ខេត្តកំពង់ចាម ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់ក្បាលស្ពានគីស្ស៊ុណា ក្រុងកំពង់ចាម ដោយធ្វើជាបួនកន្លងមានសួនច្បារនៅកណ្ដាលលក្ខណៈធំទូលាយ សម្រាប់ប្រជាពលរដ្ឋបើកបរយានយន្តដោយងាយស្រួល។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញដាំដើមផ្កាជើងគោជានិមិត្តរូបនៅសង្ខាងផ្លូវជាតិ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ដោយផ្កានេះសម្រាប់លំអពណ៌ស្វាយលាយសនិងផ្ដល់ម្លប់សម្រាប់អ្នកបើកបរជ្រកមួយផ្នែកគឺអាចកាត់បន្ថយកម្ដៅថ្ងៃទៀតផង។

លោកនួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា: ក្រោមការយកចិត្តទុកដឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយបានពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ មកដល់ក្រុងកំពង់ចាម។ជាមួយនោះត្រូវបានឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ដើមផ្កាជើងគោចំនួន១៥០០០ដើម ដោយបានដាំកន្លងមកចាប់ពីជើងព្រៃ ព្រៃឈរកំពង់សៀមនិងក្រុងកំពង់ចាម ។ជាមួយនោះដើមផ្កាជើងគោនេះដាំនៅសល់ត្រូវដាំបន្តផ្លូវ 71″C”ពីររង្វង់មូលត្រើងដល់ទីរួមស្រុកចំការលើបន្ថែមទៀត។

គួររំលឹកថា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីដាំ ដើមផ្កាជើងគោ ជានិមិត្តរូប ចំនួន២០០ដើម លើផែនការ ១៥.០០០ដើម ដែលត្រូវបានធ្វើការដាំដុះ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណភាព នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ និងលម្អ សងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្តន់មកដល់ក្រុងកំពង់ចាម លម្អតាមសង្ខាងដងផ្លូវនិងជាម្លប់ត្រជាក់ គ្រាដែលធ្វើដំណើរតាមមធ្យោបាយនានា។

លោកប្រធានមន្ទីរបរិស្ថានខេត្តបញ្ជាក់ថាបើនិយាយពីដើមផ្កាជើងគោនេះគឺវាធុននឹងដីដែលមានថ្មក៏អាចដាំដុះបានដែរ។តែតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តដោយតម្រូវឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវថែទាំដើមជើងគោមួយដើម ពេលណាដើមនេះធំគឺអាចមានកម្ពស់ពី៦ទៅ៧ម៉ែត្រ ហើយមែកបែកសាខាសងខាង៥ទៅ៦ម៉ែត្រ។អត្ថប្រយោជន៍គឺផ្ដល់ម្លប់ ហើយពេលដែលផ្កាចេញពណ៌ស្វាយគឺមើលទៅស្រស់ស្អាតគួរឱ្យគយគន់។ប្រធានមន្ទីរបរិស្ថានសំណូមពរដល់អាជ្ញាធរមូលដ្ឋានពិសេសមេភូមិ ត្រូវឧស្សាហ៍ពិនិត្យមើលដើមជើងគោដែលដាំរួចក្នុងករណីបើមានដើមណាមួយងាប់ស្វិតស្រពោនត្រូវរាយការណ៍មកបរិស្ថានខេត្តដើម្បីយកដើមថ្មីទៅដាំជំនួសវិញ។

សូមបញ្ជាក់ថាផ្លូវជាតិលេខ៧ចាប់ពីរង្វង់មូលស្គន់មកដល់ក្រុងកំពង់ចាមមកដល់ពេលនេះស្ថាបនាបានជាង៧០% ហើយដោយឡែកក្រុមបច្ចេកទេសសាងសង់ផ្លូវកំពុងតែសម្រុកការងាររបស់ខ្លួនធ្វើយ៉ាងណាឲ្យរួចមុនផែនការគឺរួចមុនចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខ ។

ចែករំលែកព័តមាននេះ