ខេត្តកំពង់ស្ពឺ ៖ ចោរលួចម៉ូតូម្នាក់ បានត្រូវអ្នកភូមិនិងម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ក្រោយពីជនសង្ស័យលួចយកម៉ូតូប្រុងជិះរត់គេច ខណៈម្ចាស់ទុកម៉ូតូភ្លេចដកសោ ហើយដើរទៅមើលម៉ាស៊ីនច្រូតស្រូវ ។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១និង៥នាទីរសៀលថ្ងៃទី១៧
ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បុរសឈ្មោះ ផុន សុភ័ក្ត្រ អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង បានឃាត់ខ្លួនឈ្មោះ ហោន រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង ។ ក្រោយពីឃាត់ខ្លួនបាន ក៏យកមកប្រគល់ឱ្យមកសមត្ថកិច្ច ពាក់ព័ន្ធនឹងករណីលួចម៉ូតូរបស់គាត់ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ព្រៃវែង ១E-១៣២៣ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្បែរស្ទឹងតូចដែលទើបកសាងនៅខាងត្បូងភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ចម្ងាយប្រមាណ៧០០ម៉ែត្រ ដោយមិនបានដកកូនសោចេញទេ ហើយដើរទៅមើលម៉ាស៊ីនច្រូតស្រូវ ។
នៅពេលឃើញឱកាសល្អ និងទំនងពេក ជនសង្ស័យខាងលើក៏បានលួចម៉ូតូ ហើយព្យាយាមជិះរត់គេច តែម្ចាស់ឃើញទាន់ស្រែកថាចោរៗ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយតាមចាប់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានលួចម៉ូតូខាងលើប្រាកដមែន ។ ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ