រាជធានីភ្នំពេញ ៖ ដូចបានបញ្ជាក់ជូនកាលពីថ្ងៃទី១១ កក្កដា ២០១៣ កន្លងមកនេះ ក្នុងពិធីបង្ហាញម៉ូតូ Suzuki Let’s Premium ថ្ងៃនេះ ក្រុមហ៊ុនអូ អឹម ស៊ី សហការជាមួយក្រុមហ៊ុន Cambodia Suzuki Motor របស់ប្រទេសជប៉ុន បាននាំមកជូនអស់លោក លោកស្រីនូវព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺពិធីបង្ហាញម៉ូតូស៊េរីថ្មីបំផុតទំនើបរបស់គ្រួសារ Suzuki និងជាម៉ូដែលពេញនិយមបំផុត ក្នុងចំណោមអ្នកប្រើប្រាស់គឺ Suzuki Smash-V ស៊េរីថ្មី២០១៤ ។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនាល្ងាចថ្ងៃទី២២ កក្កដា ២០១៣ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនអូ អឹម ស៊ី កាច់ជ្រុងស្តុបពេទ្យចិន ក្រោមអធិបតីភាពលោកឧកញ៉ាស៊ីវ ថៃ នាយកក្រុមហ៊ុនអូ អឹម ស៊ី និងលោកជំទាវ និងមានការអញ្ជើញចូលរួមពីលោក Kazuhiro Shiratori នាយកក្រុមហ៊ុន Cambodia Suzuki Motor និងលោកស្រី ព្រមទាំងអស់លោក លោកស្រី ដែលជាអ្នកលក់បន្តមកពីតាមបណ្តាខេត្ត-រាជធានីទូទាំងប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ។
ថ្លែងទៅកាន់អ្នកចូលរួមប្រកបដោយភាពសុទិដ្ឋិនិយម លោកឧកញ៉ាស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន OMC បានបញ្ជាក់ថា Suzuki បានយកចិត្តទុកដាក់ចំពោះទីផ្សារប្រទេសកម្ពុជាតាមរយៈការនាំយកនូវម៉ូដែលថ្មីៗរបស់ Suzuki ដូចជា Suzuki Let’s Sporty, Suzuki nex FI និង Suzuki Let’s Premium មកផ្តល់ជូនតាមតម្រូវការអ្នកប្រើប្រាស់គ្រប់ស្រទាប់ ។ លោកអះអាងថា ម៉ូតូ Suzuki Smash-V ស៊េរីថ្មី២០១៤ ពិតជាស្អាត ពិតជាសង្ហារ ពិតជាប្លែក និងពិតជាទាក់ទាញលើសពី Model ដែលមាននៅទីផ្សារបច្ចុប្បន្ន ។
លោក Kazuhiro Shiratori នាយកក្រុមហ៊ុន Cambodia Suzuki Motor បានគូសបញ្ជាក់ថា ម៉ូតូ Smash-V របស់យើង បាននិងកំពុងទទួលនូវកេរ្តិ៍ឈ្មោះដ៏ល្អប្រសើរចាប់តាំងពីបានបង្ហាញនៅក្នុងឆ្នាំ២០១០ មកជាពិសេសចំពោះម៉ាស៊ីនរបស់វា ដែលមានគុណភាពល្អឥតខ្ចោះជាមួយការសន្សំសំចៃប្រេងប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ព្រមទាំងសំឡេងម៉ាស៊ីនស្ងាត់ៗល្អ ដែលសមស្របតាមការចង់បានរបស់អតិថិជនប្រកបដោយវិសាលភាពកាន់តែធំទូលាយចាប់តាំងពីតំបន់ជនបទរហូតដល់ទីក្រុង ព្រមទាំងបំពេញបានតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ម៉ូតូសម្រាប់គ្រប់គោលបំណងទាំងអស់ ។
ម៉ូតូ Smash-V ស៊េរីថ្មីឆ្នាំ២០១៤ បានកែច្នៃនៃការរចនាម៉ូដតែមថ្មីប្រកបដោយគំរូប្លង់ ដែលមានលក្ខណៈស៊ីវិល័យ ស្របតាមនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ កុងទ័រត្រូវបានផ្លាស់ប្តូរពណ៌ថ្មីទាំងស្រុងតែម្តង ដូច្នេះលោកជឿជាក់ថា រាល់គំរូប្លង់រចនាម៉ូដថ្មីៗបែបនេះ ប្រាកដជាផ្តល់ដល់អតិថិជននូវអារម្មណ៍ដិតដាមថ្មីកាន់តែទាក់ទាញកម្រិតលំដាប់ខ្ពស់នៃម៉ូតូ Smash-V ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោកជឿជាក់ថា ម៉ូតូ Smash-V ស៊េរីថ្មីនេះ នឹងផ្តល់នូវភាពពេញចិត្តយ៉ាងពេញលេញដល់អតិថិជនកាន់តែខ្លាំងជាងមុន ហើយការលក់នឹងមានការកើនឡើងប្រកបដោយភាពរឹងមាំ ៕




ចែករំលែកព័តមាននេះ