាក់បន្ថែមថា លោកពុំដែលបានដឹងថាមានក្រុមហ៊ុនឈ្មោះអីនោះទេ ទើបតែដឹងនៅក្នុងខែកញ្ញា ចុងឆ្នាំ២០២៥ នេះប៉ុណ្ណោះ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ