ខេត្តសៀមរាប ៖ ជារឿងដ៏គួរឱ្យសោកស្ដាយមួយ ដែលព្រះពុទ្ធបដិមាលោកយាយគម ជាទីគោរពសក្ការៈបូជារបស់ដូនតាខ្មែរនៅប្រាសាទអង្គរធំ ក្នុងតំបន់បរិវេណប្រាសាទបាយ័ន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានជនអគតិខ្វះការគិតពិចារណាយកថ្នាំពណ៌ទៅគូសលើព្រះភ័ក្ត្រក្រវេមក្រវាមរបស់លោកយាយគួរឱ្យស្រណោះ។
មន្ត្រីអាជ្ញាធរអប្សរា និងប៉ូលិសដែលប្រចាំការនៅប្រាសាទអង្គរធំនោះ បានលួចខ្សឹបប្រាប់ថា រូបសំណាករបស់លោកយាយគម ដែលដាក់តាំងនៅតាមច្រកផ្លូវចូលប្រាសាទអង្គរធំ ត្រូវជនមិនស្គាល់មុខនាំគ្នាយកក្រេម និងពណ៌ផ្សេងមកគូសវាសនោះ គឺអត់ចំវេនយាមរបស់ពួកគាត់ទេ ដែលមានទីតាំងស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ជុំវិញករណីខាងលើនោះដែរ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឆ្លើយយ៉ាងខ្លីប្រាប់បណ្តាញសង្គមហ្វេសប៊ុកកន្លងទៅថ្មីនេះថា មិនបានដឹងឮអំពីរឿងនេះទេ ព្រោះមិនដឹងអ្នកណាជាអ្នកទៅគូសវាសលើរូបសំណាក់នោះឡើយ ធម្មតាមនុស្សទៅលេងច្រើន ហើយម៉ោងប្រចាំការខុសគ្នា ពេលខុសគ្នា ធ្វើម៉េចអាជ្ញាធរទៅដឹងថា តើអ្នកណាជាអ្នកធ្វើនោះ?
នៅពេលសួរថា តើអាជ្ញាធរនឹងមានវិធានការណ៍បែបណា ក្រោយកើតឡើងករណីបែបនេះ ដើម្បីរកជនដែលបានប្រព្រឹត្តិនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់? លោកបានឆ្លើយទៀតថា ពិបាកដែរ បើឱ្យទៅរកអ្នកណាជាអ្នកប្រព្រឹត្តិនោះ? គ្រាន់តែអាចទាក់ទងសួរទៅកាន់មន្ត្រីអាជ្ញាធរតែប៉ុណ្ណោះ ចំពោះរកជនដែលប្រព្រឹត្តិពិតជាពិបាកណាស់។
លោកបញ្ជាក់ទៀតថា មិនដឹងជាគេគូសវាសដើម្បីអីទេ? ហើយអ្នកគូសនោះប្រហែលជាមិនបានដឹងថា ប្រពៃណីទំនៀមទម្លាប់ជាអ្វីឡើយ? លោកបញ្ជាក់បន្ថែមទៀតថា ហើយនេះក៏មិនមែនជារឿងដែលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។ លោកលើកឡើងទៀតថា ប្រហែលជារឿងនេះកើតឡើងនៅម៉ោងក្រោយបុគ្គលិកទៅបំពេញការងាររបស់អាជ្ញាធរ។
ជាធម្មតាស្ថិតនៅក្នុងតំបន់ដែលជាបេតិកភណ្ឌពិភពលោកបែបនេះ តែងមានអាជ្ញាធរចុះហាមឃាត់ភ្លាមៗ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង និងហាមមិនឱ្យប៉ះពាល់រាល់វត្ថុបុរាណ និងសកម្មភាពណាដែលឆ្គាំឆ្គងជាដាច់ខាត។
គួរបញ្ជាក់ផងដែរថា ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលទៅទស្សនាកំសាន្តនៅក្នុងទឹកដីខេត្តសៀមរាប តែងតែនាំគ្នាទៅដើរលេងនៅតាមតំបន់ប្រាសាទនានាក្នុងរមណីយ៍ដ្ឋានអង្គរ បានរិះគន់ទៅលើអាជ្ញាធរជាតិអប្សរាថា រូបសំណាកទាំងមូល បែរជាឱ្យមនុស្សមកនាំគ្នាគូសវាសតាមអំពើចិត្ត៕
ចែករំលែកព័តមាននេះ