ខេត្តយូណាន ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ។

កិច្ចប្រជុំនេះ មានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ៕



ចែករំលែកព័តមាននេះ