អូស្ត្រាលី ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា Brooke Phillips អាយុ៤០ឆ្នាំ អាចបន្តជីវិតបាននៅក្នុងរថយន្តពេលជាប់ផុងក្នុងភក់រយៈពេលជិតមួយសប្តាហ៍ ដោយសារតែផឹកទឹកនោម និងទឹកបាញ់កញ្ចក់។
នៅថ្ងៃកើតហេតុ Phillips បានបើករថយន្តភីកអាប់ ជាមួយនឹងសត្វឆ្កែ និងសត្វឆ្មារបស់នាង ស្រាប់តែបើកដល់ទីដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគេហៅថា Outback រថយន្តរបស់នាងក៏ជាប់ផុងនៅក្នុងដីភក់ស្រូប។

នៅយប់ថ្ងៃដំបូង នាងក៏បានផឹកទឹកដែលសល់នៅក្នុងរថយន្តរបស់នាងអស់។ នាងមិនបានទុកទៅពេលក្រោយទេ ដោយសារស្មានតែមានអ្នកជួយទាន់។ នៅពេលថ្ងៃឡើង កម្តៅឡើងដល់ទៅ៣៥អង្សាសេ ដែលតម្រូវឲ្យនាងផឹកទឹកកាន់តែច្រើន។ ដោយសារតែគ្មានទឹក នាងបានដាច់ចិត្តយកអាវយឺតរបស់នាង ដាក់បឺតទឹកបាញ់កញ្ចក់រថយន្ត ហើយពូតផឹក លុះអ្វីៗក៏អស់នាងក៏នោមផឹកថែមទៀត។
នាងបានប្រើប្រាស់ក្រណាត់នៅសល់ ដាក់ឲ្យសើម ហើយយកមកដាក់ហាលលើរថយន្ត ដើម្បីឲ្យរថយន្តត្រជាក់ ក្រោយពេលអស់សាំងមិនអាចបញ្ឆេះរថយន្តយកចំហាយត្រជាក់បាន។
វាពិតជាមិនអស្ចារ្យណាស់ ដែលកូនស្រីរបស់នាងអាយុ១៦ឆ្នាំអាចរកនាងឃើញ ក្រោយពីដើររកតាមផ្លូវដ៏វែងអន្លាយ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយរកឃើញថា នាងមិនមានបញ្ហាអ្វីឡើយ។ ទាំងសត្វឆ្កែ និងឆ្មារបស់នាង សុទ្ធតែមិនអីទាំងអស់។ នៅពេលនេះ នាងតែងតែដាក់ទឹកជាង២០លីត្រនៅក្នុងរថយន្តជាប់ជានិច្ច៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ