ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​ក្រុង​សៀមរាប​ឡើង​តិចតួច បើ​ធៀប​នឹង​ខេត្ត​សក្ដានុពល​ផ្សេង​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន Key Real Estate បាន​រក​ឃើញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុង​សៀមរាប​បាន​កើនឡើង​តិចតួច បើ​ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃ​ទៀត ដោយសារ​តែ​ដី​នៅ​ក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​វ័យ​ចំណាស់​មួយ​នេះ​បាន​កើន​ខ្ពស់​រួច​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន Key Real Estate បាន​រក​ឃើញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុង​សៀមរាប​បាន​កើនឡើង​តិចតួច បើ​ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃ​ទៀត ដោយសារ​តែ​ដី​នៅ​ក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​វ័យ​ចំណាស់​មួយ​នេះ​បាន​កើន​ខ្ពស់​រួច​ទៅ​ហើយ ។

ការ​សិក្សារ​បាន​ឲ្យ​ដឹង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា តម្លៃ​ដី​នៅ​ក្នុង​ក្រុង​សៀមរាប មាន​តម្លៃ​ចាប់ពី ១០០​ដុល្លារ​ទៅ​ដល់​៥.៥០០​ក្នុង​១​ម៉ែត្រការ៉េ​។ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប កាលពី​ឆ្នាំ​មុន មិន​បាន​កើន​ច្រើន​ទេ ព្រោះ​ខេត្តសៀមរាប​ជា​កន្លែង​ដែល​មានការ​អភិវឌ្ឍ និង​ដី​មាន​តម្លៃ​កើន​ខ្ពស់​ជា​យូរ​មក​ហើយ ។

ការ​សិក្សា​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ​២០១៨ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប​កើនឡើង​ចន្លោះ​ពី​៥​ទៅ​១០​ភាគរយ​តែ​ប៉ុណ្ណោះ ខុស​ពី​ខេត្ត​ព្រះ​សីហ​នុ ដែល​ដី​បាន​កើនឡើង​យ៉ាង​ខ្ពស់ ដោយសារ​ទីនោះ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី និង​មាន​ភ្ញៀវ​ជនជាតិ​ចិន​ជា​ច្រើន​ទៅ​សម្រាក​កម្សាន្ត ។

ជាមួយ​គ្នា​នេះ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ​ផង​ដែរ ដោយ​យោង​តាម​របាយការណ៍​បញ្ចប់​នៃ​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា រមណីយដ្ឋាន​អង្គរ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន​២,៥៩​លាន​នាក់​កើនឡើង​៥,៤៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដោយ​រក​ប្រាក់​ចំណូល​បាន​ជាង​១១៦,៦៤​លាន​ដុល្លារ កើន​៨​ភាគរយ ។

លោក ចៅ សេង​ថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service Co., Ltd. បាន​មាន​ប្រសាសន៍​ថា តម្លៃ​ដីធ្លី​ក្នុង​ក្រុង​សៀមរាប និង​បណ្តា​តំបន់​ជុំវិញ​ផ្លូវ​ក្រវាត់ក្រុង​បាន​កើនឡើង​ខ្លាំង ដោយសារ​គម្រោង​វិនិយោគ​ជា​ច្រើន​បាន​ចាប់ផ្តើម ហើយ​លំហូរ​វិនិយោគ​ចិន អ្នក​វិនិយោគ​ក្នុងស្រុក និង​អ្នក​វិនិយោគ​អន្តរជាតិ​ដទៃ​ទៀត​បាន​ចូល​មក​កាន់តែ​ច្រើន ធៀប​នឹង​បណ្តា​ប៉ុន្មាន​ឆ្នាំ​មុន ។

លោក​បន្ត​ថា ការ​មក​ដល់​នៃ​ផ្សា​របោះ​ដុំ MAKRO, ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នៅ​ស្រុក​សូទ្រនិគម និង​គម្រោង​ធំ​ៗ​ដទៃ​ទៀត នឹង​ធ្វើ​ឲ្យ​ខេត្តសៀមរាប​កាន់តែ​រីក​ចម្រើន​នា​ពេល​អនាគត ។
លោក​បន្ត​ថា ៖« វា​ដល់​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ផ្ទុះ​នៅ​ក្រុង​សៀមរាប​ហើយ វា​ជា​ខេត្ត​លែង​ពឹងផ្អែក​តែ​វិស័យ​ទេសចរណ៍​តែ​មួយ​មុខ​ហើយ » ។

សៀមរាប​គឺជា​គោលដៅ​អភិវឌ្ឍន៍​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​កម្ពុជា ។ ការ​អភិវឌ្ឍ​ខេត្តសៀមរាប​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សន្ទុះ​ខ្លាំង ដោយសារ​តែ​វា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ខេត្តសៀមរាប ក៏​មានការ​មមាញឹក​ផង​ដែរ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​កន្លង​មក​ថា ក្រុង​សៀមរាប​ឲ្យ​តែ​ចេញ​ផុត​ពី​តំបន់ ដែល​ស្ថិត​ក្នុង​ការ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ជា​តំបន់​មានការ​អភិវឌ្ឍ​លឿន ប៉ុន្តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ក្រុង​សៀមរាប មិនលឿន​ដូច​ក្រុងព្រះសីហនុ ឬ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ តែ​ការ​អភិវឌ្ឍ​បាន​និង​កំពុង​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ ។

លោក​បន្ត​ថា ដោយសារ​ក្រុង​សៀមរាប កាន់តែ​មានការ​អភិវឌ្ឍ​លឿន ការ​កកស្ទះ​ចរាចរណ៍​កំពុង​កើន​ឡើង​ដែរ ដូច្នេះ​ហើយ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​តំបន់​ជាយក្រុង ជា​ដំណោះស្រាយ​សម​ស្រប​​មួយ។ លោក​មាន​ប្រសាសន៍​ថា ៖« នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​នៅ​តំបន់​ណា តំបន់​នោះ​នឹង​ទាក់ទាញ​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ