ការងារ​បណ្ដែត​ក្លាយជា​ជ​ម្រើស​ថ្មី​សម្រាប់​យុវជន​កម្ពុជា


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​កិច្ចការរដ្ឋបាល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មកគេ​សង្កេត​ឃើញ​យុវជន​ខ្មែរ​ភាគច្រើន​មាន​បំណង​ចង់​ធ្វើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ជាង​វិស័យ​ឯកជន បើ​ទោះបីជា​ការ​ជ្រើសរើស​មន្ត្រី​នៅ​តាម​ក្រសួង ស្ថាប័ន​នីមួយ​ៗ​មាន​តិចតួច​ក្ដី ក៏​ពួក​គេ​នៅ​តែ​ព្យាយាម​ដាក់​ពាក្យ​ចូល​បម្រើ​ការ​ដែរ ទោះជា​ធ្វើការ​ជា​មន្ត្រី​បណ្ដែត ឬ​ជាប់កិច្ចសន្យា​ក្ដី ដែល​ធ្វើ​ឲ្យ​ការងារ​បែប​នេះ​ក្លាយជា​ជម្រើស​ថ្មី​មួយ​សម្រាប់​យុវជន​នា​ពេល​បច្ចុប្បន្ន ។

បើ​តាម​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​បំពេញការងារ​ផ្នែក​ហិរញ្ញវត្ថុ នៅ​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា បើ​ទោះជា​មិន​មាន​ក្របខ័ណ្ឌ តែ​ក៏​មានការ​យកចិត្តទុកដាក់​ពី​ក្រសួង​ស្ថាប័ន​ដូច​គ្នា ហើយ​អាច​មានឱកាស​ក្លាយជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ ប្រសិនបើ​មាន​សមត្ថភាព ឧស្សាហ៍​ព្យាយាម និង​បុគ្គលិកលក្ខណៈ​គ្រប់គ្រាន់ ។

លោក ម៉ី វឌ្ឍនៈ មន្ត្រី​ជាប់កិច្ចសន្យា​រូប​នេះ​បាន​បន្ដ​ថា ៖« អ្នកធ្វើការ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ល្អ​ប្រសើរ​ដែរ ដូច​ជា ប្រាក់ខែ ចំណេះដឹង និង​ជំនាញ ពិសេស​គឺ​ពិសោធន៍​ការងារ​។ លើស​ពី​នេះ ប្រសិនបើ​យើង​ធ្វើការ​ល្អ មាន​សមត្ថភាព ស្នាដៃ និង​ត្រូវ​បាន​ថ្នាក់លើ​វាយតម្លៃ​គ្រប់គ្រាន់ យើង​មានឱកាស​ក្លាយជា​មន្ត្រី​ពេញ​សិទ្ធិ​នៅ​ថ្ងៃ​អនាគត »​។ លោក​បន្ដ​ថា ៖« ជា​ធម្មតា មន្ត្រី​ជាប់កិច្ចសន្យា​តែងតែ​ទទួល​ការងារ​ច្រើន​ពី​មន្ត្រី​ក្របខ័ណ្ឌ​។ លើស​ពី​នេះ អ្វី​ដែល​រាជរដ្ឋាភិបាល​ចូល​ចិត្ត​ប្រើ​មន្ត្រី​ជាប់កិច្ចសន្យា​នោះ គឺ​ដោយសារ​ចំណាយ​ប្រាក់ខែ​តិច តែ​ទទួល​បាន​ប្រសិទ្ធិ​ភាព​ការងារ​ខ្ពស់ »​។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ឹ​ម​សុរិយា មាន​ប្រសាសន៍​ថា ៖« កាលពី​ឆ្នាំ​២០១៨​កន្លង​មកនេះ យើង​មាន​មន្ត្រី​ជាប់កិច្ចសន្យា​៥០០​នាក់ តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ ។ តាម​បទ​ពិសោធន៍​កន្លង​មក មន្ត្រី​ជាប់កិច្ចសន្យា​ពួក​គាត់​ធ្វើការ​បាន​ច្រើន អ្នកខ្លះ​ធ្វើការ​រហូត​ល់​៥​ឆ្នាំ ហើយ​ព្យាយាម​ប្រលង​ចូល​ក្របខ័ណ្ឌ​ដែរ តែ​មិន​ជាប់ ហើយ​ពួក​គាត់​នៅ​តែ​សុខចិត្ត​ធ្វើការ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ជាមួយ​ក្រសួង​ដដែល »​។ លោក​បន្ត​ថា ៖« យើង​ត្រូវការ​មន្ត្រី​ជាប់កិច្ចសន្យា​ច្រើន ដោយសារ​យើង​ខ្វះ​មន្ត្រី​ក្របខ័ណ្ឌ​។ ដូចនេះ​បានជា​ក្រសួង​មុខងារសាធារណៈ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ឱ្យ​យើង​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​ខ្លះ​ធ្វើ​ការងារ​»​។ លោក​ថា ៖« បើ​យើង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ច្រើន វា​ធ្វើ​ឱ្យ​ប៉ោង​នូវ​ចំនួន​មន្ត្រីរាជការ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ច្រើន »​។

តាម​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ គិត​មក​ដល់​បច្ចុប្បន្ន ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​នីមួយ​ៗ​មានការ​ងារ​ច្រើន​, មានកម្ម​វិធី​ប្រជុំ​ច្រើន ,​មាន​គម្រោង​ក៏​ច្រើន ដូចនេះ​មិន​អាច​ធ្វើ​ឱ្យ​មន្ត្រី​ក្របខ័ណ្ឌ​អាច​រ៉ាប់រង​ការងារ​បាន​ទាំង​អស់នោះ​ទេ ដែល​ទាមទារ​ឱ្យ​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​វា​ជា​ការ​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​នៃ​រាជការ​ស៊ី​វិលរបស់​រាជរដ្ឋាភិបាល ។ លោក​បណ្ឌិត​បន្ត​ថា ៖« មន្ត្រី​ក្របខ័ណ្ឌ​ខ្លះ​មិន​បាន​មក​ធ្វើការ គាត់​យក​ពេលវេលា​ទៅ​បង្កើត​មុខរបរ ឬ​ជំនួញ​នៅ​ខាងក្រៅ ។ ទាំងនេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ជួប​ប្រទះ ។ ដូចនេះ ការ​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា គឺជា​ការ​ពញ្ញាក់​ស្មារតី​មួយ មុន​នឹង​ឱ្យ​ក្របខ័ណ្ឌ​ទៅ​ជា​មន្ត្រីរាជការ ត្រូវ​មើល​ពួក​គាត់​ជា​មុន​សិន ថា​គាត់​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ​បែប​ណា ប្រ​សិន​បំពេញ​បាន​ល្អ ទៅ​អនាគត​គេ​នឹង​ផ្តល់​ក្របខ័ណ្ឌជូន »​។

លោក​បណ្ឌិត​បន្ត​ថា ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ឱ្យធ្វើ​ការ​ក្នុង​ស្ថាប័ន ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​សន្សំ​ថវិកា​បាន​ច្រើន ព្រោះ​មន្ត្រី​ជាប់កិច្ចសន្យា​ពួក​គាត់​ធ្វើការ​មាន​រយៈពេល​កំណត់ អីចឹង​នៅ​ក្នុង​រយៈពេល​ណាមួយ គម្រោង​ធំ​មួយ​ត្រូវ​បញ្ចប់ ក្រុម​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​នឹង​លុប​បំបាត់​ទៅ​វិញ ។ ដូច្នេះ​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​សន្សំ​ថវិកា​បាន​ច្រើន »​។

បន្ថែម​លើ​នេះ លោក​ស្មើ​ឱ្យ​រាជរដ្ឋាភិបាល​គួរ​ជ្រើសរើស​មន្ត្រីរាជការ​មិន​ចាំបាច់​មាន​ក្របខ័ណ្ឌ​រដ្ឋ​នោះ​ទេ គឺ​មន្ត្រីរាជការ​ទទួល​ធ្វើ​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​ដូច​មន្ត្រី​ជាប់កិច្ចសន្យា​ដែរ ។ លោក​ថ្លែង​ថា ៖« យើង​អាច​ធ្វើ​កុងត្រា​២​ឆ្នាំ​ម្តង​ៗ បើសិន​គាត់​ធ្វើការ​មិនល្អ ឬ​មិន​បំពេញការងារ ឱ្យ​គាត់​បញ្ចប់​កិច្ចសន្យា​ដូច​ទៅ​នឹង​ក្រុមហ៊ុន​ឯកជន​ដែរ ។ អីចឹង​យើង​មើលទៅ​ប្រាក់​ឈ្នួល​ពលកម្ម​ក៏​ខ្ពស់​ដូច​វិស័យ​ឯកជន ហើយ​ការ​បំពេញការងារ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ស្ថាប័នឯកជន បើ​គាត់​មិន​ធ្វើ ឱ្យទៅ​រក​កន្លែង​ផ្សេង ។​ម្នាក់​ៗ​ខំ​បង្កើត​អំពើ​ពុក​រលួយ​ចង់​តែ​ប្រលង​ចូល​មន្ត្រីរាជការ ហើយ​មិន​ធ្វើ​អី យក​ពេល​ទៅ​ធ្វើការ​ខាងក្រៅ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​ច្រើន »៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ